​រដ្ឋាភិបាល​​​មិន​​​ទាន់​​​សម្រេច​​​ចិត្ត​​​លើ​​​​​​ទីតាំង​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​សម្រាប់​​​អ្នក​​​​​​ដែល​​​​​​ត្រូវ​​​​​​​​​បណ្តេញ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​

មន្ត្រី​​​ក្រសួង​​​ហិរញ្ញ​​​វត្ថុ​​​មួយ​​​រូប​​​បាន​​​និយាយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា រដ្ឋា​​​ភិបាល​​​​​​មិន​​​ទាន់​​​សម្រេច​​​​​​ថា​​​តើ​​​ខ្លួន​​​​​​នឹង​​​​​​អនុវត្ត​​​តាម​​​​​​គោលការណ៍​​​ធនាគារ​​​អភិវឌ្ឍ​​​អាស៊ី​​​​​​ដែល​​​ថា​​​ ក្រុម​​​គ្រួសារ​​​ដែល​​​​​​ប្រឈម​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​តាម​​​ផ្លូវ​​​រថ​​​ភ្លើង​​​ចាស់​​​ៗនៃ​​​ប្រទេស​​​នេះ​​​​​​​​​នឹង​​​​​​ទទួល​​​បាន​​​​​​ជម្រើស​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​​​​ល្អ​​​ប្រសើរ​​​ជាង​​​​​​​​​ជម្រើស​​​​​​ដែល​​​​​​គេ​​​​​​មាន​​​​​​ពេល​​​នេះ​​​ទេ​​​។​​​

រដ្ឋា​​​ភិបាល​​​​​​បាន​​​បង្កើត​​​​​​ទី​​​តាំង​​​​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​​​​ជា​​​ច្រើន​​​កន្លែង​​​​​​សម្រាប់​​​​​​ប្រជាពល​​​​​​រដ្ឋ​​​ប្រហែល​​​១.០០០​​​គ្រួសារ​​​​​​ដែល​​​បាន​​​ចាក​​​ចេញ ឬ​​​​​​​​​មិន​​​ទាន់​​​​​​បាន​​​ចាក​​​ចេញ​​​​​​ពី​​​​​​ផ្ទះ​​​សំបែង​​​​​​ពួក​​​គេ​​​ ដើម្បី​​​​​​​​​ត្រួស​​​ត្រាយ​​​ផ្លូវ​​​សម្រាប់​​​​​​​​​​​​ស្តារ​​​ឡើង​​​វិញ​​​នូវ​​​ផ្លូវ​​​រថ​​​ភ្លើង​​​​​​ដែល​​​បោះ​​​បង់​​​ចោល​​​យូរ​​​ឆ្នាំ​​​មក​​​ហើយ ដែល​​​ធនាគារ​​​អភិវឌ្ឍ​​​អាស៊ី​​​​​​ភាគ​​​ច្រើន​​​ផ្តល់​​​​​មូល​​​និធិ​​​ឲ្យ។ ប៉ុន្តែ​​​​​​​​​ក្រុម​​​គ្រួសារ​​​​​​បាន​​​ត្អូញ​​​​​​ត្អែរ​​​ថា​​​ ទី​​​តាំង​​​ទាំង​​​នោះ​​​មិន​​​មាន​​​បំពាក់​​​ឧបករណ៍​​​គ្រប់​​​គ្រាន់​​​ ហើយ​​​នៅ​​​​​​​​​ឆ្ងាយ​​​ពី​​​​​​ឱកាស​​​ការ​​​ងារ​​​ដែល​​​នឹង​​​​​​មិន​​​ឲ្យ​​​ពួក​​​គេ​​​រក​​​ប្រាក់​​​ចំណូល​​​បាន​​​ច្រើន​​​ដូច​​​ពី​​​មុន​​​ទេ ដោយ​​​បង្ខំ​​​ឲ្យ​​​ពួកគេ​​​​​​ខ្ចី​​​បុល​​​។

