ពលរដ្ឋ​ស្រុក​មេមត់​ចោទ​សន្តិសុខ​យាម​ដី​ក្រុមហ៊ុន​ម៉ែន​សារុន​ថា​ទារ​ប្រាក់​ពី​រថយន្ត​ដឹក​ដំឡូងមី

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ដែល​ប្រមូល​ផល​ដំឡូងមី ត្អូញត្អែរ​ចំពោះ​សកម្មភាព​យក​ប្រាក់​ពី​សំណាក់​បុគ្គលិក​សន្តិសុខ​យាម​ដី​ឲ្យ​ក្រុមហ៊ុន ម៉ែន សារុន នៅ​ពេល​អ្នក​ភូមិ​ដឹក​ដំឡូង​ចេញ​ពី​ចម្ការ​ម្តងៗ។ ពលរដ្ឋ​ត្អូញត្អែរ​ថា ការ​យក​លុយ​នេះ​ជា​រឿង​មិន​សម​ហេតុផល ព្រោះ​អី​ដំឡូង​របស់​ពួក​គាត់​កំពុង​មាន​តម្លៃ​ថោក ហើយ​ត្រូវ​ចំណាយ​ប្រាក់​ក្រៅ​ផ្លូវ​ការ​ថែម​ទៀត។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ប្រសិន​បើ​សកម្មភាព​យក​ប្រាក់​ពី​សំណាក់​សន្តិសុខ​ក្រុមហ៊ុន ម៉ែន សារុន និង​អ្នក​យាម​ចម្ការ​ម្នាក់​នៅ​ឃុំ​ជាំក្រវៀន នៅ​តែ​បន្ត​កើត​ឡើង​ទៀត ពួក​គាត់​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​តែ​ម្តង។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ប្រជា​កសិករ​ដែល​ប្រមូល​កសិផល​ដំឡូងមី​ដឹក​ចេញ​ពី​ដី​ចម្ការ​របស់​ខ្លួន កាត់​តាម​ផ្លូវ​ដី​ក្រុមហ៊ុន ម៉ែន សារុន គឺ​ត្រូវ​បង់​ប្រាក់ ៥.០០០​រៀល ហើយ​ត្រូវ​បង់​ឲ្យ​អ្នក​យាម​ចម្ការ​ម្នាក់ ៥.០០០​រៀល​ផ្សេង​ទៀត​ក្នុង​រថយន្ត​មួយ​គ្រឿង។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន លោក កាង ឈាង មាន​ប្រសាសន៍​ថា សកម្មភាព​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​កន្លង​មក គឺ​ជា​រឿង​មិន​ត្រូវ ត្បិត​អី​ភ្នាក់ងារ​សន្តិសុខ​ទាំង​នោះ មិន​មាន​តួនាទី​សោះ​ឡើយ។ ម្យ៉ាង តម្លៃ​ដំឡូង​របស់​ពលរដ្ឋ​កំពុង​តែ​ចុះ​ថោក​ផង បើ​នៅ​តែ​បន្ត​ចំណាយ​ក្រៅ​ផ្លូវ​ការ​បែប​នេះ​ទៀត នឹង​កាន់​តែ​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​ពិបាក​ជាក់​ជា​មិន​ខាន៖ «ថ្មីៗ​ហ្នឹង គឺ​គាត់​បាន​យក​លុយ​ឡាន​របស់​ខ្ញុំ​បាន ៦​ឡាន​ហើយ។ អ៊ីចឹង​ខ្ញុំ​ខ្លាច​តែ​ពួក​គាត់​ចេះ​តែ​យក​លុយ​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ក្រោយៗ​ទៀត»

ប្រភព​ដដែល​បន្ត​ថា ពេល​លោក​សួរ​ពី​មូលហេតុ​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់ បុគ្គលិក​ទាំង​នោះ​និយាយ​ថា ដោយសារ​តែ​តៃកុង​ឡាន​ចេះ​តែ​ឈប់​ឲ្យ​ប្រាក់​ពួក​គេ។ ទោះ​ជា​បែប​នេះ​ក្តី លោក កាង ឈាង មិន​ចង់​ឲ្យ​សកម្មភាព​បែប​នេះ​កើត​ឡើង​បន្ត​ទៀត​ឡើយ ពីព្រោះ​មាន​ប្រជា​កសិករ​ជាង ១០០​គ្រួសារ ដែល​ត្រូវ​ដឹក​ផលិតផល​របស់​ខ្លួន​ឆ្លង​កាត់​ដី​ក្រុមហ៊ុន ម៉ែន សារុន ស្ទើរ​រៀង​រាល់​ថ្ងៃ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សន្តិសុខ​ទាំង​នោះ រួម​ទាំង​តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ធ្នូ។

ម្ចាស់​រថយន្ត​ដែល​ប្រជាពលរដ្ឋ​តែង​ជួល​ដឹក​ដំឡូងមី សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ និយាយ​ថា សកម្មភាព​យក​ប្រាក់​នោះ គឺ​ដោយសារ​តែ​អ្នក​យាម​ចម្ការ និង​សន្តិសុខ​ក្រុមហ៊ុន ម៉ែន សារុន ជា​អ្នក​ទារ​ប្រាក់​ពី​ពួក​គាត់។ លោក​បន្ត​ថា សកម្មភាព​បង់​ប្រាក់ គឺ​កើត​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​ក្លាយ​ជា​ទម្លាប់​ទៀត​ផង៖ «ដោយ​យើង​ធ្លាប់​ដឹក​ពី​មុនៗ​មក គេ​តែង​យក​លុយ។ កាល​ហ្នឹង​គេ​មាន​បារាស​មាន​អី ដល់​ឥឡូវ​អត់​មាន​គាត់​ចេញ​មក​យក​ដែរ​ហ្នឹង»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា រាល់​សកម្មភាព​យក​ប្រាក់​ពី​ប្រជា​កសិករ​ពី​សំណាក់​បុគ្គលិក​ក្រុមហ៊ុន​ក្តី សមត្ថកិច្ច​ក្តី លោក​ចាត់​ទុក​ថា​ជា​ទង្វើ​ខុស​ច្បាប់ ពីព្រោះ​កន្លង​ទៅ រាជ​រដ្ឋាភិបាល​បាន​លុប​ចោល​នូវ​រាល់​ទម្រង់​កុងត្រូល​ជជុះ​ទាំងអស់​រួច​ទៅ​ហើយ៖ «នៅ​ត្រើយ​ខាង​កើត​ហ្នឹង​ជា​តំបន់​សេដ្ឋកិច្ច​ចេញ​ច្រើន អ៊ីចឹង​យើង​ឮ​ពី​ការ​បាញ់​បោះ ប៉ុន្តែ​ឥឡូវ​លែង​មាន​ហើយ ប៉ុន្តែ​ការ​ស្ទាក់​យក​លុយ​ឡាន​ដឹក​ឧស​ដឹក​ឈើ ដឹក​ដំឡូង គឺ​តែង​កើត​មាន»

លោក​បញ្ជាក់​ថា ប្រសិន​បើ​បញ្ហា​នេះ​នៅ​បន្ត​កើត​មាន​ឡើង​ទៀត ប្រជា​កសិករ​អាច​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​ខាង​ក្រុមហ៊ុន ពិសេស​ទៅ​មន្ត្រី​អាជ្ញាធរ​មាន​សមត្ថកិច្ច​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។