ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ផ្ដល់​ទីតាំង​ភូមិ​ថ្មី​ចម្ងាយ​៧​គីឡូ​ម៉ែត្រ​ពី​ទំនប់​វារីអគ្គិសនី

ពលរដ្ឋ​យល់​ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ កន្លង​មក​នោះ ស្នើ​ឲ្យ​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី ជ្រើស​ទីតាំង​ដី​ភូមិ​នៅ​ខាង​កើត​ដី​អូរ​ចំបក់​ចម្ងាយ​ពី​ទំនប់​វារីអគ្គិសនី ៧​គីឡូម៉ែត្រ។ អ្នក​ភូមិ​កត់​សម្គាល់​ថា តំបន់​នោះ​ជា​ទីតាំង​សំខាន់​អាច​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​តាម​រយៈ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ពេល​ទំនប់​ដំណើរ​ការ និង​ជា​តំបន់​ផ្តល់​ប្រភព​ទឹក ជាដើម។ ចំណែក​អាជ្ញាធរ​ខេត្ត បារម្ភ​ខ្លាច​មាន​ហានិភ័យ​កើត​ឡើង បើ​ទីតាំង​ក្បែរ​ទំនប់​វារីអគ្គិសនី​ក្លាយ​ជា​ភូមិ​ពលរដ្ឋ​រស់នៅ។

អ្នក​ភូមិ​ស្រែគរ ឲ្យ​ដឹង​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កំពុង​សាងសង់​សម្រេច​បាន​ប្រមាណ​ជាង ៥០​ភាគរយ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ជាង ៣០% នៃ​អ្នក​រង​ផល​ប៉ះពាល់​នៅ​តែ​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​លំនៅឋាន។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត គឺ​លោក សៀក រិទ្ធ ថ្លែង​បញ្ជាក់​ថា ការ​ជ្រើស​រើស​ទីតាំង​ដី​ភូមិ ឬ​ដី​លំនៅឋាន​មាន​សារសំខាន់។ ដូច្នេះ អ្នក​ភូមិ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ផ្តល់​ទីតាំង​ដី​ភូមិ​នៅ​ជិត​ប្រភព​ទឹក ដូចជា ទន្លេ និង​អូរ ជាដើម។ លោក​បារម្ភ​ខ្លាច​ទីតាំង​ភូមិ​ដែល​អាជ្ញាធរ​ផ្តល់​ឲ្យ បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​រស់នៅ ប្រសិន​បើ​ទីតាំង​នោះ​គ្មាន​ប្រភព​ទឹក​ប្រើប្រាស់៖ «មាន​ជាតិ​ទឹក​វា​ស្រួល​បង្ក​កសិកម្ម​ស្រោច​ដំណាំ​បន្លែ​យើង។ ធ្វើ​នេសាទ​ធ្វើ​អី យើង​ធ្លាប់​រក​ស៊ី​នៅ​ជិត​ទឹក»

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អភិបាល​រង​ខេត្ត លោក ដួង ពៅ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​សិក្សា​ពិនិត្យ​លទ្ធភាព​ពី​តម្រូវ​ការ​ពលរដ្ឋ​ជាក់លាក់ ធ្វើ​យ៉ាង​ណា​ធានា​សក្ដានុពល​ទាំង​ដី​ប្រភេទ​លំនៅឋាន និង​ដី​កសិកម្ម ជាដើម។ លោក​ថា មន្ត្រី​ជំនាញ​បច្ចេកទេស បាន​សិក្សា​យ៉ាង​ហ្មត់ចត់ ដើម្បី​ផ្តល់​ទីតាំង​ភូមិ និង​ដី​កសិកម្ម​ជូន​ពលរដ្ឋ ដែល​ធានា​នូវ​និរន្តរភាព​រស់នៅ​របស់​អ្នក​ភូមិ៖ «ការ​សំណូមពរ​ប្រជាពលរដ្ឋ យើង​នឹង​យក​មក​ពិចារណា តើ​យើង​អាច​ទទួល​យក​បាន​អត់? យើង​បាន​សិក្សា​ហើយ យើង​មិន​ឲ្យ​គាត់​ជួប​ការ​លំបាក​ទេ។ យើង​បាន​សិក្សា​ទីតាំង​សុវត្ថិភាព​ទាំង​ការ​រៀបចំ​រៀប​រយ​ភូមិឋាន ទាំង​ស្ថានភាព​បរិស្ថាន​ភូមិដ្ឋាន​របស់​គាត់ ក៏ដូចជា​ដី​ស្រែ​របស់​គាត់ សុទ្ធតែ​ដី​មាន​ជីជាតិ»

