បិទ​ពិធី​ប្រណាំងទូក នៅ​បន្ទាយមានជ័យ មាន​អ្នកចូលរួម​ទស្សនា​ជិត ១​ម៉ឺន​នាក់​

បន្ទាយមានជ័យ: ពិធី​បិទ​ការប្រណាំង​ទូកង កាលពី​ថ្ងៃអាទិត្យ ទី​៦ ខែធ្នូ ឆ្នាំ​២០១៥ គឺមាន​អ្នកចូលរួម​ទស្សនា ជិត ១​ម៉ឺន​នាក់​។ ពិធី​បិទ​ការប្រណាំង​ទូកង​នោះ ចូលរួម​ជា​អធិបតីភាព​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្ត​ប​ម្ទា​យ​មានជ័យ លោក គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់ នៅ​បរិវេណ​សកលវិទ្យា​ល័យ​មានជ័យ ក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក គោ​ស៊ុំ សារឿ​ត បាន​ឲ្យ​ដឹងថា ខេត្តបន្ទាយមានជ័យ បានរៀបចំ​ពិធី​ប្រណាំងទូក ង ដើម្បី​អបអរ​សា​រទ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​ដងស្ទឹង​ទឹកថ្លា ខាងក្រោយ​សាកលវិទ្យាល័យ​មានជ័យ​។​
                      
​លោក គោ​ស៊ុំ​សារឿ​ត បាន​ប្រសាសន៍ថា ការប្រណាំង​ទូកង​នេះ ក្នុង ១​ឆ្នាំ គេ​ធ្វើការ​ប្រណាំង​ម្តង ជា​ប្រពៃណី និង​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ​យើង តាំងពី​សម័យបូរាណ និង​ជាការ​រំលឹក​ឡើងវិញ​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វរ​កងទ័ព​ជើង​ទឹក​នៃ​កុលបុត្រ​ខ្មែរ ដែល​ធ្លាប់មាន​ស្នាដៃ នា​សម័យ​មហានគរ​ដ៏​រុងរឿង ក្នុង​ការបូជា​កំលាំងកាយ​ចិត្ត និង​អាយុជីវិត ដើម្បី​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​។​
                  
​លោក គោ​ស៊ុំ សារឿ​ត បាន​បន្តថា ពិធី​ប្រណាំងទូក នាឱកាស​នេះ គឺជា​ផ្នែក​មួយ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចំរើន​លើ​គ្រប់​វិស័យ​របស់​សាលាខេត្ត​បន្ទាយមានជ័យ មិនថាតែ​វិស័យ​កីឡា​ទេ មាន​វិស័យ​ដទៃទៀត ក៏​កំពុង​បោះ​ជំ​ហ៊ាន​គួរ​ឲ្យ​កត់សំគាល់ ដូចជា វិស័យ​អប់រំ សុខាភិបាល កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ អគ្គិសនី ទេសចរណ៍ វប្បធម៌ ធម្មការ​សាសនា គមនាគមន៍ ទឹកស្អាត និង​អនាម័យ ជាដើម​។

លោក កែ  គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​ប្រសាសន៍ថា ការ​អុំទូក​ប្រណាំង​រយៈពេល ៣​ថ្ងៃនេះ មាន​ទូកង ១៧ ទូក កីឡាករ​ទូក​មាន​ចំនួន ៥៧១​នាក់​។ ក្នុងនោះ ទូកង​ដែល​បាន​ជ័យជំនះ​ក្នុងការ​ប្រឡង ៣​ថ្ងៃនោះ លេខ​១ ចំណុះ ៦០​នាក់ បាន​ទៅលើ​ទូក ឈ្មោះ "​សុវណ្ណ​រាជសីហ៍ បារមី​បន្ទាយ​នគរ​" ទទួល​ទង់​១ ថវិកា ៣​លាន​រៀល ចំណាត់​ថា្នក់​លេខ​២ បាន​ទៅលើ​ទូក​ឈ្មោះ "​ពិសី​មានជ័យ បារមី​ស្រី​ស្អាត​" ទទួល​ទង់​១ និង​ថវិកា ២​លាន ៦​សែន​រៀល និង​លេខ​៣ ទូក​មានឈ្មោះ "​ព្រះ​ពន្លា​មានជ័យ បារមី​ស្រី​ខ្មៅ​" ទទួល​ទង់​១ និង​ថវិកា ១​លាន ៨​សែន​រៀល ចំណាត់ថ្នាក់​លេខ​១ ចំណុះ ៤០​នាក់ បាន​ទៅ​ទូក​ឈ្មោះ "​ទឹកជោរ​សែន​ជ័យ បារមី​នាគរាជ​" ទទួលបាន​ថវិកា ១​លាន ៨​សែន​រៀល​។ លេខ​២ ទូក​ឈ្មោះ "​ព្រះ​ពន្លា​មានជ័យ ស្រី​ក្រលេក​ញញឹម​"  ទទួលបាន​ថវិកា ១​លាន ៦​សែន​រៀល លេខ​៣ ទូក​ឈ្មោះ "​ពពក​រសាត់​ផាត់​ជលសា​" ១​លាន ៥​សែន​រៀល​។ រីឯ ចំណុះ ១២​នាក់ លេខ​១ ទទួលបាន ១​លាន ៤​សែន​គ្រប់គ្នា បាន​ទៅលើ​ទូក​ឈ្មោះ "​ហនុមាន​" លេខ​២ "​តេ​ជោ​សែន​ជ័យ ភ​ត្តី​ឆ័​ត្រ​យោង​" លេខ​៣ "​ពពក​រសាត់​ផាត់​ជលសា​"៕​

បិទ​ពិធី​ប្រណាំងទូក នៅ​បន្ទាយមានជ័យ មាន​អ្នកចូលរួម​ទស្សនា​ជិត ១​ម៉ឺន​នាក់​

បិទ​ពិធី​ប្រណាំងទូក នៅ​បន្ទាយមានជ័យ មាន​អ្នកចូលរួម​ទស្សនា​ជិត ១​ម៉ឺន​នាក់​

បិទ​ពិធី​ប្រណាំងទូក នៅ​បន្ទាយមានជ័យ មាន​អ្នកចូលរួម​ទស្សនា​ជិត ១​ម៉ឺន​នាក់​