Cazorla, Sanchez របួស ខណៈ Arsenal ស្វាគមន៍ Walcott ចូល​លេង​វិញ

កីឡាករ Santi Cazorla ទទួល​ការ​វះ​កាត់​ដើម្បី​ព្យាបាល​ជង្គង់​ខាងស្តាំ ដែល​បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ ក្រោយ​ពេល​ប៉ះទង្គិច​ក្នុងការ​ប្រកួត រវាង​ក្លិប​កាំភ្លើង​ធំ Arsenal និង Norway ១-១ កាលពី​ចុង​សប្តាហ៍​មុន។

Cazorla

គ្រូបង្វឹក Arsenal លោក Arsene Wenger បាន​បញ្ជាក់​ពី​ភាពភ័យខ្លាច​ទាំង​កីឡាករ និង​ក្លិប នៅ​ពេល​ដែល​សរសៃ​ពួរ​នៃ​គន្លាក់​ឆ្អឹង​នោះ​ត្រូវបាន​ដាច់។

Cazorla ដែល​បាន​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត លោក Ramon Cugat អ្នកជំនាញ​ឯកទេស​ជង្គង់ បាន​ណែនាំ​ឲ្យ​កីឡាករ​នេះ​ឆាប់​ធ្វើការ​វះកាត់ ជាជាង​ការព្យាបាល​ផ្សេង។ រូបគេ​នឹងត្រូវ​អវត្តមាន​លេង យ៉ាងហោចណាស់​ចំនួន ៤ ខែ។

ដោយឡែក Alexis Sanchez ក៏​ទទួលរង​របួស​សរសៃ​សាច់ដុំ ពេល​ប្រកួត​ជាមួយ Norwich ដែរ ខណៈ​ដែល​លោក Wenger បានអនុញ្ញាត​ឲ្យ​កីឡាករ​នេះ វិល​ទៅ​ព្យាបាល​របួស​គេ​នៅឯ​ប្រទេស ឈី​លី​បាន។ ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​អវត្តមាន​លេង ៣ទៅ៤ សប្តាហ៍​ប៉ុណ្ណោះ។

ប៉ុន្តែ​យ៉ាងណា លោក Wenger បាន​ស្វាគមន៍​ការវិល​ត្រលប់​មកវិញ នូវ​កីឡាករ Theo Walcott ក្រោយ​កីឡាករ​នេះ ត្រូវ​បាន​ប្តូរ​ជំនួស​ចូល​លេង​នៅ​នាទី ទី៦៤ ក្នុងការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ៣-១ លើ​ឆ្មា​ខ្មៅ Sunderland បន្ទាប់ពី កីឡាករ​វ័យក្មេង​សញ្ជាតិ​អង់គ្លេស​នេះ ឈប់​សម្រាក​ព្យាបាល​របួស ៦សប្តាហ៍​មក។

ការ​មកវិញ​របស់ Walcott បាន​បន្ថែម​ទំនុកចិត្ត​ដល់​លោក Wenger ក្នុង​ការជួប​ប្រកួត​ជាមួយ Olympiakos វគ្គ​ជម្រុះ​ក្នុង​ពូ​ល Champions League នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ទោះបី Wenger នៅ​បន្ត​អវត្តមាន​កូនក្រុម​ខ្លួន​ដូចជា Francis Coquelin, Jack Wilshere, Mikel Arteta, Tomas Rosicky និង Danny Welbeck៕