ល្បែងស៊ីសង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​

មួយរយៈ​ពេល​ចុង​ក្រោយនេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ឃុំ​នានា​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​សម្តែង​សេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ហើយ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឃុំ​មួយចំនួន​បទល្មើស​គ្រឿងញៀន​និង​អំពើចោរកម្ម ព្រមទាំង​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅមានកម្រិត​។ មានន័យថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មិនទាន់​យកចិត្តទុកដាក់​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​នៅឡើយ​។

​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​ស្រុក​មេមត់ បាន​ចាត់វិធានការ​បង្ក្រាប​ល្បែង​អាប៉ោង​ដែល​គេ​បើក​លេង​៤​យប់​មកហើយ​នៅក្នុង​កម្មវិធី​តាំង​លក់​ផលិតផល​ក្នុង​ផ្សារ​ដារ​ថ្មី ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ទីតាំង​លេងល្បែង​នេះ​ស្ថិតនៅ​ក្បែរ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ដារ តែម្តង​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ បាន​គាំទ្រ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បន្ទាប់ពី​ពិធី​សម្ពោធ​ផ្សារ​ដារ​ថ្មី​ក្នុង​ឃុំ​ដារ ហើយ​មាន​លេងល្ខោន​បាសាក់​៤​យប់នោះ គឺមាន​ជន​ឆ្លៀតឱកាស​បើក​ល្បែងស៊ីសង​ដូចជា អាប៉ោង ខ្លា​ឃ្លោក និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ដោយ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា​មិនមែន​តែ​នៅក្នុង​ឃុំ​ដារ មួយ​ទេ​ដែល​ល្បែ​ស៊ីសង​និង​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក គឺ​នៅតាម​បណ្ដា​ឃុំ​មួយចំនួន​ក៏មាន​បញ្ហា​កើតឡើង​ដូចគ្នានេះដែរ ហើយ​អ្នកញៀន​ល្បែង​ខ្លះ​បាន​ចាញ់​អស់​លុយកាក់​ទ្រព្យសម្បត្តិ​នាំ​ឲ្យា​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ទៀតផង​។ ល្បែងស៊ីសង​គឺជា​ប្រភព​នៃ​អសន្តិសុខ​សង្គម ព្រោះ​ដើម្បី​ស្រង់ដើម​អ្នកចាញ់​ល្បែង​ខ្លះ​បាន​ប្រព្រឹត្ត​អំពើចោរកម្ម​លួច​ឆក់​ប្លន់​គួរ​ឲ្យ​ព្រួយបារម្ភ​។ ហេតុនេះ​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​គួរ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល​៕

mao_peov(1)លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ 3 1 5