​សម្តេច​តេ​ជោ​អំពាវ​នាដ​ល់​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ​អនុគ្រោះ​ចំពោះ​កសិករ​ដែល​ជួប​គ្រោះរាំងស្ងួត​

រាជធានី​ភ្នំពេញ​៖​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃ​៧ ខែធ្នូ​នេះ បានប្រកាសថា កសិកម្ម​ឆ្នាំនេះ ពិសេស​ដំណាំ​ស្រូវ​ទាំង​ស្រូវវស្សា ទាំង​ស្រូវប្រាំង​បាន និង​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​។ក្នុង​សភាពការណ៍​បែបនេះ ជាមួយនិង​វិធាន​ការដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញរួច​មកហើយ​នោះ ខ្ញុំ​សូម​រំលឹក​លើ​ចំណុច​ខ្លះៗ​៖

១.​ត្រូវ​អន្តរាគមន៍​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដោយ​មិនត្រូវ​ទុក​ឲ្យ​ស្រូវ​ខូច​នៅ​តំបន់​ដែលមាន​ប្រភពទឹក​នោះឡើយ​។​

២.​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មន្ត្រីរាជការ ត្រូវ​ចាត់តាំង​កម្លាំង​ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​សំរាប់​គ្រួសារ​ដែល​ខ្វះ​កម្លាំង​ពលកម្ម (​ចាស់ជរា ស្ត្រី​មេម៉ាយ​ជនពិការ គ្រួសារ​យុទ្ធជន​)​។​

៣.​ស្ថាប័ន​កសិកម្ម​ត្រូវ​ផ្ដល់​ពូជ​ដំណាំ​ដល់​ប្រជាកសិករ​ដែល​មិនអាច​ធ្វើស្រែ​ប្រាំង​បាន ជំរុញ​ឲ្យ​ពួកគាត់​ដាំ​ដុះ​ដំណាំ​រួមផ្សំ​វិញ​។​

៤.​ត្រៀម​អន្តរាគមន៍​កំចាត់​សត្វ​បំផ្លាញ​ដំណាំ និង​ទប់​សា្ក​ត់​ជំងឺ​សត្វ​គ្រប់​ប្រភេទ​។​

៥.​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ​ត្រូវ​ធ្វើការ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​រក​វិធី​អនុគ្រោះ​មួយចំនួន​ជូន​ប្រជាជន​ដែល​រងគ្រោះ ដូចជា​ពន្យារពេល​សង ឬ​ពន្យារពេល​សង​ដោយ​មិន​យកការប្រាក់ ឬ​បន្ថយ​ការប្រាក់ ទប់ស្កាត់​ការ​ឆ្លៀតឱកាស​រឹបអូស​ដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ​។​ល​។ ពី​សំណាក់​ម្ចាស់បំណុល ចំពោះ​កូនបំណុល​ដែល​កំពុង​ជួប​ការលំបាក​ដោយសារ​គ្រោះធម្មជាតិ​៕

​សម្តេច​តេ​ជោ​អំពាវ​នាដ​ល់​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ​អនុគ្រោះ​ចំពោះ​កសិករ​ដែល​ជួប​គ្រោះរាំងស្ងួត​