ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រម​ប្រតិបត្តិ​អង្គរ​

​សៀមរាប: ក្រម​ប្រតិបត្តិ​អង្គរ​ត្រូវបាន​ផ្សព្វផ្សាយ ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នៅមុខ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​។
           
​ក្រម​ប្រតិបត្តិ​អង្គ គឺជា​សេចក្តីណែនាំ​ដល់​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ​ឱ្យបាន​យល់​ពី​គុណ​តម្លៃ​នៃ​តំបន់​អង្គរ គោរព​និង​ប្រកាន់​នូវ​អាកប្បកិរិយា​សមរម្យ​ក្នុងអំឡុងពេល​ចូល​ទស្សនា​ប្រាសាទ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើ​អង្គរ​ប្រាសាទ វប្បធម៌ និង​បរិស្ថាន និង​ទទួលបាន​នូវ​បទពិសោធន៍​ទស្សនា​ដ៏​ល្អប្រសើរ​។​ក្រម​ប្រតិបត្តិ​អង្គរ មិនមែនជា​ច្បាប់​ដែលមាន​លក្ខណៈ​បង្ខិតបង្ខំ​នោះទេ​។

​ផ្ទុយទៅវិញ ក្រម​ប្រតិបត្តិ​អង្គរ មាន​លក្ខណៈ​ជាការ​អប់រំ​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដោយ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ភ្ញៀវទេសចរ​យល់ និង​ជៀសវាង​នូវ​រាល់​ទង្វើ​មិនគួរ​គប្បី ដែល​មិន​គោរព​ទៅដល់​ទី​សក្ការបូជា និង​វប្បធម៌​ខ្មែរ​ដូចជា ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ការ​ប៉ះ​ចម្លាក់​ឬ​ធ្វើឱ្យ​ខូចខាត​ថ្ម​ប្រាសាទ ការរំខាន​ដល់​ភាពស្ងប់ស្ងាត់​នៃ​ទី​សក្ការបូជា ការចូល​ទីតាំង​ដែល​ហាមឃាត់​ឬ​ប្រឈម​នឹង​គ្រោះថ្នាក់ ការ​ពិសា​បារី​និង​ចោល​សំរាម​ពាសវាល​ពាសកាល ការឱ្យ​ថវិកា​ឬ​ស្ករ​គ្រាប់​ដល់​ក្មេងៗ និង​ការប៉ះពាល់​ព្រះសង្ឃ ជាដើម​។​
      ​
​លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​ក្រុមការងារ​អនុវត្ត​ផែនការ​គ្រប់គ្រង​ទេសចរណ៍​អង្គរ បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​ក្រម​ប្រតិបត្តិ​អង្គរ​នឹងត្រូវ​ធ្វើឡើង​ក្នុង​លក្ខណៈ​ទូលាយ គឺ​ផ្សព្វផ្សាយ​តាំងពី​មុន​ដែល​ភ្ញៀវ​មកដល់​អង្គរ និង​ពេលមកដល់​អង្គរ​។
​លោក​បន្តថា “​យើង​នឹង​ផ្សព្វផ្សាយ​តាមរយៈ​ខិ​ត្ត​បណ្ណ​លើ​យន្តហោះ ច្រកចេញចូល​អន្តរជាតិ​សំខាន់ៗ ដូចជា​៖ ព្រលានយន្តហោះ សណ្ឋាគារ ផ្ទះសំណាក់ និង​ភ្នាក់ងារទេសចរណ៍​ជាដើម​។ យើង​ផ្សព្វផ្សាយ​មុននឹង​ពួកគាត់​បានមក​ដល់​អ​ង្គ​រ ដើម្បីឱ្យ​ពួកគាត់​បាន​ត្រៀមខ្លួន​ជាមុន ជាពិសេស​ទាក់ទង​សម្លៀកបំពាក់​ជាដើម​"​។

​ចំណែក​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន មានប្រសាសន៍ថា ក្រម​ប្រតិបត្តិ​អង្គរ មិនមែនជា​រឿង​ថ្មី​នោះទេ តាមពិត​បុព្វបុរស​ខ្មែរ​ក៏​ធ្លាប់មាន​ក្រម ឬ​ច្បាប់​សម្រាប់​ឱ្យ​អ្នក​ដែល​ចូលទៅ​កាន់​ទី​សក្ការបូជា​ឬ​ប្រាសាទ​នេះ តាំង​ពីមុន​សម័យអង្គ​រ និង​ក្នុង​សម័យអង្គរ​មកម្ល៉េះ ជាក់ស្តែង​សិលាចារឹក​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​១ នា​សតវត្ស​ទី​៧ និង​ក្នុង​រាជ្យ​ព្រះបាទ​យ​សោ​វរ្ម័នទី​១ នា​សតវត្ស​ទី​៩ ក៏មានដែរ​។​

​លោក បន្ថែមថា ឥឡូវនេះ យើង​មាន​ក្រម​ប្រតិបត្តិ​ថ្មី​ហើយ ក៏ប៉ុន្តែ អ្វីដែល​សំខាន់​គឺ​ការផ្សព្វផ្សាយ​ឱ្យ​គ្រប់គ្នា​បានដឹង ហើយ​ត្រូវ​ផ្សព្វផ្សាយ​ជាប្រចាំ ព្រោះ​ភ្ញៀវ​ដែល​ចូលមក​ទស្សនា​អង្គរ តែមាន​ថ្មីៗ​ជានិច្ច​៕

ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រម​ប្រតិបត្តិ​អង្គរ​

ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រម​ប្រតិបត្តិ​អង្គរ​

ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រម​ប្រតិបត្តិ​អង្គរ​

ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រម​ប្រតិបត្តិ​អង្គរ​

ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រម​ប្រតិបត្តិ​អង្គរ​

ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រម​ប្រតិបត្តិ​អង្គរ​

ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រម​ប្រតិបត្តិ​អង្គរ​

ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រម​ប្រតិបត្តិ​អង្គរ​

ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រម​ប្រតិបត្តិ​អង្គរ​
​រូបភាព​៖​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន ចូលរួម​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត ជា​ផ្លូវការ ក្រុម​ប្រតិបត្តិ​អង្គរ​៕​បាយ័ន​