រយៈពេល​៤​ថ្ងៃ គយ​ចល័ត​ចាប់​រថយន្ត​ទំនើប​ៗ​អត់​ពន្ធ​បាន​១៣​គ្រឿង

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​រយៈពេល​៤​ថ្ងៃ កម្លាំង​គយ​ចល័ត​ដឹកនាំ​ផ្ទាល់​ដោយ​លោក ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គេចពន្ធ ហៅ​គយ​ចល័ត ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​សម្របសម្រួល​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ និង​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ចាប់​រថយន្ត​ស៊េរី​ទំនើប​ៗ​តាម​ផ្លូវ​សាធារណៈ​បាន​ចំនួន​១៣​គ្រឿងក្នុង​ភូមិសាស្ត្រ​ខណ្ឌ​នា​ៗ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គេចពន្ធ ហៅ​គយ​ចល័ត បានអោយ​ដឹង​ថា រយៈពេល​៤​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​០៤ ថ្ងៃ​ទី​០៥ ថ្ងៃ​ទី​០៦ និង​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ​តែ​ម្តង គឺ​កម្លាំង​គយ​ចល័ត​របស់​លោក​បាន​ចុះ​ចាប់​បាន​រថយន្ត​ទំនើប​ៗ​ក្នុង​ខណ្ឌ​នា​ៗ​ក្នុង​រាជធានី​ភ្នំពេញ​បាន​រហូត​១៣​គ្រឿង ។ ដោយនៅ​ថ្ងៃ​ទី​០៤ ខែធ្នូ កម្លាំង​លោក​ចាប់​បាន​រថយន្ត​ទំនើប​ៗ​អត់​ព​ន្ឋ​៤​គ្រឿង គឺ​រថយន្ត​ឡិច​ស៊ី​ស 450H ២​គ្រឿង​, ហា​យ​លែ​ន​ឌ័​រ​១​គ្រឿង និង​ឡង់​គ្រី​ស័​រ​១​គ្រឿង នៅ​ក្នុង​៣​ខណ្ឌ​ផ្សេង​ៗ​គ្នា គឺ​នៅ​ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​ខណ្ឌចំការមន ។ ចំណែក​ថ្ងៃ​ទី​០៥ ទី​០៦ ខែធ្នូ កម្លាំង​លោក​បាន​ចុះ​តាម​ចាប់​រថយន្ត​អត់​ព​ន្ឋ​ស៊េរី​ទំនើប​បាន​៤​គ្រឿង​ទៀត គឺ​រថយន្ត​ម៉ាក​ឡិច​ស៊ី 350 ពណ៌​ស ស៊េរី​ឆ្នាំ​២០១០ ចាប់​បាន​នៅ​ភោ​ជនី​ដ្ឋា​ន​ដើម​ចំប៉ា ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​, ទី​២-​រថយន្ត​កាម​រី ស៊េរី​ឆ្នាំ​២០១៤​ចាប់​បាន​នៅ​ម្តុំ​វត្ត​ទឹកថ្លា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​, ទី​៣-​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស  ចាប់​បាន​នៅ​ភោ​ជនី​ដ្ឋា​ន​សមុទ្រ​ខៀវ ស្ថិត​ក្នុង​សង្កាត់​បឹង​ប្រ​លិ​ត ខណ្ឌ​៧​មក​រា និង ទី​៤-​រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ចាប់​បាន​នៅ​ម្តុំ​ផ្សារ​ដេប៉ូ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។ រហូត​ដល់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ កម្លាំង​លោក​ក៏​បាន​បន្ត​ចុះ​ចាប់​រថយន្ត​អត់​ព​ន្ឋ​បាន​ចំនួន​៥​គ្រឿង​ទៀត គឺ​រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ​១​គ្រឿង នៅ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​, រថយន្ត​កាម​រី ហា​យ​ប្រ៊ី​ត ពណ៌​ស្ករ រួម​ជាមួយ​រថយន្ត​កាម​រី ស៊េរី​ឆ្នាំ​០១២ ពណ៌​ទឹកប្រាក់ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ចំណែក​រថយន្ត​ឡិច​ស៊ី​ស ៣៥០ ពណ៌​ស ចាប់​បាន​នៅ​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មក​រា ហើយ​រថយន្ត​កាម​រី ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ស ១​គ្រឿង​ទៀត គឺ​ចាប់​បាន​នៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

លោក ព្រាប គា​រ៉ាត់ បាន​អះអាង​បន្ត​ថា បច្ចុប្បន្ន​នេះ​កម្លាំង​គយ​ចល័ត បានដឹង​នៅ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ទៀត បាន​នឹង​កំពុង​លាក់​ទុក​នៅ​ក្នុងផ្ទះ ឬ​ភូមិ​គ្រឹះ ហើយ​កម្លាំង​គយ​ចល័ត​នឹង​បន្ត​ចុះ​ចាប់​ទៅ​ដល់​គេហដ្ឋាន ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​យានយន្ត​មិន​ព្រមយក​រថយន្ត​មក​បង់ពន្ធ​តាម​ផ្លូវច្បាប់ ។ ទោះបីជា​យ៉ាងណា នាយកដ្ឋាន​គយ និង​រដ្ឋាករ សូម​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់​មេត្តា​រួសរាន់​មក​ធ្វើការ​បង់ពន្ធ​តាម​ផ្លូវច្បាប់ និង​ទាន់​ពេលវេលា ដើម្បី​ជៀសវាង​ការ​ចុះ​ចាប់​ដល់​គេហដ្ឋាន​នាំ​ឲ្យ​មាន​ភ្ញាក់ផ្អើល និង​ប៉ះពាល់​កិត្តិយស ។

ប​ច្ចុ​ប្បន្ន រថយន្ត​ស៊េរី​ទំនើប​ៗ​អត់​ពន្ធ​ទាំង​១៣​គ្រឿង​ត្រូវ​បាន​ទៅ​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​ឃ្លាំង​គយ​ច​ល័យ ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ៕