​អនាម័យ ចំពោះ​កូន​តូចៗ

​អនាម័យ ចំពោះ​កូន​តូចៗ

​ប្រសិន​បើ​កូន​របស់​អ្នក ចេះ​តែ​មិន​ស្រួលខ្លួន ឬ​ឈឺ​ញឹកញាប់ ដោយ​មិន​មាន​មូលហេតុ ដូច្នេះ ដល់ពេល​ដែល​អ្នក ត្រូវតែ​ក្រឡេកមើល សុខភាព​អនាម័យ​របស់​កូន​អ្នក​ហើយ​។

មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​កូន​អ្នក​ឈឺ ជួនកាល គឺ​បណ្តាលមកពី​បញ្ហា​អនាម័យ ដែល​អ្នក​មិន​បាន​ចាប់អារម្មណ៍​។​

​ឪពុក​ម្តាយ​គ្រប់រូប​គួរ​ដឹងថា ប្រព័ន្ធ​ការពារ​កុមារ មាន​សភាព​ទន់ខ្សោយ​ណាស់ ដូច្នេះ កូនតូច​របស់​អ្នក ងាយ​នឹង​ឈឺ​ណាស់​។ ប៉ុន្តែ សំណាង​ល្អ​ដែរ ការឆ្លង​រោគ ឬ​ជំងឺ​មួយចំនួន អ្នក​អាច​ការពារ​បាន តាមរយៈ​ការថែរក្សា អនាម័យ​ប្រចាំថ្ងៃ ដូចខាងក្រោម​នេះ ៖

​ការ​ដុសលាង​សម្អាត​ដៃ​
​នៅ​ពេល​ចាប់​កាន់​កូនតូច អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​ដៃ បាន​ស្អាត​ល្អ​ហើយ​។ បាក់តេរី និង​វីរុស​ដែល​មើលមិនឃើញ ហើយ​នៅ​ជាប់​ដៃ​របស់​អ្នក អាច​ធ្វើឲ្យ​កុមារ មាន​បញ្ហា​ន​បាន​។​

​ដប​ទឹកដោះគោ​
​ដប​ទឹកដោះគោ ពិត​ជា​សំខាន់​ណាស់ សម្រាប់​កុមារ ហើយ​អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​លាង​សម្អាត និង​សម្លាប់​មេរោគ​រួចហើយ មុន​នឹង​យកមក​ឆុង ឲ្យ​កូន​របស់​អ្នក​បៅ​។​

​សម្អាត​មាត់​កូនតូច​របស់​អ្នក​
​កូនតូច មិនទាន់​មាន​ធ្មេញ​នោះទេ ប៉ុន្តែ អ្នក​ក៏​ត្រូវតែ​សម្អាត​មាត់​របស់​គេ​ដែរ​។ អ្នក​អាច​យក​ក្រណាត់​ទន់ៗ​តូច​ល្មម យក​មក​ជូ​តមាត់ អញ្ចាញ និង​អណ្តាត​របស់គេ​។​

​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ញឹកញាប់​
​ខោ​ទឹកនោម គឺជា​ក្តី​កង្វល់ និង​ជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​កូន កើត​បញ្ហា​កន្ទួល​រមាស់​។ ដូច្នេះ អ្នក​ត្រូវ​ឧស្សាហ៍​ផ្លាស់ប្តូរ​ខោ​ទឹកនោម ឲ្យ​កូនតូច​របស់​អ្នក​។​

​ការ​ងូតទឹក​
​ការ​ងូតទឹក អាច​សម្អាត​ខ្លួនប្រាណ​ទារក ពី​ធូលី​ដី មេរោគ ក្អែ​ល និង​កោសិកា​ចាស់ៗ​ផងដែរ​។ បន្ថែម​ពីលើ​ការ​ងូតទឹក អ្នក​ក៏​អាច​យក​ក្រណាត់​ទន់ៗ​ស្អាត មក​ត្រាំ​ទឹក រួច​ជូត​ខ្លួន​ឲ្យ​ទា​រកបាន​ផង​ដែរ​។ ចូរ​ប្រើ​ទឹក​ក្តៅ​ល្មម ដើម្បី​ងូត​ឲ្យ​កូន​របស់​អ្នក​។​

​អនាម័យ​សុដន់​របស់​អ្នក​
​ប្រសិនបើ​អ្នក​បំបៅកូន​ដោយ​ដោះ វា​ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​អ្នក​ត្រូវ​តែ​លាង​សម្អាត​ដោះ ឲ្យបាន​ស្អាត មុន​នឹង​ឲ្យ​កូនបៅ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។