កាល​​​ពី​​​ខែ​​​មុន គណៈ​​​កម្ម​​​ការ​​​​​​​​​សើ​​​រើ​​​ការ​​​អនុវត្ត​​​របស់​​​ធនាគារ​​​អភិវឌ្ឍ​​​អាស៊ី​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​​​​​​​របស់​​​ក្រុម​​​គ្រួសារ​​​មួយ​​​ចំនួន​​​​​​សម្រាប់​​​​​​ការ​​​សើ​​​រើ​​​​​​​​​​​​គម្រោង​​​​​​រួម​​​របស់​​​ធនាគារ​​​​​​ជាមួយ​​​រដ្ឋាភិបាល​​​ ដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​គម្រោង​​​ផ្លូវ​​​រថ​​​ភ្លើង​​​​​​អនុវត្ត​​​ស្រប​​​តាម​​​​​​គោលការណ៍​​​ធនាគារ​​​អភិវឌ្ឍ​​​អាស៊ី​​​ក្នុង​​​ការ​​​ធានា​​​ថា​​​ក្រុម​​​គ្រួសារ​​​​​​ដែល​​​គម្រោង​​​នេះ​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​ គឺ​​​មិន​​​ធ្លាក់​​​ខ្លួន​​​​​​​​​​​​ក្រី​​​ក្រ​​​ជាង​​​ពួក​​​គេ​​​កាល​​​ពី​​​មុន។​​​ ទន្ទឹម​​​នឹង​​​នេះ គណៈ​​​​​​កម្ម​​​ការ​​​​​​​​​ត្រូវ​​​ប្រាកដ​​​ថា ក្រុម​​​គ្រួសារ​​​ដែល​​​​​​​​​មិន​​​ចង់​​​ចាក​​​ចេញ​​​ទៅ​​​កាន់​​​​​​ទី​​​តាំង​​​ដែល​​​មាន​​​ស្រាប់​​​ មាន​​​សិទ្ធិ​​​​​​​​​ជ្រើស​​​រើ​​​ស​​​​​​ការ​​​តាំង​​​ទី​​​លំ​​​នៅ​​​ថ្មី​​​​​​នៅ​​​ជិត​​​នឹង​​​​​​ផ្ទះ​​​សំបែង​​​របស់​​​ពួក​​​គេ​​​តាម​​​បណ្តោយ​​​ផ្លួវ​​​រថ​​​ភ្លើង។​​​​​​​​​​​​​​​​​​

ទីតាំងតាំងលំនៅថ្មី​​​នឹងត្រូវ​​​បង្កើត​​​ឡើង​​​ ហើយ​​​គ្រប់គ្រង​​​ដោយ​​​គណៈកម្មាធិការ​​​​​​អន្តរក្រសួង​​​ទទួល​​​បន្ទុក​​​​​​ការ​​​តាំងទី​​​លំនៅថ្មី​​​។

ទាក់ទង​​​កាលពី​​​ម្សិលមិញ លោក ស៊ឹម សំណាង អនុប្រធាន​​​នាយក​​​ដ្ឋាន​​​តាំងទីលំនៅថ្មី​​​របស់​​​ក្រសួង​​​​​​ហិរញ្ញវត្ថុ បាន​​​និយាយថា រដ្ឋាភិបាល​​​មិនទាន់​​​សម្រេច​​​ថាតើ​​​អនុវត្ត​​​តាម​​​លក្ខខណ្ឌ​​​សម្រាប់​​​ទីតាំង​​​តាំង​​​លំនៅ​​​​​​ថ្មី​​​ និង​​​រហូត​​​មក​​​ដល់​​​ពេល​​​នេះ​​​​​​​​​មិន​​​ទាន់​​​ចាត់ទុកថា​​​ជាគំនិត​​​នៅឡើយ។

លោក​​ ស៊ឹម​​​ សំណាង បាន​​​និយាយថា “យើង​​​មិនទាន់​​​ពិចារណា​​​ចំពោះ​​​ចំណុច​​​នេះ​​​នៅឡើយ​​​ទេ យើង​​ត្រូវ​​​ពិភាក្សា​​​ជាមួយ​​​ធនាគារ​​​អភិវឌ្ឍ​​​អាស៊ី​​​ជាមុន​​​សិន​​​”។ លោក ស៊ឹម​​​ សំណាង​​​​​​បដិសេធ​​​មិន​​​ចែក​​​រំលែក​​​គំនិត​​​របស់​​​លោកទាក់​​​ទិន​​​នឹង​​​បញ្ហានេះទេ។

សួរ​​​អំពី​​​ទីតាំង​​​តាំង​​​លំនៅថ្មី ក្រុម​​​ធនាគារ​​​អភិវឌ្ឍអាស៊ី​​​ប្រចាំ​​​ប្រទេសមិន​​​បាន​​​ផ្តល់​​​ចម្លើយ​​​ច្បាស់​​​លាស់​​​ទេ។

ក្រុម​​​នេះបាន​​​និយាយ​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​​​​ដែលរៀបចំ​​​ជាមុន​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា “ធនាគារ​​​អភិវឌ្ឍអាស៊ី​​​កំពុងធ្វើ​​​ការ​​​ជាមួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​ធានាថា សកម្មភាព​​​ដោះស្រាយ​​​ត្រូវ​​​អនុវត្តពេញ​​​លេញ​​​”។

