រកឃើញជើងឯក ប្រចាំពានរង្វាន់ GLF Tep Khunnah Memorial Cup-2015

ភ្នំពេញ៖ កីឡាករ វាយកូនបាល់កូរ៉េខាងត្បូង Kwon Soon Woo បានក្លាយជាជើងឯកពានរង្វាន់ GLF Tep Khunnah Memorial Cup-2015 លើវិញ្ញាសាឯកត្តជន នៅក្នុងព្រឹត្តិការណ៍ ITF Futures បន្ទាប់ពីប្រកួតឈ្នះកីឡាករចិនតៃប៉ិ Huang Liang-Chi ដោយលទ្ធផល ២-០សិត ជាមួយនឹងពិន្ទុ ៦-៣ និង ៦-៣ កាលពីចុងសប្ដាហ៍មុននេះ ។

នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រនោះដែរ ក៏មានការអញ្ជើញចូលរួមទស្សនា ពីសំណាក់លោក ចម ប្រសិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផងដែរ ។ លើសពីនេះ លោកថែមទាំងជំរុញឲ្យកីឡាករកម្ពុជា បន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងជាមួយកីឡាករ លំដាប់ពិភពលោក ជាក់ស្ដែងដូចនៅក្នុងព្រឹត្តិការណ៍ វាយកូនបាល់អន្ដរជាតិ ITF Futures នេះជាដើម ។

គួរបញ្ជាក់ថា ជើងខ្លាំងលំដាប់ចំណាត់ ថ្នាក់ពិភពលោកលេខ ១០៩២ Kwon Soon Woo ខាងលើ ទើបតែគ្រងតំណែង ជើងពានសប្ដាហ៍ទី១ GLF Open កាលពីពេលថ្មីៗកន្លងទៅទេ ប៉ុន្ដែឥឡូវនេះរូបគេ បានផ្ដួលជើងខ្លាំង ចំណាត់ថ្នាក់ពិភពលោកលេខ ៣៤២ របស់ចិនតៃប៉ិ Huang Liang-Chi ដើម្បីគ្រងតំណែងជើងឯកពានសប្ដាហ៍ទី២ GLF Tep Khunnah Memorial Cup-2015 នៃព្រឹត្តិការណ៍ ITF Futures បន្ដទៀត ។

ដោយឡែកចំពោះជើងឯកវិញ្ញាសាវាយគូវិញ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករមកពីកូរេខាងត្បូង Nam Hyun-Woo មានចំណាត់ថ្នាក់ពិភពលោកលេខ ២៨៣៧ ចាប់ដៃគូជាមួយកីឡាករមិត្តរួមជាតិ Seol Jae-Min បន្ទាប់ពីពួកគេ បានប្រកួតឈ្នះកីឡាករ Gabb Richard មកពីអាល្លឺម៉ង់ ដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ១៤៦៦ ចាប់ដៃគូជាមួយកីឡាករមកពីហូល្លង់ Niesten Miliaan ដោយលទ្ធផល ២-០សិត ជាមួយនឹងពិន្ទុ ៧-៥ និង ៧-៦ ៕

រកឃើញជើងឯក ប្រចាំពានរង្វាន់ GLF Tep Khunnah Memorial Cup-2015

រកឃើញជើងឯក ប្រចាំពានរង្វាន់ GLF Tep Khunnah Memorial Cup-2015