អ្នកបើក​ឡាន​ដឹក​ដី​ជាច្រើន​គ្រឿង បង្កើត​ក្រុម​តវ៉ា ប៉ូលិស​ចរាចរណ៍​ស្ទាក់​ចាំ​ផាកពិន័យ​

ភ្នំពេញ​៖ ក្រុម​អ្នករកស៊ី​រថយន្ត​ដឹក​ដី​ប្រមាណ​ជាង ៣០ នាក់ បាន​ប្រមូល​ផ្ដុំគ្នា​បើករថយន្ត​ដាក់​បិទផ្លូវ​ចម្ការ​ដូង​ធ្វើបាតុកម្ម​តវ៉ា ខណៈពេលដែល​កម្លាំង​ប៉ូលិស​កណ្ដាល​សណ្ដាប់ធ្នាប់​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដាក់​គោលដៅ​ផាកពិន័យ​រថយន្ត​រប​ស់​ពួកគេ ដែលជា​រថយន្ត​ចង្កូត​ស្ដាំ ហើយ​ពេលនោះ​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​នៅលើ​កំណាត់​ផ្លូវ​លេខ ២១៧ ហៅ​ផ្លូវ​ចម្ការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ នា​វេលា​រសៀល​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៥ ។​

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បិទផ្លូវ​យ៉ាង​ដូច្នេះ ក្រោយ​ពេលដែល​ពួកគេ​ខឹង​នឹង​ការចាប់​ផាកពិន័យ​របស់​កម្លាំង​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ នៅ​ចំណុច​ផ្លូវ​ចម្ការ​ដូង​ដោយ​ទាមទារ​ឲ្យ​ពួកគេ​ផាកពិន័យ​នូវ​ទឹកប្រាក់​ចំនួន ២០ ដុល្លារ ដោយសារតែ​ចង្កូត​ស្តាំ ។ សមត្ថកិច្ច​បាន​បន្តថា ក្រោយ​មានការ​បិទផ្លូវ​ប្រមាណ​ជាង ២ ម៉ោង បង្ក​ការកកស្ទះ​យ៉ាងខ្លាំង​នោះ ក៏​ឃើញ​វត្តមាន​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុច សុខុន ស្នងការរង​រាជធានី​ភ្នំពេញ ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​ចុះ​មកដល់​កន្លែងកើតហេតុ និង បាន​សម្របសម្រួល​ឱ្យ​ក្រុម​អ្នករកស៊ី​បើកឡាន​ដី​ទាំងនោះ​បើករថយន្ត​ចេញ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ និង អ្នកដំណើរ​ផ្សេងៗ​ទៀត ។ បន្ទាប់ពី​មានការ​សម្រួល​ពី​ស្នងការរង​រួចមក ក្រុមអ្នកតវ៉ា​បាន​បើករថយន្ត​ចេញទៅ​រៀងៗ​ខ្លួន​ដោយ​ពុំ​បង់ប្រាក់​ជូន​សមត្ថកិច្ច​ឡើយ ។

តំណាង​ក្រុម​អ្នករកស៊ី​ដឹក​ដី​បាន​សំណូម​ដល់​នគរបាល​ចរាចរ​ណ៍​រាជធានី​ភ្នំពេញ​ថា រូបលោក​ស្នើ​សុំឱ្យ​រថយន្ត​ដឹក​ដី​ទាំងអស់​បើក​ឆ្លងកាត់​ផ្លូវ​ចម្ការ​ដូង​នេះ ដោយ​សន្យាថា​ក្នុង​រថយន្ត​ដឹក​ថ្មី​មួយ​សុំ​បង់អោ​យ​សមត្ថកិច្ច ១ ម៉ឺន​រៀល ហើយក៏​សុំ​ស្នើឱ្យ​សមត្ថកិច្ច​យោគយល់​មិន​តម្រូវឱ្យ​ពួកគេ​ប្តូរ​ចង្កូតរថយន្ត​អី ។
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុច សុខុន បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ដើម្បី​អនុវត្តន៍​ច្បាប់​ចរាចរណ៍ នឹង​បង្ការ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រូបលោក​បាន​បញ្ជា​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​ដាក់​តាម​គោលដៅ​តាម​កន្លែង​សំខាន់ៗ ដើម្បី​ត្រួតពិនិត្យ​យានយន្ត​ណា​ដែលមាន​ច​ង្កូ​ច​ស្តាំ និង ដឹកទំនិញ​លើស​ចម្រុះ ជាពិសេស​ពិនិត្យមើល​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​យានយន្ត​គ្រប់​ប្រភេទ ព្រោះ​រាល់ថ្ងៃនេះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​កើតចេញពី​ការធ្វេសប្រហែស​របស់​អ្នកបើកបរ​ដែល​គ្មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ និង បើកបរ​រថយន្ត​ចង្កូត​ស្តាំ រួមទាំង​បើក​លឿន​មិន​គោរព​ច្បាប់ ។

លោក​ស្នងការរង​បាន​បញ្ជាក់ថា រាល់ថ្ងៃនេះ​លោក​បាន​បញ្ជា​ឱ្យ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចំនួន ៣ ទីតាំង ដោយ​ទី​តាំងទី​១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ទីតាំង​ទី​២ នៅ​ផ្លូវជាតិ​លេខ ៣ ក្បែរ​វត្ត​ស្លែង និង ទីតាំង​ទី​៣ ស្ថិតនៅ​ផ្លូវ​ចម្ការ​ដូង​ក្បែរ​សាលាសង្កាត់​ជើងឯក ។ រាល់​ការផាកពិន័យ​យានយន្ត​គ្រប់​ប្រភេទ គឺ​ខាង​សមត្ថកិច្ច​បានចេញ​ប័ណ្ណ ឬ ក៏​បង្កាន់ដៃ​ជូន​ដល់​ម្ចាស់​យានយន្ត​ត្រឹមត្រូវ មិនមែន​ផាកពិន័យ​មិន​ចេញ​បង្កាន់ដៃ​នោះទេ ៕ ភ្នាក់ងារ​ភ្នំពេញ (​ប្រភព TV5)