ចំណុច​​បច្ចេកវិទ្យា​ 5G មួយ​ចំនួន​​អ្នក​ប្រហែល​មិន​បាន​ដឹង​


ចំណុច​​បច្ចេកវិទ្យា​ 5G មួយ​ចំនួន​​អ្នក​ប្រហែល​មិន​បាន​ដឹង​

មាន​ចំណុច​ជា​ច្រើន​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មិន​ទាន់​បាន​ដឹង​ច្បាស់​ពាក់​ព័ន្ធ​នឹង​បច្ចេកវិទ្យា​ 5G ដែល​នៅ​ថ្ងៃ​ខាង​មុខ​គេ​នឹង​ឃើញ​មាន​សញ្ញា​ 5G នេះ​នៅ​លើ​អេក្រង់​ទូរសព្ទ​ក្បែរ​របារ​សេវា​ទូរសព្ទ។

 

 

តើ​អ្វី​ទៅ​ជា​ 5G?

 

ចំណុច​​បច្ចេកវិទ្យា​ 5G មួយ​ចំនួន​​អ្នក​ប្រហែល​មិន​បាន​ដឹង​
អក្សរ​ “G” នៅ​ក្នុង​ 3G, 4G ឬ 5G តំណាង​ឲ្យ​ពាក្យ​ “Generation” ដែល​មាន​ន័យ​ថា​ជំនាន់។ ដូច​នេះ​ 5G មាន​ន័យ​ថា​បច្ចេកវិទ្យា​​ទំនាក់​ទំនង​ឥត​ខ្សែ​ជំនាន់​ទី​៥។ និយមន័យ​ស្ដង់ដារ​របស់​ 5G មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​នៅ​ឡើយ​នោះ​ទេ​ តែ​បើ​យោង​ទៅ​តាម​លោក​ Bill Smith ប្រធាន​ក្រុមហ៊ុន​ AT&T បាន​ឲ្យ​ដឹង​ថា​ 5G នឹង​ត្រូវ​កំណត់​និយម​ន័យ​នៅ​ឆ្នាំ​ ២០១៨។ នៅ​ពេល​នោះ​គេ​នឹង​អាច​កំណត់​បាន​ថា​ បច្ចេកវិទ្យា​ឥត​ខ្សែ​ណា​ខ្លះ​ដែល​អាច​ហៅ​ថា​ “5G” បាន​ និង​អំពី​ល្បឿន​ជាក់​លាក់​របស់​វា។

 

តើ​ 5G នឹង​មាន​ល្បឿន​លឿន​ប៉ុណ្ណា?

 

ចំណុច​​បច្ចេកវិទ្យា​ 5G មួយ​ចំនួន​​អ្នក​ប្រហែល​មិន​បាន​ដឹង​

5G មាន​សមត្ថភាព​អាច​ផ្ដល់​ជូន​ល្បឿន​ដែល​​លឿន​ជាង​ 4G ដល់​ទៅ​៤០​ដង​​ ​លឿន​ដល់​ថ្នាក់​អាច​ចាក់​វីដេអូ​កម្រិត​ 8K ​ប្រភេទ​ 3-D តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​​ក្នុង​ពេល​ប្រមាណ​ ៦ ​វិនាទី​ ដែល​ 4G ត្រូវ​ចំណាយ​ពេល​៦​នាទី។ ទោះ​ជា​យ៉ាង​ណា​វា​នឹង​មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​ការ​ធ្វើ​តេស្ត​ និង​ការ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​​​ជាក់​ស្ដែង។ ក្រុមហ៊ុន​ Nokia ជឿជាក់​ថា​បច្ចេកវិទ្យា​ 5G នឹង​អាច​ផ្ដល់​ល្បឿន​ជាក់​ស្ដែង​ ១០០​មេហ្គាប៊ីត​ក្នុង​មួយ​វិនាទី​ នៅ​ពេល​ដែល​មាន​មនុស្ស​ប្រើ​ច្រើន ដែល​ល្បឿន​នេះ​លឿន​ជាង​ 4G តែ​បួន​ដង​ប៉ុណ្ណោះ។

 

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​នោះ​គឺ​ 5G នឹង​មាន​កម្រិត​ latency ទាប​ មាន​ន័យ​ថា​វា​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ជា​បាន​លឿន​ ដូច​នេះ​នឹង​ជួយ​ឲ្យ​ការ​បើក​មើល​ វិបសាយ​ កម្មវិធី​ វីដេអូ​ និង​ សារ​​ប្រព្រឹត្ត​ទៅ​លឿន​ជាង​មុន។

 

តើ​ 5G ដំណើរ​ការ​ដូច​ម្ដេច?

