ប្លែក​ចិត្ត​នឹង​ហេតុ​ផល​គំនូរ Street Art នៅ​ប៊ូ​ឌីង​ពី​ជន​ជាតិ​អាមេរិក


ប្លែក​ចិត្ត​នឹង​ហេតុ​ផល​គំនូរ Street Art នៅ​ប៊ូ​ឌីង​ពី​ជន​ជាតិ​អាមេរិក

ធ្លាប់​តែ​ឃើញ​ផ្ទាំង​ប៉ា​ណូ​ផ្សាយ​ពាណិជ្ជកម្ម​ធំ​ៗ​ដាក់​តាម​ជញ្ជាំង​អគារ​ទំនើប​ហូរហែ​តាម​ដង​ផ្លូវ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ តែ​នៅ​លើ​អគារ​ចំណាស់​ពុក​ផុយ​មួយ​នៅ​ប៊ូឌីង គេ​ឃើញ​មាន​ផ្ទាំង​គំនូរ​ល្អ​​ទំនើប​មួយ គូរ​​​ដោយ​ជន​ជាតិ​អាមេរិក​បង្ហាញ​ខ្លួន​យ៉ាង​សង្ហា។

 

 

ប្លែក​ចិត្ត​នឹង​ហេតុ​ផល​គំនូរ Street Art នៅ​ប៊ូ​ឌីង​ពី​ជន​ជាតិ​អាមេរិក

 

 

អ្នក​គូរ​​​នោះ​មាន​ឈ្មោះ​ថា Mac ទើប​មក​លេង​កម្ពុជា​ជាង​មួយ​អាទិត្យ​ប៉ុណ្ណោះ។ នេះ​បើ​តាម​សមាជិក​ក្រុម​ការងារ​ម្នាក់​ក្នុង​ការ​គំនូ​នេះ ឈ្មោះ ឆា​លី​ ប្រាប់ sabay។ លោក ឆា​លី បន្ត​ថា​ លោក Mac ចូលចិត្ត​រក​ជញ្ជាំង​ទំនេរ​គូរ​គំនូរ​សិល្បៈ​ណាស់។ ថ្ងៃ​មួយ ក្រុម​ការងារ​លោក​ដើរ​ស្វែង​រក​ជញ្ជាំង​ដើម្បី​បាញ់​ថ្នាំ​គូរ​​គំនូ​រ​នៅ​លើ​ដំបូល​អគារ​ប៊ូ​ឌីង ចៃដន្យ​ក៏​ពេញ​ចិត្ត​នឹង​ជញ្ជាំង​ផ្ទះ​របស់​ស្ត្រី​ម្នាក់ ក៏​សុំ​បាញ់​ថ្នាំ​គូ​រនៅ​ទី​នោះ​ទៅ។ ​​

 

​​​គាប់​ជួន​​​​ស្ត្រី​​​​ម្ចាស់​ផ្ទះ​​ ដែល​មាន​ឈ្មោះ​​ថា ​​លាង ​នោះ​កំពុង​ច្នៃ​​សំពត់​ដែល​មាន​គំនូរ​ក្បាច់​បុរាណ​ខ្មែរ​ផង ​ក្រុម​ការងារ​ Street Art ​​ចាប់​អារម្មណ៍​​ស្រលាញ់​ទិដ្ឋភាព​នោះ​យ៉ាង​ខ្លាំង។ ​ដោយសារ​ស្ត្រី​នោះ​ក៏​ជា​អតីត​អ្នក​គូរ​គំនូរ​សិល្បៈ​បុរាណ​ម្នាក់​ដែរ​កាល​ពី​ជាង​២០​ឆ្នាំ​មុន ​គួប​ផ្សំ​នឹង​លោកMac ចង់​លើក​តម្កើង​ផ្នែក​សិល្បៈ​គំនូរ​ស្រាប់​ផង ​លោក​ក៏​សុំ​រូប​​​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​​​​មក​គូរ​​​ជា​គំនូរ​លើ​ជញ្ជាំង​អគារ​ប៊ូ​ឌីង​ដ៏​ធំ​ដូច​ប្រិយ​មិត្ត​ឃើញ​តែ​ម្ដង​។

 

 

​លោក ឆា​លី និយាយ​ថា ការ​គូរ​បែប​នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​សម្រាប់​លោក Mac។ ប៉ុន្មាន​ថ្ងៃ​មុន ក៏​បាន​គូ​រនៅ​ម្ដុំ​ស្ពាន​ជ្រោយ​ចង្វារ​ដែរ​ តែ​ខាង​ប៉ូលិស​គេ​ដេញ ​​​ដោយ​ថា ​នោះ​ជា​ការ​បង្ក​សណ្តាប់ធ្នាប់​មិន​ល្អ​ក្នុង​ក្រុង។ ​ការ​ស្រឡាញ់​ Street Art ​នេះ​លោក​គិត​​ថា ​​​ជា​ជាង​ទុក​ជញ្ជាំង​ខ្មៅ​ពុក​ផុយ​​​​​ចោល បើ​ដាក់​ពណ៌​មាន​រូប​ភាព​​លើ​អគារ​បែប​នេះ​ស្រស់​ស្អាត​ជាង ដោយ​មិន​ប្រើ​ជក់​គូ​ទេ គឺ​ប្រើ​កំប៉ុង​ស្ព្រាយ​បាញ់​យក​តែ​ម្ដង។

 

 

លោក​ឆា​លី បញ្ជាក់​ថា​ រាល់​ការ​គូរ​ម្ដង​ៗ​លោក ​Mac​ ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន គ្មាន​ទទួល​បាន​​ការ​ឧបត្ថម្ភ​ពី​នរណា​ឡើយ។ លោកMac ចង់​បន្សល់​អនុស្សាវរីយ៍​មួយ​នៅ​កម្ពុជា​មុន​ពេល​ត្រលប់​ទៅ​អាមេរិក គឺ​ចង់​គាំទ្រ​និង​លើក​តម្កើង​សិល្បៈ​គំនូរ ៕

 

 

ប្លែក​ចិត្ត​នឹង​ហេតុ​ផល​គំនូរ Street Art នៅ​ប៊ូ​ឌីង​ពី​ជន​ជាតិ​អាមេរិក

 

ប្លែក​ចិត្ត​នឹង​ហេតុ​ផល​គំនូរ Street Art នៅ​ប៊ូ​ឌីង​ពី​ជន​ជាតិ​អាមេរិក

 

ប្លែក​ចិត្ត​នឹង​ហេតុ​ផល​គំនូរ Street Art នៅ​ប៊ូ​ឌីង​ពី​ជន​ជាតិ​អាមេរិក

 

 

សូមអាន ៖  ​គយគន់​ទេសភាព​វាល​ស្រែ​នារ​រដូវ​ច្រូត​កាត់

 

 

អត្ថបទ៖ លឹម សុ​នា