សុខ ជំនោរ លើក​ន័យធៀប ការចាកចេញរ​បស់ ​ពេជ្រ សោភា ទៅនឹង​សម្លកកូរ​

​ក្រោយពី​មាន​ព័ត៌មាន​ថា តារាចម្រៀង ពេជ្រ សោភា ចាក​ចេញពី​ផលិតកម្ម ហង្ស​មាស កំពុង​ត្រូវបាន​គេ​ចង់ដឹង​ពី​មួល​ហេតុថា ហេតុអ្វីបានជា​នៅ​សុខៗ​នាង​ចេញពី​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ ? កាលពី​ព្រឹក​មិញ​នេះ លោក សុខ ជំនោរ ដែលជា​អតីត​អ្នកនិពន្ធ​ប្រចាំ​ផលិតកម្ម ហង្ស​មាស បានចេញ​សារ​បញ្ជាក់​ពី​ទស្សនៈ​ផ្ទាល់ខ្លួនតាម​រយៈ​ទំព័រហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​បើសិន​ព័ត៌មាន​នេះ គឺជា​ការពិត​មែន​នោះ លោក​សូម​សោកស្តាយចំពោះ ពេជ្រ សោភា តែ​លោក​ក៏​មិន​ស្តាយចំពោះ​ការសម្រេចចិត្ត​ចាកចេញ​របស់​នាង​នោះទេ គឺ​ស្តាយ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រយៈ​ពេល​ ៤ ​ឆ្នាំ ​ចុងក្រោយ ទាំង​ការទាក់ទង​ហៅ​អ្នក​ខាងក្រៅ អ្នកនិពន្ធ​បទ​ភ្លេង ផ្តល់ឱកាស​ឱ្យ​ក្មេងៗបង្កើត​ក្រុម​រាំ ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​។ មិនមែន​តែ ពេជ្រ សោភា ទេ អ្នកផ្សេង​ទៀត​ក៏​កំពុង​ខិតខំ​បែបនេះ​ដែរ​។

​ក្នុង​សារ​នេះ លោក សុខ ជំនោរ ក៏បាន​បន្តទៀតថា ពេជ្រ សោភា ក៏ដូចជា​រូបលោក ហង្ស​មាស ជា​កន្លែង​ផ្តល់ឱកាស​ឱ្យ​សម្រាប់​សព្វថ្ងៃ តែ​ទាស់​ត្រង់​ថា លោក​មាន​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ​ជា​ចំណុច​ចាប់ផ្តើម​។ ក្នុងនោះ​លោក ក៏បាន​ប្រៀបធៀប​ថា “​រវាង​សាច់ និង ​បន្លែ បើ​សម្លកកូរ គឺ​បន្លែ​មានតម្លៃ​ជាង​សាច់​” ។​

ទស្សនៈ​របស់លោក សុខ ជំនោរ នេះ ត្រូវបាន​មតិ​ភាគច្រើន​យល់ថា រឿង​ដែល​លោក​ចាក​ចេញពី ហង្ស​មាស ជា​រឿង​ធម្មតា ព្រោះ​ហង្ស​មាស មិនមែនជា​កន្លែង​ផ្តល់កំណើត​អាជីព​សិល្បៈ​ឱ្យ​លោក​ឡើយ ប៉ុន្តែ​សម្រាប់ ពេជ្រ សោភា គឺ​នាង​មាន​ថ្ងៃនេះ ទាំង​កេរ្តិ៍ឈ្មោះ និង ​ទ្រព្យ​គឺ​ហង្ស​មាស ជា​អ្នក​ផ្តល់ឱកាស ដូច្នេះហើយ នាង​សម្រេចចិត្ត​ចាកចេញ​ជា​រឿង​មិនធម្មតា​៕ ប្រមាញ់ តារា​