 

ចំណុច​​បច្ចេកវិទ្យា​ 5G មួយ​ចំនួន​​អ្នក​ប្រហែល​មិន​បាន​ដឹង​
ក្រុមហ៊ុន​ជា​ច្រើន​បាន​នាំ​គ្នា​ធ្វើ​ការ​ពិសោធ​ប្រព័ន្ធ​ 5G នៅ​ក្នុង​កម្រិត​ប្រេកង់​ដ៏​ខ្ពស់​មួយ​ដល់​ទៅ ៧៣ ០០០​មេកាហឺត​ឯ​ណោះ។ ​សេវា​ទូរសព្ទ​បច្ចុប្បន្​ស្ថិត​នៅ​កម្រិត​ប្រេកង់​ ៧០០​មេកាហឺត​ ទៅ​ ៣៥០០​មេកាហឺត​ប៉ុណ្ណោះ។

 

គុណ​សម្បត្តិ​នៃ​ប្រេកង់​កម្រិត​ខ្ពស់​ដូច​នេះ​​ គឺ​អាច​​ធ្វើ​ការ​បញ្ជូន​ទិន្នន័យ​បាន​ក្នុង​ល្បឿន​លឿន។ ឯ​គុណ​វិបត្តិ​វិញ​គឺ​វា​​មិន​​អាច​ផ្ដល់​សេវា​បាន​ចម្ងាយ​ឆ្ងាយ​ ​ហើយ​មិន​អាច​ឆ្លង​កាត់​ជញ្ជាំង​បាន​ដោយ​​ងាយ​នោះ​ទេ។ នេះ​មានន័យ​ថា​គេ​នឹង​ត្រូវ​ការ​ដំឡើង​បង្គោល​អង់តែន​ ជា​ច្រើន​កន្លែង​​ នៅ​លើ​ដំបូល​​អាគារ​ ​នៅ​លើ​ដំបូង​ផ្ទះ​ ហើយ​អាច​នឹង​ដំឡើង​បង្គោល​តូច​ៗ​ នៅ​ក្នុង​បន្ទប់​ទៀត​ផង។

 

​នេះ​ជា​មូលហេតុ​មួយ​ដែល​​ប្រព័ន្ធ​ 5G ​នឹង​មិន​អាច​ជំនួស​ 4G បាន​ទាំង​ស្រុង​នោះ​ទេ។ នៅ​ក្នុង​ក្នុង​ទីប្រជុំជន​ 5G នឹង​អាច​ផ្ដល់​ល្បឿន​លឿន​ ប៉ុន្តែ​ពេល​ដែល​ស្ថិត​នៅ​ជាយ​ក្រុង​ 4G នឹង​​អាច​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​អ្នក។

 

5G នឹង​មក​ដល់​នៅ​ពេល​ណា?

 

ចំណុច​​បច្ចេកវិទ្យា​ 5G មួយ​ចំនួន​​អ្នក​ប្រហែល​មិន​បាន​ដឹង​
​សម្រាប់​សំនួរ​នេះ​នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់​លាក់​នៅ​ឡើយ​នោះ​ទេ។ ចំពោះ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា​គេ​នឹង​សាក​ល្បង​បច្ចេកវិទ្យា​នេះ​នៅ​ក្នុង​រដូវ​កាល​ Winter Olympics នា​ឆ្នាំ​២០១៨​ ​ហើយ​ការ​ប្រើ​ប្រាស់​ទ្រង់​ទ្រាយ​ធំ​​អាច​នឹង​ចាប់​ផ្ដើម​នា​ឆ្នាំ​ ២០២០។

 

ចំណែក​ឯ​ក្រុមហ៊ុន​ Verizon វិញ​លើក​ឡើង​ថា​ មាន​បំណង​នឹង​នាំ​យក​បច្ចេកវិទ្យា​នេះ​មក​ប្រើ​ប្រាស់​លើ​ទីផ្សារ​នៅ​ដើម​ឆ្នាំ​ ២០១៧ ខាង​មុខ​នេះ៕​​​

 

ចុច​អាន៖ VoIP សេវា​ទាក់ទង​តាម​អ៊ីនធឺណិត​តម្លៃ​ធូរ​ថ្លៃ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN​​​​​​​