រថ​យន្ត​ដឹក​សាំង​បុក​-កិន​បុរស​ម្នាក់​ស្លាប់ ម្នាក់​របួស​ធ្ងន់​លើ​ផ្លូវ​ជាតិ​លេខ៤

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​សាំង​កិន​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់ និង​ម្នាក់​ទៀត​របួស​ធ្ងន់​ កាល​ពី​វេលា​ម៉ោង​​៣ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​៧ ធ្នូ នេះ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ភូមិ​ព្រែ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គ​ស្នួល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ឡូត ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​សំណង់​ មាន​ទី​លំនៅ​ភូមិ​អណ្តូង​ល្វា ឃុំ​អណ្តូង​ល្វា ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​ ចំណែក​អ្នក​របួស​ធ្ងន់​មិន​ស្គាល់​ឈ្មោះ​ទេ ព្រោះ​ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​បាត់​ហើយ។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​​ពេល​កើតហេតុ​គេ​ឃើញ​រថ​យន្ត​ដឹក​សាំង​ម៉ាក​ហ៊ី​យ៉ាន់ដាយ ពណ៌ស​ឆ្នូត​ខៀវ​លាយ​លឿង ពាក់​ស្លាក​លេខ​ក៥៨៩០ភព​៣ និង​ម៉ូតូ​ម៉ាក​ស្មាស់​រីវ៉ូ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​គ្នា ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ មិន​ដឹង​យ៉ាង​ម៉េច​ស្រាប់​តែ​ដួល​ចូល​ក្រោម​កង់​រថយន្ត​ដឹក​សាំង​កិន​ស្លាប់​ម្នាក់ របួស​ធ្ងន់​ម្នាក់​​​។

គ្រោះថ្នាក់​នេះ​សមត្ថ​កិច្ច​សង្ស័យ​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូដួល ហើយ​ស្រប​ពេល​រថយន្ត​មក​ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​បុក​ និង​កិន​តែ​ម្តង​។

ក្រោយ​កើតហេតុ​ អ្នក​បើក​បរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​៕