បឹង​កេត នាំ​​កំណត់​ត្រាប្រវត្តិសាស្រ្ត​មក​ដល់​មាតុ​ប្រទេស​វិញ

ក្រុម​បាល់​ទាត់​បឹង​កេតអង្គរ បាន​វិល​មក​ដល់​មាតុ​ប្រទេស​វិញ មុន​នេះ​បន្តិច បន្ទាប់​ពី​ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​នេះ បាន​លត់​​ក្រុម​ម្ចាស់​ជើង​ឯក Becamex Binh Duong របស់​វៀតណាម ៣-២ ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន Toyota Mekong Club Championship 2015 កាល​ពី​យប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ ខណៈ​គ្រាប់​បាល់​ទាំង​៣​នេះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ទេព​កោសល្យ ចាន់ វឌ្ឍនាកា។

bk-002

ជ័យ​ជម្នះ​របស់​ក្រុម​បឹង​កេត​អង្គរ លើក​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ កីឡាករ និងគ្រូ​បង្វឹក​​ក្លិប​ធំៗ​នៅ​កម្ពុជា មាន​ការ​អបអរ​សាទរ​យ៉ាង​ខ្លាំង ព្រោះ​​ការ​ឈ្នះ​ក្រុម​ Becamex Binh Duong នេះ​វា​មិន​មែន​តែ​ជា​ជោគ​ជ័យ​សម្រាប់​ក្លិប​បឹង​កេតអង្គរ មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ជោគ​ជ័យ​សម្រាប់វិស័យ​បាល់​ទាត់​នៅ​កម្ពុជា​ទាំង​មូល ដោយ​សារ​នេះ​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្រ្ត​របស់​ក្លិប​ស្ថិត​នៅ​ក្នុង​លីក​​របស់​​កម្ពុជា ដែល​បាន​យក​ឈ្នះ​ក្លិប​លីក​កំពូល​របស់​វៀតណាម។
​សម្រាប់​ការ​ប្រកួត ដែល​ធ្វើ​នៅកីឡ​ដ្ឋាន Hang Day ទីក្រុង​ហាណូយ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ​នោះ ​ក្រុម​បឹង​កេត បាន​ទទួល​រង​ការ​វាយ​លុក​ពី​សំណាក់​​ក្រុម​ម្ចាស់​ផ្ទះ Becamex Binh Duong យ៉ាង​ខ្លាំង ហើយ​ការ​តែត​បាល់​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ Nsi Amougou នៅ​នាទី​ទី​១៣ បាន​ធ្វើ​ឲ្យ​ក្រុម​បឹង​កេត កាន់​តែ​ជួយ​នូវ​ការ​លំបាក។

bk-001

យ៉ាង​ណា​ក៏​ដោយ ​​ការ​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ដ៏​សកម្ម Esoh Omogba ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ នាំ​ឲ្យ​លោក​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​ចម្ងាយ​១១​ម៉ែត្រ​ឲ្យ​បឹង​កេត នៅ​នាទីទី​៣៩ ហើយ ចាន់ វឌ្ឍនាកា ​បាន​ស៊ុត​បាល់​នោះ​បញ្ជូល​ទី​បាន​យ៉ាង​ល្អ​បំផុត។
បើ​ទោះ​បីជា​ក្រុម​ Becamex Binh Duong បាន​បង្កើត​​ការ​វាយ​លុក​កាន់​តែ​ខ្លាំង មក​លើ​តំបន់​សុវត្ថិភាព​ ប៉ុន្តែ​ក្រុម​បឹង​កេត នៅ​តែ​អាច​បង្កើត​ឱកាស​មាសបាន​ម្តង​ម្កាល នាំ​ឲ្យ​​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ស៊ុត​បាល់​បញ្ចូល​ទី​បាន​២​គ្រាប់​បន្ថែម​ទៀតគឺ​នៅ​នាទីទី​៥៤ និង​នាទីទី​៧៩ មុន​ពេល​​កីឡាករ​ប្រធាន​ក្រុម Nguyen Anh Duc ស៊ុត​បាល់​បញ្ចូល​​ទី​១​គ្រាប់​វិញ ក្នុង​ការ​ទាត់​ប៉េណាល់​ទី នៅនាទីទី​៨៩ ក្រោយ​ពី​លោក​អាជ្ញា​កណ្តាល បាន​ពិន័យ​ខ្សែ​ការពារ​បឹង​កេត ចំពោះ​ការ​ធ្វើ​ឲ្យ Nguyen Anh Duc ទាំង​មិន​ទំនង​នោះ។
​គួរ​បញ្ជាក់​ថា នៅ​ក្នុង​ការ​ប្រកួត​ពាន​មួយ​នេះ ក្រុម​បឹង​កេតអង្គរ ​បាន​ឈ្នះ​ទាំង​៣​ប្រកួត​ជាប់ៗ​គ្នា គឺ​ការ​ឈ្នះ​​ក្រុម Lao Toyota FC ២-០ និង​បន្ត​ឈ្នះ​ក្រុម​លីក​កំពូល​របស់​មីយ៉ាន់ម៉ា Yangon United FC ក្នុង​វគ្គ​ជម្រុះ មុន​ពេល​ពួក​គេ​បាន​​ឈ្នះក្រុម Becamex Binh Duong ៣-២ លើក​នេះ​ ហើយ​ការ​ឈ្នះ​នេះ​បាន​ជួយ​ឲ្យ​ក្រុម​បឹងកេតអង្គរ មាន​ថវិកា​នៅ​ក្នុង​ដៃ​ចំនួន​៥០០០០ដុល្លារ​រួច​ជា​ស្រេច មុន​ពេល​ក្រុម​នេះ​ឡើង​ទៅ​ជួប​​​ក្រុម​​លីក​កំពូល​របស់​ថៃ Buriram United នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នា​ថ្ងៃ​ទី​២០ ខែធ្នូ ខាង​មុខ​នេះ៕