ប៉ូលិស​កោះ​រ៉ុង​ឃាត់​​ខ្លួន​​​ជន​សង្ស័យ​​លួច​​សម្ភារ​ជន​បរទេស​

​ខេត្ត​ព្រះ​សីហនុ ៖ កាល​ពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី​៧ ធ្នូ នេះ ​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​​ជន​បរទេស​ម្នាក់​ឈ្មោះ RAVID GAL ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​ជន​ជាតិ​អ៊ីស្រាអែល ​​ដែល​បាន​ប្តឹង​សមត្ថកិច្ច​​ពីការ​បាត់​​សម្ភារ​ រួមមាន ទូរស័ព្ទ​សាំស៊ុង​S5 ពណ៌​ស១​គ្រឿង និង​ប្រាក់​អាមេរិក​៤០០​ដុល្លារ ​នៅ​ចំណុច​មុខផ្ទះ​សំណាក់​បៃតង ស្ថិត​នៅ​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុង​ ​។​

​មន្ត្រី​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា ​​ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹងភ្លាម​ៗ​នៅ​​វេលា​ម៉ោង​៩និង​១៥នាទី​ថ្ងៃ​ដដែល នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​​កោះរ៉ុង ​ក៏​បាន​ដាក់កម្លាំង​​ចុះ​ត្រួត​ពិនិត្យ​​នៅ​ផែ​ទូក ក៏ប្រទះឃើញ​មុខ​សញ្ញា​ជន​សង្ស័យ​ឈ្មោះ នួន ភក្តី ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​ជា​អ្នក​លក់​លៀស​ហាល ​បម្រុង​ជិះ​ទូក​ចេញ​ពីភូមិ​កោះតូច សង្កាត់​កោះ​រ៉ុង​ ​ក៏ឃាត់​​ខ្លួន​​ឆែក​ឆេរ​ក្នុង​កាបូប​ខោអាវ​របស់​ជន​សង្ស័យ​​រក​ឃើញ​​សម្ភារ​និង​លុយ​ដែល​ជន​បរទេស​បាត់​ខាង​លើ ​​រួម​ទាំង​សម្ភារ​ដែល​លួច​បាន​​ផ្សេង​ទៀត​ ។

​ក្រោយ​ការ​​ឃាត់​ខ្លួន​​​ជន​សង្ស័យ​ ​ត្រូវ​បាន​​សមត្ថកិច្ច​​​បញ្ជូនទៅ​​អធិការ​ដ្ឋាន​​នគរ​បាល​​ក្រុង​ ដើម្បី​ចាត់​ការ​តាម​​នីតិវិធី ៕