អភិបាលខេត្ត​​ចុះ​ពិនិត្យ​និង​ជំរុញ​​ការ​​​ស្ថាបនា​ផ្លូវ​១ខ្សែ ​នៅសង្កាត់​អណ្តូង​ខ្មែរ

ខេត្ត​កំ​ពត ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​ធ្នូ ​២០១៥​​ លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាល​ខេត្ត​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវថ្នល់​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ​ដែល​មាន​បណ្តោយ​​​​​ប្រវែង​៨០០​ម៉ែត្រ​ ​និង​ទទឹង​១២​ម៉ែត្រ ​ដាក់​ប្រ​ព័​ន្ឋ​លូ​សងខាង​ផ្លូវ០.៦​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ DBST​ អនុវត្ត​​គម្រោង​ដោយ​ក្រុមហ៊ុន​ហុ​ក​ចិន្តា​ខន់​ត្រាក់​សិន​ខូ​អិ​ល​ធី​ឌី​ជា​គម្រោង​​ថវិកា​សាងសង់​របស់​សាលាខេត្ត ។

លោក​​​អភិបាល​​ខេត្ត​ បាន​​ឱ្យ​ដឹង​ថា ​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ផ្លូវ​ចាស់​ដែល​មាន​តាំងពី​ដើម​មក ប៉ុន្តែ​តាំងពី​ឆ្នាំ​១៩៧៩​ ផ្លូវ​នេះ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​ ក្រោយមក​​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុងភូមិ​នេះ​បាន​មក​តាំង​ទីលំនៅ​លើ​ផ្លូវខ្លះ​ លើ​ចំណី​ផ្លូវ​ខ្លះ​ ដែល​ជា​ឧ​បស​គ្គមួយ​​សម្រាប់​​អាជ្ញាធរ​ត្រូវ​ប្រឈម​មុខ​ដោះស្រាយ​ជាមួយ​​ពួក​គាត់​។

លោក​អភិបាលខេត្ត​ បាន​បន្ត​​ថា នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ ត្រូវ​រៀបចំ​​ស្ថាបនា​ផ្លូវ​នេះ​ឲ្យ​បាន​ដំណើរការ​ឡើង​វិញ គឺ​អាជ្ញាធរ​​​ធ្វើការ​ដោះស្រាយ​តាម​​គោលនយោបាយ​ជូន​ពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្លូវ​មួយ​ខ្សែ​នេះ ​ដោយ​ចំណាយ​ថវិកា​អស់​មួយ​ចំនួន​ធំ​ ទើប​ពលរដ្ឋ​ទាំងនោះ​ព្រម​រុះរើ​សំណង់​អនាធិបតេយ្យ​នេះ​ចេញ​ ។

​ផ្លូវ​នេះ​ក្រុម​ហ៊ុន​​​​ខាង​លើ​ជា​អ្នក​ទទួល​​ស្ថាប​នា​ដោយ​ចំណាយ​ថវិកា​របស់​សាលាខេត្ត​ ​​នឹង​ចាប់​ដំណើរការ​​​ក្រោយ​ពេល​ចប់​ពិធីបុណ្យ​សមុទ្រ​ខាង​មុខ​នេះ ​។ បន្ទាប់​​ពី​ត្រួត​ពិនិត្យ​ផ្លូវ​ខាងលើ​ លោក​អភិបាលខេត្ត​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ប្រ​ព័ន្ធ​លូ និង​បង្គោល​ភ្លើង​២​កន្លែង​ទៀត​ នៅ​ផ្លូវ​បេតុង​ក្បែរ​រោងចក្រ​ស្បែកជើង​និង​នៅ​កែង​ផ្លូវ​ជាតិ​លេខ​៣៣ ​ត្រង់​ផ្លូវបំបែក​វត្ត​សុវណ្ណ​សាគរ ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​ ក្នុង​នោះ​ដែរ ​ពិនិត្យ​ឃើញ​ប្រ​ព័ន្ធ​​ខ្សែ​ទូ​រស័ព្ទ​​ដែល​ត​ភ្ជាប់​ និង​បង្គោល​ភ្លើង​ឆ្លងកាត់​ទទឹង​ថ្នល់ជាតិ​ត្រូវ​បាន​កាត់​ចេញ​ទាំងអស់​ដើម្បី​ការពារ​ការ​ឆ្លង​ចរន្ត​បណ្តាល​ឲ្យ​ទុ​ស្សេកើត​មាន​អគ្គិភ័យក្នុង​ពេល​កំពុង​មានកម្ម​វិធី​បុណ្យ​នេះ​ផង​ដែរ​៕ ​