គ្រោះរញ្ជួយដី បំភ័យអ្នកនៅ រស់នៅញូដេលី ដោយរងឥទ្ធិពល ពីតាជីគីស្ថាន

ញូដេលី៖ អគារជាច្រើន នៅក្នុងរដ្ឋធានី ញូដេលី របស់ប្រទេសឥណ្ឌា បានញ័ររញ្ជួយ នៅថ្ងៃចន្ទ ទី០៧ ខែធ្នូឆ្នាំ ២០១៥ នេះ បន្ទាប់ពីទទួលរងនូវគ្រោះ រញ្ជួយផែនដីកម្រិតស្រាល ប៉ុន្តែផ្នែកឧតុនិយម មិនទាន់បានបង្ហាញថា មានកម្រិតប៉ុន្មានរ៉ិចទ័រ នៅឡើយទេ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា គ្រោះរញ្ជួយដី ខាងលើនេះ ក៏មិនបាន បង្កការជាគ្រោះថ្នាក់អ្វី ដល់មនុស្សនោះដែរ ប៉ុន្តែប្រជាជនទាំងឡាយ ហាក់សម្តែងការព្រួយ បារម្ភ ថាវាអាចនឹងកើតឡើងធ្ងន់ធ្ងរ នៅថ្ងៃ ណាមួយ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទ ដដែលនោះ ក៏មានគ្រោះរញ្ជួយដីកើតឡើង នៅប្រទេស តាជីគីស្ថាន ផងដែរ ក្នុងកម្រិត រហូតដល់ ៧,២ នៃរង្វាស់រ៉ិចទ័រឯណោះ។ បើមើលតាមផែនទីវិញ គឺ ប្រទេស ឥណ្ឌា ស្ថិតនៅមិនឆ្ងាយពីតាជីគីស្ថាន នោះឡើយ។

ដោយឡែកព័ត៌មាន ប៉ាគីស្ថាន បានឲ្យដឹងថា គ្រោះរញ្ជួយដី បានវាយប្រហារតំបន់ ដែលមាន ចម្ងាយ ជិត ២០០ គីឡូម៉ែត្រពីរដ្ឋធានី ឌូសាបេ របស់តាជីគីស្ថាន ដោយវាបានបណ្តាលឲ្យ ប្រទេសជិតខាងដូចជា ឥណ្ឌា, ប៉ាគីស្ថាន, និង អាហ្វហ្គានីស្ថាន ទទួលរងឥទ្ធិពលបន្តិច បន្តួចផងដែរ។

ព័ត៌មានបន្ថែមទៀតឲ្យដឹងថា ប្រជាជនជាច្រើន បានចាកចេញពីអគារ ពាណិជ្ជកម្ម និង លំនៅដ្ឋានរបស់ពួកគេ ទៅឈរពេញផ្លូវ និង ទីវាល បន្ទាប់ពី គ្រោះរញ្ជួយដ៏កក្រើកវាយលុក ប៉ុន្តែគេនៅពុំទាន់ទទួលបាន ព័ត៌មានពីការ ខូចខាត និង មនុស្សរងគ្រោះថ្នាក់នៅឡើយទេ៕

គ្រោះរញ្ជួយដី បំភ័យអ្នកនៅ រស់នៅញូដេលី ដោយរងឥទ្ធិពល ពីតាជីគីស្ថាន