ក្រុមសៀមរាប និង LEGENDS ឈ្នះកៅអី វគ្គផ្ដាច់ព្រ័ត្រ ពាន Sponsor Cup-2015

ភ្នំពេញ៖ ក្រុមបាល់ទាត់ ក្នុងសាលខេត្តសៀមរាប និងក្រុម LEGENDS បានក្លាយជាក្រុមជើងខ្លាំង ប្រចាំមណ្ឌលខេត្ដសៀមរាប ដែលត្រូវបន្ដឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ឬវគ្គ ១០ក្រុមចុងក្រោយនៃពាន Sponsor Futsal Cup 2015 បន្ទាប់ពីធ្វើការប្រកួត យ៉ាងស្វិតស្វាញរយៈពេល ២ថ្ងៃជាប់គ្នា នៅលើទីលានហ្វូតសាល កណ្ដាលទីក្រុងសៀមរាប កាលពីថ្ងៃទី០៥-០៦ ខែធ្នូចុងសប្ដាហ៍មុន ។

លោក សឹម សានត្រាន អ្នកគ្រប់គ្រងកម្មវិធីប្រកួតពានរង្វាន់ មិនអាជីពខាងលើ បានឲ្យដឹងថា សម្រាប់មណ្ឌលខេត្តសៀមរាបនេះ មានក្រុម បាល់ទាត់មិនអាជីព ២៦ក្រុមចូលរួម ដោយប្រើរូបមន្ដប្រកួតជម្រុះចាញ់ធ្លាក់ដដែល ប៉ុន្ដែ ៤ក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវជួបគ្នា ២ជើង ។ ជាលទ្ធផលក្រុមខេត្តសៀមរាប និងក្រុម LEGENDS បានឈ្នះកៅអីវគ្គផ្ដាច់ព្រ័ត្រប្រចាំមណ្ឌល និងកៅអីវគ្គផ្ដាច់ព្រ័ត្រប្រចាំរដូវកាលរៀងៗខ្លួន ។

បន្ទាប់មកទើបក្រុមខេត្តសៀមរាប និងក្រុម LEGENDS បានជួបគ្នាវិញម្ដង ដើម្បីប្រជែងតំណែងជើងឯកប្រចាំមណ្ឌល ហើយជាលទ្ធផល ក្រុមខេត្តសៀមរាប បានយកឈ្នះក្រុម LEGENDS ដោយលទ្ធផល ៦-៣ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមខេត្តសៀមរាប ជាប់លេខ១ ប្រចាំមណ្ឌល និងទទួលបានប្រាក់រង្វាន់ ២លានរៀល រីឯក្រុម LEGENDS ជាប់លេខ២ ក៏ទទួលបានប្រាក់រង្វាន់ ១លាន ៦សែនរៀលផងដែរ ។

តំណាងក្រុមហ៊ុនភេសជ្ជៈ Sponsor រូបនេះ បានបន្ដថា គិតត្រឹមពេលនេះ ការប្រកួតជម្រុះប្រចាំមណ្ឌលទាំង៥ ទូទាំងប្រទេសកម្ពុជា បានបញ្ចប់ ៣មណ្ឌលហើយ ដោយរកឃើញជើងខ្លាំង ៦ក្រុម ត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ក្នុងនោះមានក្រុម Victory FC និងក្រុម Ov Mal (មណ្ឌលភ្នំពេញ) ខណៈក្រុម FC Crown និងក្រុម GABANA FC រកឃើញនៅមណ្ឌលខេត្តបាត់ដំបង និង ២ក្រុមទៀត ទើបរកឃើញនៅមណ្ឌលខេត្តសៀមរាបខាងលើ ៕

ក្រុមសៀមរាប និង LEGENDS ឈ្នះកៅអី វគ្គផ្ដាច់ព្រ័ត្រ ពាន Sponsor Cup-2015

ក្រុមសៀមរាប និង LEGENDS ឈ្នះកៅអី វគ្គផ្ដាច់ព្រ័ត្រ ពាន Sponsor Cup-2015