លោក ហោ ណាំហុង គ្រោងប្តឹងអ្នក ជិតដិតជាមួយលោក សម រង្ស៊ី ពាក់ព័ន្ធការវាយ ប្រហារតាម Facebook

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គ្រោងនឹងប្តឹងអ្នកជិតស្និទ្ធ ជាមួយប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ម្នាក់ពាក់ព័ន្ធនឹងការវាយប្រហារ រិះគន់លើខ្លួនលោក នៅតាមបណ្តាញ សង្គម (Facebook) ពីសហរដ្ឋអាម៉េរិក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយលោក William Hiedt ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកម្ពុជា នៅព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ លោក ហោ ណាំហុង បានមានប្រសាសន៍ថា លោកបានប្រាប់ទៅលោក សម រង្ស៊ី ថា ខ្មែរទាស់គ្នា សម្លាប់គ្នាយូរឆ្នាំមកហើយ ជិត៣ទសវត្ស សង្គ្រាមខ្មែរ រវាងខ្មែរ ដល់ពេលហើយដែលយើងស្រុះស្រួល គ្នាការពារ ដើម្បីដោះស្រាយបញ្ហាជាតិ ដើម្បីធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើនទៅមុខទៀត ។

លោកបានបន្តថា “ប៉ុន្តែ ក្រោយមក អ្នកជិតស្និទ្ធឯកឧត្តម សម រង្ស៊ី នៅសហរដ្ឋអាម៉េរិក ខ្ញុំមិនចេញឈ្មោះ មិនចេញថានៅឯណាទេ បានវាយប្រហារខ្ញុំតាមប្រព័ន្ធឃោសនាសង្គម facebook  យ៉ាងឃោរឃៅបំផុត ដែលខ្ញុំ នឹងស្មានមិនដល់ បញ្ហានេះ ប្រហែលជាមេធាវីខ្ញុំធ្វើការជាមួយតុលាការពីបញ្ហានេះ ដោយដាច់ឡែក ខ្ញុំមិនជ្រលក់ ដៃចូលជាមួយមនុស្សរបៀបនេះទេ ទុកឲ្យតុលាការ និងមេធាវីខ្ញុំជាអ្នកចាត់ការ”។

ទោះបីជាយ៉ាងណាលោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មិនបានបញ្ចេញឈ្មោះចំមន្រ្តី បក្សសង្រ្គោះជាតិ ណាម្នាក់ នោះទេ ខណៈមន្រ្តីជាន់ខ្ពស់ជាច្រើនរូបបានគេចវេសពីកម្ពុជាទៅអាម៉េរិកក្រោយពីស្ថានភាព នយោបាយ នៅកម្ពុជាឡើងកំដៅជាខ្លាំងក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ៕

លោក ហោ ណាំហុង គ្រោងប្តឹងអ្នក ជិតដិតជាមួយលោក សម រង្ស៊ី ពាក់ព័ន្ធការវាយ ប្រហារតាម Facebook