អ្នកនាំពាក្យ កាន់អំណាច៖ លោក គង់ គាំ និយាយបាតដៃ ខ្នងដៃយកជាការ មិនបាន

ភ្នំពេញ៖ ក្រោយពី លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ប្រកាសចូលប្រឡូកក្នុង ឆាកនយោបាយវិញ បន្ទាប់ពី លោកថាឈប់នោះ ធ្វើឲ្យអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានថ្លែងថា នេះជាទំលាប់ របស់ គណបក្សប្រឆាំងនៅកម្ពុជា ដែលនិយាយក្រឡាស់ ពាក្យសំដីមិនទៀងទាត់។

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥នេះ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ បានលួចបង្ហើបថា  គម្រោងដើរចេញពី ឆាកនយោបាយ របស់លោក គង់ គាំ រហូតមកដល់បច្ចុប្បន្ន ទំនងជាត្រូវពន្យាពេល ដោយសារមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិមួយចំនួន បាត់បង់អភ័យឯកសិទ្ធជាតំណាងរាស្រ្ត។

លោក សុខ ឥសាន្ត បានចាត់ទុកថា ការពន្យាពេលរបស់លោក គង់ គាំ គឺជាការក្រឡាស់ពាក្យសំដី ព្រោះគាត់បាន លើកឡើងថា ទុកឲ្យយុវជនជំនាន់ក្រោយបន្តវេន ដូច្នេះ ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ និងយុវជនជំនាន់ក្រោយត្រូវ ពិចារណាឡើងវិញ តើពាក្យពេជន៍ទាំងអស់នោះជាការពិតដែរឬទេ។

លោកបញ្ជាក់ថា “ការលាឈប់ របស់លោក គង់គាំ គ្មានគំនាបនយោបាយនោះទេ។ ឥឡូវនេះ គាត់ក្រឡាស់ពាក្យ ហើយ មានន័យថា គាត់មានចេតនាបោកប្រាស់ប្រជាពលរដ្ឋម្តងទៀត។គាត់នៅមិនអស់ចិត្តទេ រត្រែកទៅហើយ ចឹងមានន័យថា ចូលនិវត្តន៍ហើយ ហើយមិនព្រមចូលនិវត្តន៍ ទៅមុខទៅក្រោយៗ នេះមិនមែនរាំឡាំបដាទៅមុខ ពីរជំហានមកក្រោយមួយជំហានមិនបាននោះទេ”។

សូមបញ្ជាក់ថា  លោក គង់ គំា បានរួមគ្នាបង្កើតគណបក្សជាមួយលោក សម រង្ស៊ី ចាប់តាំពីឆ្នាំ១៩៩៥ ដែលគ្រានោះ លោកជាអនុប្រធានគណបក្ស រហូតមកទល់ឆ្នាំ២០១២ បានឡើងមកកាន់តំណែងជាប្រធានគណបក្សសមរង្ស៊ី ជំនួសលោក សម រង្ស៊ី ដែលបានទៅរួមគ្នាជាមួយលោក កឹម សុខ ប្រធានគណបក្សសិទ្ធិមនុស្ស បង្កើតគណបក្សថ្មី មួយទៀត គឺគណបក្សសង្គ្រោះជាតិ៕

អ្នកនាំពាក្យ កាន់អំណាច៖ លោក គង់ គាំ និយាយបាតដៃ ខ្នងដៃយកជាការ មិនបាន