ខេត្ត​កំពតសម្ពោធសមិទ្ធ​ផល​មជ្ឈ​មណ្ឌល​ពិព័រណ៌ការ​ផលិត​អំបិល​បែប​ធម្ម​ជាតិ​

ខេត្ត​កំពត​ ៖​ សមិទ្ធ​ផល​អគារ​មជ្ឈ​មណ្ឌល​ពិព័រណ៌​ការ​ផលិត​អំបិល​បែប​ធម្ម​ជាតិ​នៃ​ប្រទេស​កម្ពុជា​ ដែល​ស្ថិត​នៅ​ឃុំ​ជុំ​គ្រៀល ស្រុក​ទឹក​ឈូ ខេត្ត​កំពត​ ត្រូវ​បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ក្រោម​ការ​ចូល​រួម​ពី​លោក​ខូយ ឃុន​ហ៊ួរ អភិ​បាល​ខេត្ត​។

លោក​ប៊ុន បារាំង សហនាយក​ប្រតិ​បត្តិ​សហ​គមន៍​អ្នក​ផលិត​អំបិល ខេត្ត​កំពត កែប បាន​ឱ្យ​ដឹង​ថា ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ខូយ ឃុន​ហ៊ួរ អភិ​បាល​ខេត្ត​ និង​លោក​អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ អគារ​មជ្ឈ​មណ្ឌល​ពិព័រណ៌​ការ​ផលិត​អំបិល​បែប​ធម្ម​ជាតិ​នេះ​បាន​ចាប់​កសាង​ឡើង​ក្នុង​អំឡុង​ខែ​កក្កដា ២០១៤ ដោយ​ចំណាយ​អស់​ថវិកា​ប្រមាណ​ជា​៣៩.៥០០​ដុល្លារ​ គឺ​ក្នុង​គោល​បំណង​ចូល​រួម​លើក​កម្ពស់​វិស័យ​ទេស​ចរណ៍​របស់​ខេត្ត​កំពត ខេត្ត​កែប តាម​រយៈ​ការ​បង្ហាញ​ពី​វិធី​សាស្ត្រ​ និង​ឧប​ករណ៍​សម្ភារ​សម្រាប់​ផលិត​អំបិល​ អនុវត្ត​តាម​បែប​ប្រពៃ​ណី និង​ធម្ម​ជាតិ​សុទ្ធ​សាធ​។

ពិសេស​ជាង​នេះ​ទៀត គឺ​ការ​រំលេច​ឱ្យ​ពិភព​លោក​ឃើញ​ពី​ផលិត​ផល​ឯក​របស់​ប្រទេស​កម្ពុជា​យើង គឺ​អំបិល និង​ផ្កា​អំបិល​សមុទ្រ​កម្ពុជា​ មាន​រស​ជាតិ​ពិសេស ដែល​អំបិល​គីមី និង​រ៉ែ​មិន​អាច​ផ្ទឹម​បាន​ឡើយ​ប្រៀប​ដូច​ជា​ម្រេច​របស់​ខេត្ត​កំពត និង​ខេត្ត​កែប​ចឹង​ដែរ​។

លោក​ខូយ ឃុន​ហ៊ួរ អភិ​បាល​ខេត្ត​បាន​ចាត់​ទុក​សមិទ្ធ​ផល​មជ្ឈ​មណ្ឌល​ពិព័រណ៌​ការ​ផលិត​អំបិល​បែប​ធម្ម​ជាតិ​នា​ពេល​នេះ គឺ​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​ក្នុង​ចំណោម​សមិទ្ធ​ផល​ថ្មី​នានា​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​របស់​ខេត្ត​កំពត ៕