របាយការណ៍​សិក្សា​ផល​ប៉ះពាល់​ស្ដីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៣ ត្រូវ​ជម្លៀស​ចេញ​ពី​ភូមិ​ចាស់ ទៅ​តាំង​ទីលំនៅ​ថ្មី​ក្នុង​ស្រុក​សេសាន ចម្ងាយ​ប្រមាណ​ពី ១០ ទៅ ១៥​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ៦២០
សកម្មភាព​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Men Sothyr

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ និយាយ​ថា ទីតាំង​ដី​ខាង​កើត​អូរ​ចំបក់ ឆ្ងាយ​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ចម្ងាយ ៧​គីឡូម៉ែត្រ។ លោក​ថា តំបន់​នោះ​ជិត​ប្រភព​ទឹក​សំខាន់ និង​ទេសភាព​ស្រស់​ស្អាត ម្យ៉ាង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត បើ​ទំនប់​បើក​ឲ្យ​ដំណើរ​ការ។ លោក​បញ្ជាក់​ថា ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ នឹង​នៅ​តែ​បន្ត​អប់រំ​អ្នក​ភូមិ​ឲ្យ​យល់​ព្រម​ទទួល​យក​សំណង​គោល​នយោបាយ​សំណង ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​ពលរដ្ឋ​ឡើយ៖ «សំណូមពរ​ដល់​ថ្នាក់​ស្រុក ខេត្ត ជាពិសេស​គឺ​ក្រុមហ៊ុន ដើម្បី​គណៈកម្មការ​ពាក់ព័ន្ធ​ទាំងអស់ ពាក់ព័ន្ធ​ជម្លៀស​ពលរដ្ឋ​ឃុំ​ស្រែគរ នេះ ហើយ​ពាក់ព័ន្ធ​ទីតាំង​ភូមិ​ថ្មី​ស្រែគរ នេះ យើង​សុំ​ឲ្យ​ចុះ​សម្រប​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ៗ ពីព្រោះ​ឃុំ​មាន​ការ​ប្រឈម​ខ្លាំង​ណាស់»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) លោក ហូ សំអុល កត់​សម្គាល់​ថា ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​ទាក់ទិន​ទីតាំង​ភូមិ គឺ​ជា​ចំណុច​សំខាន់​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ។ លោក​បន្ត​ថា ការ​ផ្តល់​សំណង​ដោយ​ជាក់លាក់ ការ​អភិវឌ្ឍ​លំនៅឋាន​ថ្មី និង​ជ្រើស​រើស​ទីតាំង​តាម​សេចក្តី​ត្រូវ​ការ​ពលរដ្ឋ ដែល​ធានា​ពី​និរន្តរភាព​រស់នៅ គឺ​ជា​បញ្ហា​សំខាន់ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​ជំនឿ​ចិត្ត​ប្ដូរ​ឥរិយាបថ ទទួល​យក​សំណង​ផល​ប៉ះពាល់​ឡើង​វិញ៖ «តាម​ពិត​ទៅ ប្រជាពលរដ្ឋ​រស់នៅ​ទី​ហ្នឹង​គាត់​ដឹង​ថា តំបន់​ណា​ដែល​មាន​សក្ដានុពល​ធ្វើ​កសិកម្ម និង​កន្លែង​ដែល​គាត់​រស់នៅ​បាន»

អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ចំនួន ២៦៦​គ្រួសារ​មិន​ព្រម​ទទួល​យក​សំណង​ក្នុង​ចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ។ ចំណែក​ដី​ដែល​ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ​ធ្វើ​ជា​ទីតាំង​ភូមិ​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​សេសាន ជាង ២​គីឡូម៉ែត្រ។ ដោយឡែក​គោល​នយោបាយ​ផ្តល់​សំណង​របស់​ក្រុមហ៊ុន នឹង​ផ្តល់​ផ្ទះ​ដល់​ពលរដ្ឋ​ដូចៗ​គ្នា ក្នុង​នោះ​ពលរដ្ឋ​មួយ​គ្រួសារ​ទទួល​បាន​ដី​កសិកម្ម ៥​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។