បារាំង​ទំនង​ជា​អស់​គ្រាប់​បែក ទម្លាក់​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ហើយ!

ចង់វាយក្រុមភេរវជនលឿន និងបន្តវាយប្រហាជញ្ជ្រាំខ្លាំងពេក បានធ្វើឲ្យប្រទេសបារាំង អស់​គ្រាប់​បែក​រលីង​ពីឃ្លាំង។ សារព័ត៌មានបារាំង ឡឺម៉ុង (Le Monde) បានរាយការណ៍ថា ក្រសួងការពារ​ជាតិ​បារាំង ទំនង​ជា​បាន​បញ្ជា​ទិញ​ជា​បន្ទាន់ នូវគ្រាប់បែកជាច្រើនទៀត ពីសហរដ្ឋ​អាមេរិក ដើម្បីបន្ត​យុទ្ធនាការ​វាយ​សន្ធាប់ លើក្រុមរដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី និងអៀរ៉ាក់។
បារាំង​ទំនង​ជា​អស់​គ្រាប់​បែក ទម្លាក់​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ហើយ!
យន្ដហោះប្រមាញ់ ហោះចេញពីនាវាចម្បាំងផ្ទុកយន្ដហោះ «Charles-De-Gaulle» របស់បារាំង។ (រូបថតឯកសារ)

នៅពីរថ្ងៃ បន្ទាប់ពីភេរវកម្មវាយប្រហារ កណ្ដាលរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងមក គឺនៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ប្រទេសបារាំងបានបើកការវាយប្រហារ តាមផ្លូវអាកាសយ៉ាងសន្ធាប់ ទៅលើទីតាំងនានា នៃ​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ជា​ពិសេស​នៅ​ក្នុងទីក្រុង រ៉ាកា (Raqqa) ដែលជាបញ្ជាការដ្ឋាន របស់ក្រុមភេរវជន។ នៅក្នុងរយៈពេល៣ថ្ងៃ យន្ដហោះ​ប្រមាញ់​១០គ្រឿង របស់បារាំង បានទម្លាក់គ្រាប់បែក ច្រើនជាង៦០គ្រាប់ទៅលើទីនោះ។

ទម្លាក់គ្រាប់បែករាល់ថ្ងៃ

អ្នកជំនាញខាងកងទ័ពអាកាសម្នាក់ បានថ្លែងប្រាប់សារព័ត៌មាន ដែលចេញផ្សាយប្រចាំថ្ងៃមួយនេះថា៖ «យើង​បានវាយប្រហារ នៅពេលនេះ មានចំនួនច្រើនជាង ក្នុងប្រទេសលីប៊ី កាលពីឆ្នាំ២០១១»។

ការចូលរួមរបស់បារាំង ក្នុងការទម្លាក់គ្រាប់បែក ជាមួយនឹងក្រុមសម្ព័ន្ធមិត្តអន្តរជាតិ ប្រឆាំងនឹងក្រុម​រដ្ឋ​អ៊ីស្លាម បានកើនឡើងបន្ថែមទៀត នៅក្នុងរយៈពេល១០ថ្ងៃចុងក្រោយ ដោយសារនាវាចម្បាំងបារាំង «Charles-De-Gaulle» ដែលមានផ្ទុកយន្ដហោះ បានបញ្ជូនយន្ដហោះជាច្រើន ទៅដល់ឆកសមុទ្រនៃ​ប្រទេស​ស៊ីរី ដើម្បីពង្រឹងកម្លាំង នៃការវាយប្រហារនោះទៀត។ ចំនួនយន្ដហោះប្រដេញ បានកើនឡើងដល់​ទៅ​ជាង​បីដង គឺពី១២គ្រឿង ទៅដល់៣៨គ្រឿង។

សារព័ត៌មាន ឡឺម៉ុង បានរាយការណ៍ទៀតថា ការវាយប្រហាររបស់ប្រទេសបារាំង ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម បានធ្វើឡើងជារៀងរាល់ថ្ងៃ នៅក្នុងពេលនេះ។ តាំងពីជាងមួយឆ្នាំមកហើយ គ្រាប់បែកចំនួន៦៨០គ្រាប់ ត្រូវ​បានទម្លាក់ ប្រឆាំងនឹងក្រុមភេរវជន​រដ្ឋអ៊ីស្លាម ដែលកាន់សាសនាអ៊ីស្លាមនិយមតឹង និងបានសម្លាប់​យុទ្ធជន ស្ម័គ្រប្រយុទ្ធដើម្បីព្រះអាឡាហ៍ ប្រមាណជាង១០០០នាក់។

តួលេខខាងលើ មិនត្រូវបានអះអាងជាផ្លូវការ ដោយក្រសួងការពារជាតិ ឬកងទ័ពបារាំងនោះទេ។ តែកាល​ពីថ្ងៃ​ទី៣ ខែធ្នូ របាយការណ៍ផ្លូវការមួយ បានបង្ហាញតុល្យភាពថា យន្ដហោះបារាំង ត្រូវបានបង្ហោះចេញ ចំនួន​២៥០០​ដង ធ្វើការវាយប្រហារ ៣២១ដង និងទីតាំងនៃចំណុចវាយប្រហារ ចំនួន៥៨០កន្លែង ត្រូវបាន​កំទេច៕