CPP ថាវប្បធម៌ សន្ទនាផ្អាក មួយរយៈរង់ចំា ដោះស្រាយ សំណុំរឿងលោក សម រង្ស៊ីចប់

ភ្នំពេញ៖ មន្ត្រីអ្នកនំាពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន្ត បានឲ្យដឹងថា វប្បធម៌សន្ទនា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ (CNRP) នឹងត្រូវផ្អាកមួយដំណើរការ មួយរយៈ  ដោយ រង់ចំាការដោះស្រាយ សំណុំរឿងរបស់ លោក សម រង្ស៊ី បញ្ចប់ទើបចាប់ផ្តើមឡើងវិញ ។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ឆ្លើយតបនឹងការលើកឡើង របស់ លោក កឹម សុខា ប្រធានស្តីទីគណបក្ស ជំទាស់ថា វប្បធម៌សន្ទនា រវាងគណបក្សកាន់អំណាច និងគណបក្សរបស់លោក មិនទាន់មានភាពស្មោះត្រង់ នឹងគ្នានៅឡើយទេ ។

លោក សុខ ឥសាន្ត អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ ថ្ងៃទី៧ ធ្នូ ថាគណបក្សប្រជាជន កម្ពុជា មិនដែលរំលោភលើកិច្ចព្រមព្រៀងនយោបាយរវាងបក្សទាំងពីរនោះទេ គឺមានតែ ភាគីគណបក្សសង្គ្រោះជាតិ ជាអ្នករំលោភលើកិច្ចព្រមព្រៀង។

លោកបញ្ជាក់ថា « គឺឯកឧត្តម សមរង្ស៊ីទេ ជាអ្នករំលោភលើកខ្លឹមសារដែលថា គោរពគ្នា ឲ្យតម្លៃគ្នា ទៅវិញទៅមក  ស្មោះត្រង់គ្នា ប៉ុន្តែ ឯកឧត្តម សម រង្ស៊ី មិនបានគោរព និងស្មោះត្រង់ជាមួយដៃគូពិភាក្សាឡើយ »។

អ្នកនំាពាក្យ ដដែលឲ្យដឹងទៀតថា សម្តេច ហ៊ុន សែន បានឲ្យតម្លៃភាគីដៃគូសន្ទនា ជាក់ស្តែងបានអញ្ជើញក្រុម គ្រួសារលោក សម រង្ស៊ី មកហូបបាយជុំគ្នាជាលក្ខណៈបាយសាមគ្គី ប៉ុន្តែបន្ទាប់ពីហូបបាយរួច លោក សម រង្ស៊ី បានធ្វើការវាយប្រហា រលើសម្តេច ហ៊ុន សែន តែម្តង ។

លោកថា បើតាមសម្តេច ហ៊ុន សែន ចង់កសាងវប្បធម៌សន្ទនាជាមួយគ្នា មិនត្រឹមរវាងសម្តេច  ជាមួយ លោក សមរង្ស៊ីទេ  ព្រមទំាងកូនៗថែមទៀតផង ។ ផ្ទុយទៅវិញលោក សម រង្ស៊ីបានរំលោភលើសន្តានចិត្តសម្តេចទៅវិញ ។ ជាងនេះទៀតលោក សម រង្ស៊ីបានចោទរាជរដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លា យ និងបានវាយប្រហារថា ប្រមុខរដ្ឋភិបាលជាជនផ្តាច់ការទៀត។

ទាក់ទិនការអំពាវនាវរបស់ លោក កឹម សុខា ត្រូវបានលោក សុខ ឥសាន្តថា ហួសពេលទៅហើយ សម្រាប់ការ ចរចាគ្នានោះឡើយ ។ លោកបញ្ជាក់ថា«យើងមិនអាចប្រើប្រាស់វប្បធម៌សន្ទនាជំនួសឲ្យស្ថាប័នតុលាការបានទេ។  ព្រោះតុលាការបានកាត់សេចក្តីរួចទៅហើយ   ហើយរឿងនឹងមិនមែនជារឿង គណបក្សនយោបាយទេ គឺជារឿង បុគ្គលផ្ទាល់ខ្លួនរវាងលោក សម រង្ស៊ី  និងលោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទាក់ទងនឹងការបទបរិហាកេរ្តិ៍។  យើងយកវប្បធម៌សន្ទនានិយាយបែបម៉េច  ។ វប្បធម៌សន្ទនាយើងយកទៅពិភាក្សាគ្នាតែលើបញ្ហានយោបាយ តែប៉ុណ្ណោះ  ហើយបញ្ហានេះជាបញ្ហាទោសព្រហ្មទណ្ឌដែរលោក សម រង្ស៊ីបានប្រព្រឹត្តលើ លោក ហោ ណំាហុង »៕

CPP ថាវប្បធម៌ សន្ទនាផ្អាក មួយរយៈរង់ចំា ដោះស្រាយ សំណុំរឿងលោក សម រង្ស៊ីចប់