សេចក្តីថ្លែងការណ៍​​​បាន​​​និយាយថា “ផ្អែកលើ​​​សកម្មភាព​​​ដោះ​​​ស្រាយ​​​ដែលយល់​​​ព្រម​​​ជាមួយ​​​រដ្ឋាភិបាល​​​ គឺ​​​រដ្ឋាភិបាល​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រសើរឡើង​​​នូវឧបករណ៍​​​ផ្សេងៗនៅឯ​​​ទីតាំង​​​តាំងទីលំនៅ​​​ថ្មី​​​ ហើយ​​​ក៏​​​បន្តអនុវត្ត​​​កម្មវិធី​​​ស្តារប្រាក់ចំណូល​​​បន្ថែម។ ធនាគារ​​​អភិវឌ្ឍអាស៊ី​​​បន្ត​​​ពិភាក្សា​​​ជាមួយ​​​រដ្ឋាភិបាល​​​ទាក់ទិន​​​នឹង​​​បញ្ហា​​​ដី៣០ម៉ែត្រការ៉េ​​​ និង​​​ការអនុវត្តរបស់​​​ខ្លួន”។

គណៈកម្មការ​​​សើរើ​​​បាន​​​សម្រេច​​​ថា ក្រុម​​​គ្រួសារដែល​​​ត្រូវ​​​លះបង់​​​ដីមួយក្បាល​​​របស់​​​គេ​​​សម្រាប់​​​គម្រោង​​​ផ្លូវរថភ្លើង​​​ ប៉ុន្តែ​​​នៅសល់​​​ដីតិចជាង៣០ម៉ែត្រការ៉េ​​​ គួរទទួលបាន​​​សំណង​​​ដូចគ្នា​​​ប្រសិន​​​បើ​​​ពួកគេបាត់បង់​​​ដីទាំង​​​អស់​​​។

អង្គការ​​​សមធម៌កម្ពុជា ជាអង្គការ​​​ក្រៅរដ្ឋាភិបាល​​​មួយ​​​ដែលជួយ​​​ក្រុមគ្រួសារ​​​ទាំង​​​នោះ​​​ បាន​​​និយាយថា ខ្លួន​​​សង្ឃឹម​​​ថា ធនាគារ​​​អភិវឌ្ឍអាស៊ី​​​ និង​​​រដ្ឋាភិបាល​​​នឹង​​​ផ្តល់​​​នូវ​​​ជម្រើស​​​តាំង​​​ទីលំនៅថ្មី​​​ឲ្យ​​​សមរម្យ​​​ជាង​​​នេះ​​​។

លោក អៀង វុទ្ធី នាយក​​​ប្រតិបត្តិ​​​នៃ​​​អង្គការ​​​នេះ បាន​​​និយាយថា “ពេលនេះ​​​គណៈកម្មការ​​​សើរើ​​​ការអនុវត្ត​​​បាន​​​​​​ថ្លែង​​​យ៉ាង​​​ច្បាស់​​​ថា ប្រជាពលរដ្ឋ​​​មាន​​​សិទ្ធិ​​​​​ជ្រើសរើស​​​ការ​​​តាំង​​​ទីលំនៅ​​​ថ្មី​​​ដែលនឹង​​​មិនធ្វើ​​​ឲ្យ​​​ពួកគេ​​​ក្រីក្រ​​​ យើង​​​សង្ឃឹម​​​ថា ធនាគារ​​​អភិវឌ្ឍអាស៊ី​​​ និង​​​រដ្ឋាភិបាល​​​នឹងធ្វើការ​​​ដើម្បី​​​ស្វែងរក​​​ដំណោះស្រាយ​​​សមរម្យ​​​សម្រាប់​​​គ្រួសារ​​​ទាំង​​​នេះ​​​ ដែល​​​កំពុង​​​រស់នៅ​​​ស្ថិត​​​ក្រោម​​​ការ​​​គំរាម​​​កំហែង​​​នៃការ​​​កម្ទេច​​​ផ្ទះសំបែង​​​អស់​​​រយៈពេល​​​ជិត​​​១០ឆ្នាំ​​​មកហើយ”៕ រើន​​​

 

The post ​រដ្ឋាភិបាល​​​មិន​​​ទាន់​​​សម្រេច​​​ចិត្ត​​​លើ​​​​​​ទីតាំង​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​សម្រាប់​​​អ្នក​​​​​​ដែល​​​​​​ត្រូវ​​​​​​​​​បណ្តេញ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​ appeared first on ខេមបូឌា ដេលី.