ថៃ​នៅ​តែ​ពន្យារ​ពេល​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ កន្លង​ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ហៅ​កាត់​ថា អាយ.ស៊ី.ជេ (ICJ) បាន​បកស្រាយ​សាល​ដីកា​ឆ្នាំ​១៩៦២ ដែល​ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ នៅ​ជិត​ប្រាសាទ​ព្រះវិហារ ជា​ថ្មី ក្នុង​ពេល​ដែល​ថៃ បាន​ព្យាយាម​លើក​ទ័ព​ចូល​លុក​លុយ​ទីនោះ​ម្ដង​ទៀត ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ មក​នោះ។

សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ បាន​សម្រេច​ឲ្យ​ប្រទេស​ថៃ ដក​កង​កម្លាំង​ប្រដាប់​អាវុធ ដូចជា កងទ័ព កង​នគរបាល ឬ​ឆ្មាំ​យាម​ផ្សេង​ទៀត​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ឲ្យ​អស់ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ គឺ​ប្រទេស​ថៃ នៅ​តែ​មិន​ទាន់​បាន​អនុវត្ត​ទៅ​តាម​សាល​ដីកា​នោះ​នៅ​ឡើយ​ទេ។

មន្ត្រី​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា ប្រទេស​ថៃ បាន​កែ​សម្រួល​ទៅ​លើ​ការ​ដក​កងទ័ព​ប៉ារ៉ា​ដែល​ជា​កម្លាំង​ប្រយុទ្ធ ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​ខ្លះ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ហើយ​ដោយ​ដាក់​ឲ្យ​មក​ជំនួស​វិញ​នូវ​កង​ទាហាន​ឈុត​ខ្មៅ និង​ប៉ូលិស​វិញ។

មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៃ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​គ្រប់គ្រង​កម្លាំង​ការពារ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹក។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​ធ្នូ ថា ពេល​នេះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​ស្ងប់ស្ងាត់​ហើយ និង​មាន​ភាព​ប្រសើរ​ជាង​មុន​ឆ្ងាយ ក៏ប៉ុន្តែ​ទាហាន​ថៃ នៅ​តែ​បន្ត​មាន​វត្តមាន​លើ​តំបន់​ជម្លោះ​ព្រំដែន ចាប់​តាំង​តែ​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​នេះ។ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹក បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ថៃ គ្រាន់​តែ​បាន​កែ​សម្រួល​ទាហាន​ប៉ារ៉ា​ដែល​ជា​កម្លាំង​ប្រយុទ្ធ ចេញ​ពី​តំបន់​ជម្លោះ​ខ្លះ​នៅ​មុខ​ប្រាសាទ​ព្រះវិហារ ហើយ​រក្សា​ទុក​ទាហាន​ឈុត​ខ្មៅ និង​ប៉ូលិស​ឲ្យ​មក​ជំនួស​វិញ។ ចំណែក​ភាគី​កម្ពុជា ក៏​បាន​ដក​កម្លាំង​យោធា​ទាំងអស់​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​ទុក​ប៉ូលិស​ឲ្យ​នៅ​ការពារ​ជំនួស​ដែរ៖ «ដូចជា​នៅ​តំបន់​ជម្លោះ​ព្រំដែន​វាល​ឥន្ទ្រីយ៍ ភ្នំ​ត្រប់ តា​ថាវ​អី គឺ​នៅ​ធម្មតា ការ​ទំនាក់ទំនង​គ្នា​ធម្មតា អង្គុយ​ជាមួយ​គ្នា​ធម្មតា អត់​មាន​អី​ទេ ល្អ​ទេ»

ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​កើត​មាន​រយៈពេល ៧​ឆ្នាំ​មក​ហើយ​ចាប់​តាំង​តែ​ពី​ថៃ បាន​លើក​កងទ័ព​ច្រើន​រយ​នាក់ ចូល​លុក​លុយ​ទី​វត្ត​កែវសិក្ខាគីរីស្វារៈ ជាប់​នឹង​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ មក។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ កន្លង​ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ (Hague) ប្រទេស​ហូល្លង់ដ៍ (Netherlands) បាន​បកស្រាយ​សាល​ដីកា​ឆ្នាំ​១៩៦២ ដែល​ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នេះ​ជា​ថ្មី​ម្ដង​ទៀត។ សាល​ដីកា​នេះ បាន​សម្រេច​ឲ្យ​ប្រទេស​ថៃ ដក​កង​កម្លាំង​ប្រដាប់​អាវុធ ដូចជា​កងទ័ព កង​នគរបាល ឬ​ឆ្មាំ​យាម​ផ្សេង​ទៀត ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ឲ្យ​អស់ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​ប្រទេស​ថៃ បង្ហាញ​ឲ្យ​ឃើញ​ថា បាន​អនុវត្ត​តាម​សាល​ដីកា​នោះ​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​រក្សា​ជំហរ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ។ កាល​ពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​ថៃ របស់ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បាន​សន្យា​ថា​នឹង​អនុវត្ត​ពេញលេញ​ទៅ​តាម​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ ក៏ប៉ុន្តែ​បន្តិច​ក្រោយ​មក កង​យោធា​ថៃ បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ អ្នកស្រី យីងឡាក់ ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​ថៃ បច្ចុប្បន្ន​មាន​តែ​រដ្ឋាភិបាល​អន្តរកាល មិន​អាច​អនុវត្ត​ទៅ​តាម​សាល​ដីកា​នោះ​បាន៖ «អ្វី​ដែល​អាទិភាព គឺ​យើង​ត្រូវ​ការ​សន្តិសុខ​តំបន់​ជម្លោះ​ព្រំដែន ហើយ​យើង​រក្សា​កិច្ច​សហការ​រវាង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ធានា​ស្ថិរភាព​ក្នុង​តំបន់​ហ្នឹង​សិន»

កាល​ពី​ថ្ងៃ​ទី​១៦-១៧ ខែ​តុលា ឆ្នាំ​២០១៤ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​យោធា​ថៃ ធ្លាប់​បាន​ប្ដេជ្ញា​ថា នឹង​ដោះស្រាយ​រឿង​ជម្លោះ​ព្រំដែន​ដែល​នៅ​សេសសល់ ក្នុង​ការ​សម្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​បណ្ដោយ​ព្រំដែន ព្រម​ទាំង​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ក្លាយ​ជា​ព្រំដែន​សន្តិភាព និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។