បាញ់​សម្លាប់​មនុស្ស​នៅ​អា​​មេ​រិ​ក FAROOK​ប្រកាន់​យក​មនោគមន៍វិជ្ជា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

ក្នុង​បទ​សម្ភាសន៍​មួយ ឪពុក​របស់​បុរស​ខ្មាន់កាំភ្លើង​និយាយ​ថា កូនប្រុស​របស់​គាត់​ឈ្មោះ SYED FAROOK សញ្ជាតិ​អា​មេ​រិ​ក មាន​ដើម​កំណើត​ប៉ា​គី​ស្ថាន ជា​ខ្មាន់កាំភ្លើង រួម​ជាមួយ​ភរិយា​គេ​បាញ់​សម្លាប់​មនុស្ស​រង្គាល​នៅ​ក្រុង SAN BERNARDINO រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បាន​ប្រកាន់​យក​មនោគមន៍វិជ្ជា​របស់​ប្រមុខ​នៃ​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​មានការ​ឃ្នើសចិត្ត​ចំពោះ​អីុ​ស្រា​អែ​ល ។

ពេល​ធ្វើ​សម្ភាសន៍​នៅ​សហរដ្ឋ​អា​​មេ​រិ​ក ដោយ​កាសែត​អីុ​តា​លី LA STAMPA ឪពុក​របស់​ឃាតករ​រូប​នេះ​រៀបរាប់​ថា កូនប្រុស​គាត់ SYED FAROOK យល់​ស្រប​តាម​មនោ​គមន៍វិជ្ជា​របស់ AL BAGHDADI ដើម្បី​បង្កើត​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​គេ​មានការ​ឃ្នើសចិត្ត​ចំពោះ​អីុ​ស្រា​អែ​ល ។ គាត់​រៀបរាប់​ទៀត​ថា ខ្ញុំ​តែង​និយាយ​ទៅ​កាន់ FAROOK ឱ្យ​គេ​រំងាប់​ចិត្ត អត់ធ្មត់​ព្រោះ​២​ឆ្នាំ​ទៀត អីុ​ស្រា​អែ​ល​នឹង​លែង​មាន​ទៀត​ហើយ ។ ភូមិសាស្ត្រ​នយោបាយ​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​រុ​ស្ស៊ី ចិន និង​អា​មេ​រិ​ក​ផង​ដែរ គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​ពួក​ជ្វី​ហ្វ​នៅ​ទីនោះ​ឡើយ ។ ប្រទេស​ទាំងនេះ​នឹង​នាំ​ពួក​ជ្វី​ហ្វ​មក​កាន់​អ៊ុយ​ក្រែ​ន ។ តើ​ចាំបាច់​អី​ត្រូវ​ធ្វើការ​ប្រយុទ្? យើង​បាន​ធ្វើ​រឿង​នេះ​រួច​ហើយ​តែ​យើង​ត្រូវ​បរាជ័យ ។ ក៏​ប៉ុន្តែ FAROOK ពុំ​ស្តាប់​ការ​ពន្យល់​ណា​ទាំងអស់ ។ រូបគេ​ឃ្នើសចិត្ត​ប្រកាន់​គំនិត​ប្រឆាំង​អីុ​ស្រា​អែ​ល ។

មក​កាន់​សហរដ្ឋ​អា​មេ​រិ​ក​ពី​ប៉ា​គី​ស្ថាន​កាលពី​ឆ្នាំ​១៩៧៣ ឪពុក​រូប​នេះ​ដែល​មានឈ្មោះ​ថា SYED និង​មាន​អាយុ​៦៧​ឆ្នាំ រៀបរាប់​ទៀត​ថា កូនប្រុស​គាត់​ពេល​មាន​វ័យ​ជំទង់​ពុំដែល​ទៅ​ដើរ​លេង​បុណ្យ​ទាន រួម​ជាមួយ​មិត្តភក្តិ​ឡើយ ដោយ​និយាយ​ថា ជន​អ៊ិ​ស្លា​ម​ល្អ​ម្នាក់ អាច​មើល​ការ​រាំ​របស់​ភរិយា​ខ្លួន​ម្នាក់​ប៉ុណ្ណោះ ។ គាត់​បន្ត​ថា មាន​ពេល​មួយ​គាត់​ឃើញ​កូន​គាត់​កាន់​កាំភ្លើងខ្លី​មួយ​ដើម ហើយ​គាត់​ខឹង​ចំពោះ​រូបគេ​ខ្លាំង​ណាស់​។ ផ្ទុយ​ទៅ​វិញ គាត់​អះអាង​ថា ពុំ​បានដឹង​ថា​តើ​កូនប្រុស​រូប​នេះ​មានការ​ទាក់ទង​ជាមួយ​ពួក​ភេរវ​ករ ឬ​យ៉ាងណា​ឡើយ ។

SAYED FAROOK ជា​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​មាន​អាយុ​២៨​ឆ្នាំ ជា​និយោជិត​នៃ​ផ្នែក​សុខាភិបាល​ក្រុង ហើយ​កាន់សាសនា​អ៊ិ​ស្លា​ម ។ រូបគេ​ពេល​ចេញ​វាយប្រហារ​អម​ដោយ​ភរិយា​គេ​អាយុ​២៩​ឆ្នាំ ឈ្មោះ TASHFEEN MALIK ដែល​ពួក​គេ​រៀប​ការ​នឹង​គ្នា​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​នាង​ក៏​ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ដែរ ។

ពួក​គេ​មានកូន​ស្រី​ម្នាក់​អាយុ​៦​ខែ មាន​អាវុធ​គ្រាប់​គ្រាន់ បាន​បាញ់ប្រហារ​ក្នុង​សាលសន្និសីទ​មួយ​នៃ​មជ្ឈមណ្ឌល​ព្យាបាល​ជន​ពិការ​ក្រុង SAN BERNARDINO ដែល​គេ​ជួល​ទីតាំង​នេះ​សម្រាប់​រៀបចំ​ពិធីជប់លៀង​ដល់​បុ​គ្គ លិ​ក​សុខាភិបាល ។ ការ​បាញ់ប្រហារ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៤​នាក់ និង​របួស​២១​នាក់ ។ នាង TASHFEEN MALIK បាន​សរសើរ​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ABOU BAKR AL BAGHDADI ក្នុង​សារ​មួយ​ផ្សាយ​តាម FACEBOOK ៕