បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​3 រក​ឃើញ​6​ក្រុម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​៣ កាលពី​ថ្ងៃអាទិត្យ​ទី​៦ ធ្នូ កន្លង​មកនេះ គេ​រក​ឃើញ​៦​ក្រុម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​ហើយ បន្ទាប់​ពី​កីឡាករ​ទាំង​១២​ក្រុម​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​រួច​មក ។

កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​វិច្ឆិកា ក្រុម​ក្រសួងពាណិជ្ជកម្ម បាន​យកឈ្នះ​ក្រុម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក្នុង​លទ្ធផល​៣-២ តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី បន្ទាប់​ពី​ក្រុម​ទាំង​២​លេង​ស្មើ​១-១​ក្នុង​ការ​ប្រកួត​ពេញ​ម៉ោង​៧០​នាទី ។ លទ្ធផល​នេះ​ធ្វើ​ឱ្យ​ក្រុម​ក្រសួងពាណិជ្ជកម្ម​មានឱកាស​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​៦​ក្រុម​ចុង​ក្រោយ​ជា​បន្ត​។ ចំណែក​ក្រុម​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​យកឈ្នះ​៣-១ ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​លើ​ក្រុម​ក្រសួងបរិស្ថាន បន្ទាប់​ពី​ក្រុម​២​នេះ​លេង​ស្មើ​១-១​នៅ​ក្នុង​ការ​ប្រកួត​ពេញ​ម៉ោង​៧០​នាទី ។

កាលពី​ថ្ងៃ​សៅរ៍​ទី​៥ ធ្នូ ក្រុម​ក្រសួងសុខាភិបាល​បាន​យកឈ្នះ​ក្រុម​ក្រសួងទេសចរណ៍​៤-១ និង​មួយ​ប្រកួត​ទៀត​ក្រុម​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​យកឈ្នះ​លើ​ក្រុម​សាលា​រាជធានី​ភ្នំពេញ​៨-២ ។ ដូច្នេះ​ក្រុម​ក្រសួងសុខាភិបាល និង​ក្រុម​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​៦​ក្រុម​ចុង​ក្រោយ​ជា​បន្ត​ទៀត ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​ទី​៦ ធ្នូ កន្លង​មកនេះ ក្រុម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​យកឈ្នះ​លើ​ក្រុម​ក្រសួង​សាធារណការ​និង​ជញ្ជូន​២-០​និង​មួយ​ប្រកួត​ទៀត​ក្រុម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​យកឈ្នះ​លើ​ក្រុម​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​លទ្ធផល​៦-២​។ ដូច្នេះ​ក្រុម​ដែល​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​៦​ក្រុម​ចុង​ក្រោយ​ជា​បន្ត​ទៀត ។

តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​៦​ក្រុម​ចុង​ក្រោយ​នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ទី​១១ ធ្នូ និង​ថ្ងៃ​សៅរ៍​ទី​១២ ធ្នូ ចុង​ស​ប្ដា​ហ៍​នេះ​។ ថ្ងៃ​សុក្រ​មាន​២​ប្រកួត​គឺ​ក្រុម​ក្រសួងសុខាភិបាល​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ក្រសួងពាណិជ្ជកម្ម និង​ក្រុម​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា ជួប​ប្រកួត​ជាមួយ​ក្រុម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។ រីឯ​ថ្ងៃ​សៅរ៍​មាន​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ គឺជា​ការ​ជួប​គ្នា​រវាង​ក្រុម​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រុម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

នេះ​គឺជា​ការ​ប្រកួត​វគ្គ​ជម្រុះ​លើក​ចុង​ក្រោយបង្អស់​នៃ​ពានរង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​៣​ឆ្នាំ​២០១៥​ដើម្បី​ចម្រាញ់​រក​ក្រុម​ឈ្នះ​៤​ក្រុម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត ។ ការ​ប្រកួត​តាំងពី​ដើម​ដល់​ចប់​ធ្វើ​ឡើង​នៅ​លើ​ទីលាន​Premium Sport Club​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ដោយ​ការ​ប្រកួត​មាន​រយៈពេល​តែ​៧០​នាទី​ប៉ុណ្ណោះ  ៕