លោក ម៉ម សូណង់ដូ វ័យកាន់តែចាស់ នយោបាយកាន់ តែលេចធ្លោ

ភ្នំពេញ៖ លោក ម៉ម សូណង់ដូ ដែលគេដឹងថា ជាអ្នកដែលធ្លាប់មាន សមានចិត្តចំពោះ គណបក្ស សង្រ្គោះជាតិ នៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៣កន្លងទៅនោះ បានចេញ មកបើកគណបក្សចាស់ របស់លោក ឡើងវិញ គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ តាមរយៈអង្គសមាជមួយ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ។ ៣ខែក្រោយពី គណបក្សនេះ បានបង្កើតឡើង គណបក្សនេះ ត្រូវបានគេមើលឃើញថា ជាគណបក្សដ៏ លេច ធ្លោមួយ ក្នុងចំណោមគណបក្សថ្មីៗដែលទើបបង្កើតឡើង បើទោះបីជាកន្លងមក គណបក្សនេះ បានប្រឈម នឹងការប្តឹងផ្តល់នៅតុលាការក្តី។

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយគេហរទំព័រដើមអំពិល កាលពីថ្ងៃទី៦ ធ្នូ ឆ្នាំ ២០១៥នេះ លោក ម៉ម សូណង់ដូ បានបញ្ជាក់ថា យុទ្ធសាស្រ្ត ក្នុងការទាក់ទាញការគាំទ្រពី ប្រជាពលរដ្ឋរបស់លោក គឺមិនមានអ្វីក្រៅពី ពន្យល់ប្រជាពលរដ្ឋថា តើហេតុអ្វីបានជាលោក បង្កើតគណបក្ស? និងថា តើហេតុអ្វីបានជាលោកដក សេចក្តី ទុកចិត្តពីគណបក្សសង្រ្គោះជាតិ?

លោក ម៉ម សូណង់ដូ ដែលជាអនិកជនខ្មែរនៅប្រទេសបារាំង បានមកបង្កើតគណបក្ស សំបុក ឃ្មុំសង្គម ប្រជាធិបតេយ្យ ដំបូងនៅឆ្នាំ១៩៩៨ និងបានចូលរួមការបោះឆ្នោត ឆ្នាំ១៩៩៨ ប៉ុន្តែមិនបានទទួលអសនៈ ណាមួយ នោះទេ។ គណបក្សរបស់លោកបានផ្អាកសកម្មភាព មួយរយៈ ហើយទើបតែបានដំណើរការឡើងវិញ នៅឆ្នាំ ២០១៥នេះ ដើម្បីរងចាំត្រងយកអ្នក ដែលកំពុងអន់ចិត្តជាមួយនឹងគណបក្សសង្រ្គោះជាតិ ដែលលោក ម៉ម សូណង់ដូ បានប្រៀប ធៀបទៅនឹងចរន្តនៃការដើរចេញពីគណបក្សប្រឆាំង ទៅនឹងទឹកដែលកំពុងបាក់ទំនប់។ លោក ម៉ម សូណង់ដូ និងអ្នកគាំទ្រគណបក្ស សង្រ្គោះ ជាតិមួយចំនួន ដែលបានចាត់ទុកការសម្រេច ចិត្តចូលរួមប្រជុំសភា របស់មេដឹកនាំគណបក្សសង្រ្គោះជាតិនោះថា ជាមេដឹកនាំដែលមាន ជំហរមិនរឹងម៉ាំ និងមានទិសដៅមិន ច្បាស់លាស់ ហើយថា គណបក្សប្រឆាំង នឹងមិនមាន វាសនាឈ្នះឆ្នោត ឈានទៅដឹកនាំប្រទេសបានឡើយ។

លោក ម៉ម សូណង់ដូ ដែលគេដឹងថា ជាអតីតប្រធានសមាគមអ្នកប្រជាធិបតេយ្យ និង ជាម្ចាស់វិទ្យុសំបុកឃ្មុំ FM ១០៥ផងនោះ បានសាងភាពល្បីល្បាញនិងមានប្រជាប្រិយភាព ក្នុងចំណោមអ្នកគាំទ្រខ្មែរមួយចំនួន តាមរយៈ ការហ៊ានប្រឈមមុខនឹងការជាប់ពន្ធនាគា របស់ លោក ដែលផ្ទុយស្រលះនឹងលោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ។ ជាក់ស្តែង លោក បានជាប់ ពន្ធនាគាដល់ទៅ៣ដង គឺនៅឆ្នាំ២០០៣ម្តង, ឆ្នាំ២០០៥ម្តង, និងនៅឆ្នាំ ២០១២ ម្តងទៀត។ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បច្ចុប្បន្ន (២០១៥) មានវ័យជាង៧០ឆ្នាំផ្លាយនេះ ក៏បានប្រើភាពក្លាហាន និង វ័យចំណាស់ របស់លោក ដើម្បីទាក់ទាញការគាំទ្រផងដែរ ស្របពេលដែលគណបក្សកំពុងតែរង្គោះរង្គើរ ផ្ទៃក្នុង។ លោក ម៉ម សូណង់ដូ ក៏ជាអ្នកដែលមានប្រជាប្រិយភាព ក្នុងចំណោមប្រជាពលរដ្ឋ ខ្មែរ នៅស្រុកស្រែចំការ តាមរយៈសកម្មភាពនានា ជាពិសេសតាមរយៈអត្ថបទ កំណាព្យមួយ ដែលមានចំណងជើងថា «តើខ្ញុំរស់នៅបានរហូតដល់ពេលណា»?។ នៅពេលនេះ ក្រុមអ្នក វិភាគបានមើលឃើញហើយថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់ លោក ម៉ម សូណង់ដូ គឺជាគណបក្ស ដ៏លេចធ្លោមួយ ក្នុងចំណោមគណបក្សថ្មីៗដែលទើបតែ បង្កើត ឡើង។

ការពិតជាក់ស្តែងមួយនឹងត្រូវបង្ហាញឡើង តាមរយៈសមាជគណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ ដែលគ្រោងធ្វើ ឡើងនៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ។  សមាជនេះ គឺជាការ បន្ថែមនូវ ថាមពលរបស់គណបក្សលោកម៉ម សូណង់ដូ ឆ្ពោះទៅកាន់ការប្រកួត ប្រជែង ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅ ឆ្នាំ២០១៨ ខាងមុខ។  

យ៉ាងណាក៏ដោយ នៅមុនពេលចូលនិវត្តន៍ពីឆាកជីវិតនយោបាយនៅកម្ពុជាក្នុងវ័យជាង៧០ ឆ្នាំផ្លាយនេះ យ៉ាង ហោចណាស់លោក ម៉ម សូណង់ដូ ត្រូវបានគេរំពឹងថា នឹងត្រូវប្រជាពលរដ្ឋ ផ្តល់ឱកាសឲ្យលោកចូលទៅ អង្គុយ ស្រែកនៅក្នុងរដ្ឋសភាម្តង ខណៈដែលកន្លងមក គេធ្លាប់ តែបានឮសំឡេងរបស់លោក ស្រែកតាមរលក ធាតុអាកាសនោះ៕

លោក ម៉ម សូណង់ដូ វ័យកាន់តែចាស់ នយោបាយកាន់ តែលេចធ្លោ