ស្ត្រី​ម្នាក់​ជិះ​កង់​ទៅ​ទិញ​ម្ហូប​ត្រូវ​ក្បាល​រថយន្ត​ភ្លើង​បុក​កិន​បែក​ដើមទ្រូង​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ត្រូវ​ក្បាលរថភ្លើង​បុក​ និង​ កិន​បែក​ដើមទ្រូង​ស្លាប់​យ៉ាង​អាណោចអាធ័ម គួរឱ្យ​សោកសង្រេង​កាលពី​វេលា​ម៉ោង ​៤ ​និង ​៤០​នាទី​រសៀល ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​រទេះភ្លើង មុខ​តុលាការយោធា ក្នុងភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ខណៈពេលដែល​ជិះ​កង់​ឆ្លងផ្លូវ​រថភ្លើង​ទៅ​ទិញ​ម្ហូប ​។​ ស្ត្រី​រងគ្រោះ​ឈ្មោះ អូន លក្ខិណា អាយុ​ ២២ ​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់​លើ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​ តាម​ព័ត៌មាន​ឱ្យដឹងថា មុនពេល​កើតហេតុស្ត្រី​រងគ្រោះ​បាន​ជិះ​កង់​ចេញពីផ្ទះ​ដោយ​ឆ្លងផ្លូវ​រថយន្ត​ភ្លើង​ទៅ​ទិញ​ម្ហូប ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​ក្បាលរថភ្លើង​ធ្វើដំណើរ​មកពី​ទិស​ខាងលិច ចូល​រាជធានី​ភ្នំពេញ​មក​បុក​ដួល​ និង ​កិន​ស្ត្រី​រូបនោះ​តែម្តង​ ។

បន្ទាប់ពី​កើតមាន​គ្រោះថ្នាក់​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល​មនុស្សម្នា​កុះករ​នាំគ្នា​ចោមរោម​មើល ហើយ​បុរស​ជា​ប្តី​បាន​បីកូន​អាយុ​ជាង​ ២​ ឆ្នាំ ឈរ​យំ​ក្បែរ​សព​ប្រពន្ធ​ទាំង​ក្កី​ក្តុកក្តួល​បំផុត ។ ​អស់​រយៈពេល​ប្រមាណ​ជាង​ ១​ ម៉ោង​ទើប​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះទៅ​អន្តរាគមន៍​នាំយក​ក្បាលរថភ្លើង​ចេញពី​កន្លែងកើតហេតុ​ហើយ​សព​ត្រូវបាន​រថយន្ត​បញ្ជូន​ទៅកាន់​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ ភ្នាក់ងារ​ប្រចាំ​ភ្នំពេញ​ (ប្រភព TV5)