គណបក្ស សាធារណរដ្ឋ រិះគន់លោក អូបាម៉ា ថាគ្មានសមត្ថភាព ដោះស្រាយ បញ្ហានានា

វ៉ាស៊ីនតោន៖ បន្ទាប់ពីការថ្លែង របស់លោក អូបាម៉ា ស្តីពីបញ្ហាជាច្រើនកាលពីយប់ថ្ងៃអាទិត្យ នោះ លោកប្រធាន គណបក្សសាធារណរដ្ឋ បានចេញមុខរិះគន់យ៉ាងចះដៃ ទៅ ប្រធានាធិបតី អាមេរិករូបនេះ ថា គ្មានសមត្ថភាព ក្នុងការកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម, ផ្តោតការយកចិត្តទុកដាក់ ខុស លើច្បាប់គ្រប់គ្រងអាវុធថ្មី, និង បង្ហាញភាព ទន់ខ្សោយ ចំពោះការគម្រាមកំហែង ដល់អាយុជីវិត របស់ប្រជាជនខ្លួនឯង។

សារព័ត៌មានក្នុងស្រុកអាមេរិក ចេញផ្សាយនៅថ្ងៃចន្ទ នេះដោយលើកឡើងពីសម្តីរបស់ សមាជិកព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋលោក ម៉ាកូ រូប៊ីយ៉ូ ទៀតថា “ប្រជាជនពិតជា កំពុងព្រួយបារម្ភ និង ភ័យខ្លាចខ្លាំង ណាស់។ ប្រជាជនមួយចំនួន បានសម្រេចថា នឹងមិន ទៅដើរលេងទីណាឡើយ នៅថ្ងៃចូលឆ្នាំខាងមុខនេះ។ ប្រជាជនអាមេរិក ទាំងអស់កំពុងដឹង ដោយអារម្មណ៍ថា ពួកគេមានប្រធានាធិបតី ដែលកំពុងតែជ្រួល ច្របល់ដោយសារតែ ISIS។”

បើតាមអត្ថន័យ នៃការលើកឡើងរបស់លោក ម៉ាកូ ការថ្លែងរបស់លោក អូបាម៉ា កាលពីយប់ ថ្ងៃអាទិត្យ គ្មានអត្ថន័យណាមួយ ដែលបានធានាដោះស្រាយចំពោះភាពភ័យខ្លាចរបស់ ប្រជាជននោះឡើយ។ លោក អូបាម៉ា បែរជាបង្ហាញទំនុកចិត្តទៅលើសម្ព័ន្ធមិត្ត នៅក្នុងការ វាយប្រហារទៅលើក្រុម ISIS ទៅវិញ ដែលនេះ វាមិនសមហេតុផលទេ ព្រោះបើតាមយើង មើលឃើញ គឺគ្មានការរួមគ្នាអ្វីឡើយ ព្រោះប្រទេសមួយ ចំនួនដែលបានអះអាងថា ចូលរួម នោះ មានឈ្មោះតែនៅក្នុងក្រដាស ប៉ុណ្ណោះ។

ខាងក្រោមនេះ ជាចំណុចសង្ខេប សេចក្តីថ្លែងការណ៍អាមេរិក កាលពីថ្ងៃអាទិត្យ៖

. លោក អូបាម៉ា បានហៅការបាញ់ប្រហារនៅ ទីក្រុង សាន់ ប៊ែរណាឌីញ៉ូ រដ្ឋ កាលីហ្វរញ៉ា ដែលបានសម្លាប់ មនុស្ស ១៤នាក់ នោះថាជាអំពើភេរវកម្ម ប្រព្រឹត្តដោយបណ្តាញរបស់ក្រុម រដ្ឋអ៊ីស្លាម ISIS។

. លោក អូបាម៉ា លើកឡើងម្តងទៀតពីការជំទាស់របស់អាមេរិក ក្នុងការបញ្ជូនយោធាថ្មើជើង ទៅវាយប្រហារក្រុមរដ្ឋអ៊ីស្លាម នៅហ្នឹងកន្លែង។

. លោក អូបាម៉ា បានអំពាវនាវឲ្យប្រជាពលរដ្ឋអាមេរិកទាំងអស់  រួបរួមគ្នាជាធ្លុងមួយ នឹង មិនឲ្យមានការប្រឆាំងចំពោះគ្នា កើតឡើងជាដាច់ខាត។

. លោក អូបាម៉ា បានលើកឡើងជាថ្មីថា ជនជាតិ ម៉ូស្លីម-អាមេរិក គឺជាមិត្តរបស់យើង និង ជាអ្នកធ្វើការងាររួមគ្នា ជាមួយយើង។

. លោក អូបាម៉ា បានស្នើទៅកាន់សភា ឲ្យពិនិត្យឡើងវិញចំពោះច្បាប់គ្រប់គ្រងអាវុធ។

. លោក អូបាម៉ា បញ្ជាក់ថា អាមេរិកនៅនឹងតែបន្តផ្តល់ជំនួយផ្នែកហ្វឹកហ្វឺន និង សម្ភារៈបរិក្ខា យោធា ទៅកាន់កងទ័ពអ៊ីរ៉ាក់ រាប់ពាន់នាក់ដដែល។

. អាមេរិក គួរតែរឹតបន្តឹងឲ្យបានខ្លាំងជាមុន ចំពោះការតាមជនដែលធ្វើដំណើរមកអាមេរិក ដោយគ្មាន ទិដ្ឋាការ៕

គណបក្ស សាធារណរដ្ឋ រិះគន់លោក អូបាម៉ា ថាគ្មានសមត្ថភាព ដោះស្រាយ បញ្ហានានា