ឳ​ពុក​ម្តាយ​ទាំង​៨​ប្រភេទ​ដែល​កូន​ស្អប់​

ឳ​ពុក​ម្តាយ​ទាំង​៨​ប្រភេទ​ដែល​កូន​ស្អប់​

​មានពេលខ្លះ​ឳ​ពុក​ម្តាយ​បាន​ធ្វើ​នូវ​រឿង​មួយ​ចំនួន​ដែល​គិតថា​វា​ល្អ​ចំពោះ​កូន ប៉ុន្តែ​កូន​បែរ​ជា​ស្អប់​ទៅវិញ ដូចនេះ​អ្នក​ត្រូវ​តែ​ចេះ​សង្កេត​ពី​អារម្មណ៍​របស់​កូន​ដើម្បី​កុំឱ្យ​គេ​ស្អប់​អ្នក​ឱ្យសោះ​។ តើ​មាន​ឳ​ពុក​ម្តាយ​បែបណា​ដែល​កូន​ស្អប់​នោះ​?

ប្រាប់​អាថ៌កំបាំង​កូន​ដល់​បងប្អូន មិត្តភក្តិ​
នៅពេល​ដែល​កូន​មាន​ទម្លាប់​អាក្រក់​អ្វីមួយ អ្នក​មិន​ត្រូវ​និយាយ​ប្រាប់​អ្នក​ដទៃ​នៅ​ចំពោះមុខ​កូន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កិត្តិយស​កូន ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​កូន​ស្អប់​អ្នក​បាន​។​

ការ​និយាយប្រាប់​កូន​ថា “​ម៉ាក់​និយាយ​បែបនេះ​គឺ​បែបនេះហើយ ព្រោះ​ដើម្បី​កូន​ល្អ​”

អ្នក​មិន​ត្រូវ​ប្រើ​អំណាច​ដើម្បី​អប់រំ​កូន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​គេ​កាន់តែ​ប្រឆាំង​នឹង​អ្នក​រឹតតែ​ខ្លាំង​ជាង​មុន​ទៅទៀត​។​

“​កូន​ធំ​ជាង​ប្អូន ត្រូវ​តែ​ឱ្យ​ប្អូន​”

តំណែង​ក្នុង​គ្រួសារ​មិន​មែន​កូន​អាច​សម្រេច​បាន​ឡើយ ដូចនេះ​នៅពេលដែល​គេ​ដណ្តើម​របស់​គ្នា អ្នក​មិន​ត្រូវ​ប្រើ​ពាក្យ​ខាងលើ​ដើម្បី​និយាយ​ជាមួយ​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​បាក់​ទឹក​ចិត្តបាន ហើយ​ស្អប់​អ្នក​ជាមិនខាន​។​

ការ​មិន​ជឿជាក់​ចំពោះ​កូន​
នៅពេល​ដែល​កូន​និយាយ​ជាមួយ​អ្នក អ្នក​មិន​ត្រូវ​ប្រើ​ពាក្យ​ណា​ដែល​សង្ស័យ​ពី​ពាក្យសម្តី​កូន​មក​និយាយ​ជាមួយ​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​មិន​ចង់​ចែករំលែក​ជាមួយ​អ្នក ហើយ​គេ​នឹង​ទៅ​ចែករំលែក​ជាមួយ​មិត្ត​របស់​គេ​ច្រើន​ជាង​អ្នក​។​

ការប្រើ​ការ​សើចចំអក ដើម្បី​កែ​ទម្លាប់​របស់​កូន​
នៅពេល​ដែល​កូន​មាន​ទម្លាប់​អាក្រក់ ឬ​ទម្លាប់​មិន​ល្អ អ្នក​មិន​ត្រូវ​ប្រើការ​សើចចំអក​ដើម្បី​កែប្រែ​កូន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ស្អប់​អ្នក ដូចនេះ​អ្នក​អាច​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​កែប្រែ​កូន​តាម​សម្រួល នោះ​កូន​នឹង​មិន​ស្អប់​អ្នក​ឡើយ​។​

អ្នក​វ៉ៃ​កូន​បាន ប៉ុន្តែ​កូន​មិន​អាច​វ៉ៃ​អ្នកដទៃ​
នៅពេល​ដែល​អ្នក​អប់រំ​កូន​មិន​ឱ្យ​វ៉ៃ​អ្នកដទៃ ប៉ុន្តែ​អ្នក​បែរជា​វ៉ៃ​កូន​ទៅវិញ នេះ​ជា​ទង្វើ​ដែល​ធ្វើឱ្យ​កូន​មិន​ស្តាប់​អ្នក ហើយ​ថែមទាំង​ស្អប់​អ្នក​ទៀតផង ព្រោះ​គេ​យល់​ថា​អ្នក​មិន​ស្រលាញ់​គេ ទើប​វ៉ៃ​គេ​។​

ភាពលំអៀង​
នៅពេល​ដែល​អ្នក​មិន​ឱ្យ​កូន​លេង​គ្រឿង​អេឡិចត្រូនិច​ផ្សេងៗ ប៉ុន្តែ​អ្នក​បែរជា​លេង​នៅ​ចំពោះមុខ​កូន នោះ​កូន​នឹង​ថា​អ្នក​លំអៀង នោះ​គេ​នឹង​មិន​ចង់​នៅ​ជិត​អ្នក​ទៀត​ទេ​។​

ការបង្ខំ​ឱ្យ​កូន​ទទួលស្គាល់​កំហុស​របស់​ខ្លួន​នៅ​ចំពោះមុខ​អ្នកដទៃ​
នៅពេល​ដែល​កូន​ធ្វើ​ខុស អ្នក​អាច​នាំ​គេ​មក​ផ្ទះ​ដើម្បី​អប់រំ​បាន ដោយ​មិន​ត្រូវ​ឱ្យ​គេ​ទទួលស្គាល់​កំហុស​របស់​គេ​នៅ​ចំពោះមុខ​អ្នក​ដទៃ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​អាប់អោន​កិត្តិយស​បាន ដូចនេះ​កូន​នឹង​គុំ​អ្នក​អស់​មួយជីវិត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។