សល់​១២​ថ្ងៃ​​ទៀត​ រៀបការ បែរ​ជា​បាត់​កូន​ក្រមុំ​ កូន​កំលោះ ​កាន់​រូប​ថត​ដើ​រ​រក​

ខេត្តកំពង់ឆ្នាំង​ ៖ បុរស​ម្នាក់​ដែល​ត្រៀម​ធ្វើ​ជា​កូន​កំលោះ​ ចូល​រោងការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ស្រាប់​​តែ​នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៥ បាន​កាន់​រូបថត​កូនក្រមុំ ​ជា​ច្រើន​សន្លឹក មកឱ្យ​​អ្នក​សារ​ព័ត៌​មាន​ចុះ​ផ្សាយជួយ​រក ព្រោះ​នាង​បាន​បា​ត់​ពី​ផ្ទះ​ជា​ច្រើន​ថ្ងៃ និង​នៅ​សល់​​តែជាង​១០​ថ្ងៃ​​​ទៀត​នឹង​ចូល​រោងការ​ហើយ ។

យុវជន​ដែល​ត្រៀមខ្លួន​ជា​កូន​កំលោះ ​ឈ្មោះ សែ​ម សុធា មាន​ទីលំនៅ ក្នុងភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បានឱ្យ​ដឹង​ថា គាត់​បាន​​ចូល​ស្តីដណ្តឹងកូនក្រមុំ ឈ្មោះ ហេង សុធា​រី អាយុ​២១​ឆ្នាំ រស់នៅ​ជិត​ផ្សារ​ទឹកថ្លា ​រាជ​ធានីភ្នំពេញ ដោយ​បាន​ព្រមព្រៀង​នឹងចូល​រោងការនៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ ។ ប៉ុន្តែកាលពី​វេលា​ម៉ោង៥​និង​៥៥​នាទីល្ងាច​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នាង​បានបាត់​ចេញពីផ្ទះ ខណៈ​ពេល​នាង​​យក​សំរាម​​មួយ​ថង់ទៅ​​បោះ​ចោលនៅ​ក្រៅ​ផ្ទះ ។ យុវជន​ជា​កូន​កំលោះ​មានការ​ព្រួយបារម្ភ​អំពី​វាសនា​គូ​ដណ្តឹង​ខ្លួន​​ខ្លាំង​ណាស់ ព្រោះ​គាត់​និង​នាង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ ​​ស្រាប់តែ​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុបែប​នេះ ​ហើយ​ការ​បាត់​ខ្លូ​ន​របស់​នាង លោក​ជឿជាក់​ថា​ នាង​មិន​មាន​ប្រុស​ផ្សេង​ឯណា​នោះទេ​ ព្រោះ​នាង​​​ស្រឡាញ់​ខ្លួន​ខ្លាំង​ណាស់ ។

​យុវជន​ជា​កូនកំលោះ ​បាន​បញ្ជា​ក់ថា គាត់​​សង្ស័យ​លើ​ស្ត្រី​មា្ន​ក់​ អាយុប្រមាណ​៣០​ឆ្នាំ ដែល​ជាមិត្ត​​ភក្តិ​គូ​ដណ្តឹង​របស់​គាត់ ហើយ​ស្ត្រី​រូប​នោះ បាន​លួច​ស្រឡាញ់គាត់ លុះ​ពេល​ដឹង​ថា គាត់​​ជិត​រៀប​ការជាមួយ​គូ​ដណ្តឹងដែល​បាត់​ខ្លួន​នេះ ស្ត្រី​រូប​នោះបាន​បោះពាក្យ​សម្តី​​ដៀមដាម​ជា​ច្រើន​លើក ច្រើន​សារ ​ប្រាប់​អ្នក​ជិតខាង​ថា រូបគេ​នឹង​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​​២​នាក់​នេះ​បាន​រៀប​ការ​ជា​ដាច់ខាត មិនត្រឹម​ប៉ុណ្ណឹងស្ត្រី​រូប​នោះ បាន​ប្រាប់​ប្រធាន​ភូមិ​នៅ​ស្រុក​កំណើត​របស់​គូ​ដណ្តឹង​ឱ្យ​លោក​​ប្រធាន​ភូមិ​ ផ្អាក​ពិធី​រៀប​មង្គល​ការ​​នេះ​ទៀត​ផង​ ។ ទោះបី​ជា​​យ៉ាងណា​ក្តី នេះ​ជា​ការ​សង្ស័យ​របស់​លោក​នោះ​ទេ ។ 

យុវជន​ខាងលើ ក៏​ដូច​ជា​ក្រុម​គ្រួសារ សូម​អំពាវនាវដល់​គ្រប់​ស្ថាប័ន និង​សមត្ថកិច្ច​គ្រប់​ទីកន្លែង សូម​មេត្តា​ជួយ​រក​នាង​ជា​កូនក្រមុំ ដែល​មាន​ដូច​ក្នុង​រូបថត​ជាប់​មក​ជាមួយ​នេះ បើ​បានឃើញ​សូម​ផ្តល់ដំណឹងតាម​រយៈ​លេខ​ទូរស័ព្ទ ០១២ ៩១២ ២៣៨ / ០៨៧ ៨៩៣ ១៨២ ​និង​សូម​អំពាវនាវដល់កូនក្រមុំ​ដែល​បាត់​ខ្លួន បើ​បានដឹង​ហើយ​សូម​មេត្ត​ប្រញាប់​មក​ផ្ទះ​វិញ​ផង ព្រោះ​ក្រុម​គ្រួសារ​កំពុងតែ​ទន្ទឹងរង់ចាំ ហើយ​បើ​មិន​បាន​មក​ទេ ក៏​គួរ​តែទូរ​ស័ព្ទមក​ប្រាប់​ផង កុំឱ្យ​​ក្រុម​​គ្រួសារ​ទន្ទឹងរង់ចាំ​ ៕

សល់​១២​ថ្ងៃ​​ទៀត​ រៀបការ បែរ​ជា​បាត់​កូន​ក្រមុំ​ កូន​កំលោះ ​កាន់​រូប​ថត​ដើ​រ​រក​
សល់​១២​ថ្ងៃ​​ទៀត​ រៀបការ បែរ​ជា​បាត់​កូន​ក្រមុំ​ កូន​កំលោះ ​កាន់​រូប​ថត​ដើ​រ​រក​
សល់​១២​ថ្ងៃ​​ទៀត​ រៀបការ បែរ​ជា​បាត់​កូន​ក្រមុំ​ កូន​កំលោះ ​កាន់​រូប​ថត​ដើ​រ​រក​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត