ហិង្សា​ក្នុង​គ្រួសារ ប្រពន្ធ​វាយ​ក្បាល​ប្តី​១​បំពង់​ទីប​ស្លាប់

ខេត្តក្រចេះ ៖ ប្រភព​ពី​ប៉ូលិស​ឱ្យ​ដឹង​ថា កម្លាំង​ស្រុក​សំបូរ​កំពុង​តែ​តាម​ស្រាវជ្រាវ​រក​ស្ត្រី​ជា​ប្រពន្ធ​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្តី ដោយ​ប្រើ​ដែក​បំពង់​ទីប​មក​វាយ​សំពង​ក្នុង​ជម្លោះ​ហិង្សារ​គ្រួសារ​មួយ​នៅ​ស្រុក​សំបូរ ។

អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ស្ត្រី​ជា​ប្រពន្ធ រហូត​ឈាន​ដល់​ការ​វាយ​សម្លាប់​ប្តី​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៦ ធ្នូ ២០១៥ ស្ថិត​នៅ​លើ​ផ្ទះ​ក្នុងភូមិ​អូរ​កណ្តៀរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ដោយ​បុរស​រង​គ្រោះជា​ប្តី​ត្រូវ​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ នេះ បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង ដោយសារ​រង​របួស​ត្រង់​ក្បាល​ធ្ងន់ធ្ងរ​ពេក ។

បុរស​រង​គ្រោះជា​ប្តី​ឈ្មោះ​ប៊ុត ក្តាន់ អាយុ​៤៦​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ រីឯ​ស្ត្រី​ដៃដល់​ជា​ប្រពន្ធ​ឈ្មោះ​ហ៊ុន គិ​ម អាយុ​៤៣​ឆ្នាំ មានកូន​ចំនួន​៧​នាក់ ស្រី​២​នាក់ ។

បើ​តាម​ការ​បញ្ជាក់​ពី​នគរបាល​ស្រុក​សំបូរ​ឱ្យ​ដឹង​ថា ករណី​ឃាតកម្ម​នេះ ផ្តើម​ចេញ​ជម្លោះ​ហិង្សា​ក្នុង​គ្រួសារ កាលពី​វេលា​យប់​ថ្ងៃ​កើតហេតុ ស្ត្រី​ដៃដល់​បាន​ឈ្លោះ​ជាមួយ​ក្មួយ​ស្រី​ម្នាក់​នៅ​លើ​ផ្ទះ ។ ស្រប​ពេល​គ្នា​នោះ បុរស​ជា​ប្តី​បាន​តមាត់​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ ក៏​កើតជា​ជម្លោះ​ដាក់​គ្នា​ខ្លាំង​ទៅ ។ ភ្លាម​ៗ ស្ត្រី​ជា​ប្រពន្ធ​បាន​យក​ដែក​បំពុង​ទីប​វាយ​មក​លើ​បុរស​ជា​ប្តី បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រង់​ក្បាល​និង​ដងខ្លួន ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​សំបូរ​កំពុង​តែ​ស្រាវជ្រាវ​រក​ស្ត្រី​សង្ស័យ ខណៈ​កំពុង​គេចខ្លួន ។