លោក ប៉ុន ប៊ុន​ឈាន អះអាងថា​ខំប្រឹង​រក​ចំណូល​ឲ្យ​ថ្នាក់លើ​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​លោក ប៉ុន ប៊ុន​ឈាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​នៅ​ខេត្តតាកែវ ព្រមទាំង​បក្ខពួក​កំពុង​ប្រើ​លិខិត​បេសកកម្ម​ដែល​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តតាកែវ ស្រេច​តែ​អំពើ​ចិត្ត​។ មានន័យថា លោក ប៉ុន ប៊ុន​ឈាន មិនបាន​បំពេញ​តួនាទី​ក្នុងការ​បង្ក្រាប​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​បទល្មើស​សេដ្ឋកិច្ច​ផ្សេងៗ​ឲ្យ​ស្របទៅតាម​បទបញ្ជា​នៅក្នុង​លិខិត​បេសកកម្ម​នោះទេ​។ ប្រការ​នេះហើយ​ទើប​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​យួន​ឆ្លងកាត់​ខេត្តតាកែវ បាន​រិះគន់​ខ្លាំងៗ​រឿង​លោក ប៉ុន ប៊ុន​ឈាន បង្កើត​កុងត្រូលជជុះ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​លោក ប៉ុន ប៊ុន​ឈាន បាន​បង្ហើប​ប្រាប់​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ឲ្យ​ដឹងថា ការដែល​ខ្លួន​ខំប្រឹង​រកលុយ​តាមរយៈ​ការប្រើប្រាស់​លិខិត​បេសកកម្ម​នោះ គឺ​សម្រាប់​យកទៅ​បង់​ឲ្យ​ថ្នាក់លើ ហើយ​ជួនកាល​ត្រូវ​ជំពាក់​លុយ​គេ​ឬ​ចងការ​គេ​យកទៅ​បង់​ឲ្យ​មេៗ​ខាងលើ​ទៀតផង​។ គេ​មិនដឹងថា​មេៗ​ខាងលើ​ដែល​លោក ប៉ុន ប៊ុន​ឈាន និយាយ​នោះ​គឺជា​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឬ​អ្នកណា​ផ្សេងទៀត​នោះទេ​។ ដោយហេតុថា តាម​ពិនិត្យ​ជាក់ស្តែង​លោក ប៉ុន ប៊ុន​ឈាន រកចំណូលបាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ ព្រោះ​មាន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​យួន​យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​សូម្បីតែ​ប្រជាកសិករ​ដឹកជញ្ជូន​ក​សិ​ផល​ក៏ត្រូវ​លោក ប៉ុន ប៊ុន​ឈាន និង​បក្ខពួក​តម្រូវ​ឲ្យ​បង់លុយ​ដោយ​គ្មាន​ការយោគយល់​ឡើយ​។

ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា​ប្រហែល​លោក ប៉ុន ប៊ុន​ឈាន ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​បាន​ទៅ​ឈរជើង​នៅ​ប៉ុស្តិ៍​ខេត្តតាកែវ ហេតុនេះហើយ​ទើប​គាត់​ប្រើ​គ្រប់​វិធី ដើម្បី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​មិនទាន់មាន​ប្រភព​ណា​បញ្ជាក់ថា លោក ប៉ុន ប៊ុន​ឈាន បង់លុយ​ឲ្យ​មេៗ​ថ្នាក់លើ​ក្នុង​មួយខែ​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ ទើប​គាត់​ត្អូញត្អែរថា​ពេលខ្លះ​រកលុយ​បង់​ឲ្យ​មេ​មិន​គ្រប់ ហើយ​ត្រូវ​ខ្ចី​និង​ចងការ​លុយ​គេ​ថែមទៀត​។ បញ្ហា​នេះ​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ប្រសិនបើ​គ្មាន​ពាក់ព័ន្ធ​នឹង​ការទទួល​ផលប្រយោជន៍​ពី​លោក ប៉ុន ប៊ុន​ឈាន គួរ​ចាត់វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់លោក ប៉ុន ប៊ុន​ឈាន និង​បក្ខពួក​ខ្លះ​ផង​កុំ​ឲ្យ​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ រិះគន់​តទៅទៀត​៕

7754747cf85ce8a972bb617de45cdb807588c8bbលោក ជា សុមេធី ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច