អភិបាលខេត្ត​អា​ដេ​ន​ស្លាប់​ដោយសារ​ការ​វាយប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​យេ​ម៉ែ​ន

អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់ ព្រមទាំង​ប្រជាជន​រាយការណ៍​ថា អភិបាលខេត្ត​អា​ដេ​ន លោក JAAFAR MOHAMED SAAD បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៦ ធ្នូ ដោយ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​ប្រឆាំង​ក្បួន​រថយន្ត​របស់​លោក ។

មនុស្ស​យ៉ាងតិច​៦​នាក់​ទៀត​ក្នុង​ក្បួន​រថយន្ត​នេះ​ក៏​ត្រូវ​ស្លាប់​ដែរ រួច​មនុស្ស​ជា​ច្រើន​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ ដែល​ប្រកាស​ទទួលខុសត្រូវ​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​សង្កាត់​តា​វ៉ា​ហ៊ី ក្រុង​អា​ដេ​ន ខណៈ​ពេល​អភិបាល​រូប​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​លោក ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និយាយ​ថា បាន​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​ប្រឆាំង​ក្បួន​រថយន្ត ។ ប្រភព​ព័ត៌មាន​ខាង​ផ្នែក​សន្តិសុខ និង​ប្រជាជន​ដំបូង​និយាយ​ពី​ការ​បាញ់​គ្រាប់​រ៉ុក្កែត RPG ឬ​ពី​ការ​វាយប្រហារ​អត្តឃាត​មួយ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ចេញផ្សាយ​រូបថត​នានា​នៃ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ ខណៈ​ពេល​ក្បួន​រថយន្ត​របស់​លោក SAAD កំពុង​ធ្វើ​ដំណើរ ហើយ​រូបថត​២​សន្លឹក​ទៀត​បង្ហាញ​ពី​ដុំ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ក្រោយ​ការ​ផ្ទុះ​ដែល​លាន់ឮ​ក្នុង​រង្វង់​១០​គីឡូម៉ែត្រ ។

សាកសព​មនុស្ស​ឆេះ​ខ្លោច​មើល​ពុំ​ស្គាល់​នានា​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ JOUMHOURIYA ។ ម្យ៉ាងវិញទៀត នៅ​ភាគ​ខាងលិច​ក្រុង​អា​ដេ​ន ប្រមុខ​កងជីវពល​មូលដ្ឋាន​មួយ​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី​បាន​ត្រូវ​ពួក​ជនប្រដាប់អាវុធ​សម្លាប់ ។

អា​ដេ​ន​ជាទី​ក្រុង​ធំ​តែ​មួយ​គត់​របស់​យេ​ម៉ែ​ន​ត្រួតត្រា ដោយ​រដ្ឋាភិបាល​ប្រធានាធិបតី​លោក​អាប​ដ៍ រ៉ា​បបូ ម៉ា​ន់​សួរ ហា​ឌី ដែល​តស៊ូ​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រឆាំង​ពួក​ជីវពល​ស៊ី​អុ​ី​ត​ហ៊ូ​ធី និង​សម្ព័ន្ធមិត្ត គឺ​កងកម្លាំង​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​លោក​អា​លី អាប់​ដាល់​ឡា​ហ៍​សា​ឡេ​ហ៍ ។

រដ្ឋាភិបាល​យេ​ម៉ែ​ន​រង​ការ​គំរាមកំហែង​ពី​សំណាក់​ពួក​ជី​ហា​ដ​ស៊ុន​នី​ត ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ក្រុម​អាល់​កៃ​ដា​នៅ​ឧបទ្វីប​អា​រ៉ាប់ AQPA ផង ដែរ ។

លោក JAAFAR MOHAMED SAAD ជា​អតីត​ឧត្តមសេនីយ៍​នៃ​កងទ័ព​យេ​ម៉ែ​ន​ខាងត្បូង មុន​ពេល​បង្រួបបង្រួម​ប្រទេស​កាលពី​ឆ្នាំ​១៩៩០ ហើយ​ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​អា​ដេ​ន កាលពី​ខែតុលា កន្លង​មកនេះ ៕