កែវ វាសនា ​សម្រេចចិត្ត​ដូរ​ទ្រនំ​ រត់​ចូល​ «​ថោ​ន»​​ ​ ​

​បើទោះជា​មិនមាន​ការបញ្ជាក់​ពី កែវ វាសនា ក្តី​ក៏​នាពេល​ថ្មីៗ​នេះ ​ខាង​ផលិតកម្ម​ថោ​ន​ បានចេញ មុខ​បញ្ជាក់ថា កែវ វាសនា ពិតជា​បាន​ចុះ​កិច្ច​សន្យា​​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម ថោ​ន មែន​ដែល​បទ​ចម្រៀងរបស់គេ​នឹង​ចេញលក់​ក្នុងពេល​ឆាប់ៗ​នេះ​។ ​កន្លងទៅនេះ មាន​លេច​ឮថា​ តារាចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ ​លោក កែវ វាសនា បានចាកចេញ​ពីសា​ន់​ដេ ទៅចុះ​កុងត្រា​ស្ងាត់ៗ​ជាមួយ​ផលិតកម្ម​ថោ​ន​។ ប៉ុន្តែ​ដំណឹង​នេះ​ពុំត្រូវបាន​ប្រភព​ណាមួយ​បញ្ជាក់​ជា​ផ្លួ​វ​ការ​ឡើយ ​ទើបតែ​ថ្មីៗ​នេះ ខាងផលិតកម្ម​ថោ​ន​បាន​បង្ហើប​ឲ្យ​ដឹងតាមរយៈ​ទំព័រហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដោយសរសេរ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ ៖ ស្វាគមន៍​វត្តមាន​ថ្មី​ពី​តារាចម្រៀង កែវ វាសនា ​នៅក្នុង​ផលិតកម្មថោ​ន​។ បទ​ «​ស្មានថា​អូន​ស្រឡាញ់​បង​ភ្លេច​គេ​ហើយ» (Original Song) ​ពី​សំណាក់​តារាចម្រៀង កែវ វាសនា នៅក្នុង ​Town CD Vol 85 នឹង​ចេញលក់​ឆាប់ៗ​នេះហើយ​។​

ព័ត៌មាន​ស្តីពី​ការចាកចេញ​ពី​ផលិតកម្ម​សាន់​ដេ​របស់ កែវ វាសនា បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកគាំទ្រ តារាចម្រៀង​រូបនេះ​មានការ​ចាប់អារម្មណ៍​ និង​ ភ្ញាក់ផ្អើល​ជាខ្លាំង​ដោយ​ឆ្ងល់​ថា​ តើ​មូលហេតុ​យ៉ាងណា​ទើប​មានរឿង​បែបនេះ​កើត​ឡើង​?​ ។​ ដោយឡែក​ចំពោះ​មូលហេតុ​នៃ​ការចាកចេញ​ពី​ផលិតកម្ម​សាន់​ដេ​ចូល​ថោ​ន ពី​សំណាក់​តារាចម្រៀង កែវ វាសនា រហូតមកទល់​ពេលនេះ ពុំទាន់​មាន​ប្រភព​ផ្លូវការ​ណាមួយ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ ​សូម្បី​លោក កែវ វាសនា ក៏​មិនទាន់​អាច​សុំ​ការបំភ្លឺ​បន្ថែម​តាម​ទូរស័ព្ទ​បានដែរ ។ ប៉ុន្តែ​មាន​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា​ដោយសារតែ​ដល់ពេល​ចប់​កុងត្រា​ហើយ​ទើប​លោក កែវ វាសនា សម្រេចចិត្ត​ផ្លាស់ប្ដូរ​ និង រ​ត់រក​ទ្រនំ​ថ្មី​ដូច្នេះ​។​ ម្យ៉ាងទៀត ​តាម​ការសង្កេតឃើញថា ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទ​ចម្រៀងរបស់លោក​ហាក់​ពុំ​សូវ​មាន​ច្រើន​ដូច​តារា​រួម​ទ្រនំ ​ទើប​ធ្វើ​ឲ្យ​តារា​រូបនេះ​មានការ​អាក់អន់ចិត្ត​សម្រេច​ធ្វើការចាកចេញ​ដោយ​គ្មាន​ស្តាយស្រណោះ តែម្តង​។​

​គួររំលឹកថា ​៖​ លោក កែវ វាសនា ចូល​សិល្បៈ​ដំបូង​តាមរយៈ​ការចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ SSB​ តែ​បន្ទាប់ពី​ផលិតកម្ម​មួយ​នេះ​ក្ស័យធន​ និង ​ត្រូវ​ដួលរលំ​មក លោក កែវ វាសនា ក៏បាន​ងាក​ទៅ​ចូល​ច្រៀង ឲ្យ​ផលិតកម្ម​ M​ ហើយ​បន្ទាប់ពី​ក្លាយជា​តារាចម្រៀង​នៅ​ផលិតកម្ម ​M ​បាន​មួយរយៈ​រួចមក លោក​ក៏បាន​រើ​បង្វេច​ចូល​ផលិតកម្ម​សាន់​ដេ​វិញ​។ ប៉ុន្តែ ថ្មីៗ​នេះ​ទៀត ក៏​ស្រាប់តែ​មានការ​បែកធ្លាយ​ព័ត៌មាន​ថា លោក​កែវ វាសនា បាន​ចុះ​កុងត្រា​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​ថោ​ន​ ហើយដោយ​មាន​បទ​ចម្រៀង​របស់លោក​ត្រៀមចេញលក់​នាពេល​ឆាប់ៗ​នេះ​ទៀតផង​៕ ដេវីត​
​