កម្មករ​រោងចក្រ​កាត់​ដេរ​ជាង​៤០​នាក់​ក្នុង​ឃុំ​ចំបក់​ខេត្ត​កំពង់ស្ពឺ​ដួល​សន្លប់

កម្មករ​កម្មការិនី​នៃ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​ឈ្មោះ សេរី ស្ថិត​ក្នុង​ឃុំ​ចំបក់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ជាង ៤០​នាក់ បាន​ដួល​សន្លប់ ដោយសារ​ធុំ​ក្លិន​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក្នុង​រោងចក្រ។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មករ​សន្លប់​ដែល​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ កញ្ញា ជួប សុខជា ថ្លែង​ថា នាង​បាន​ដឹង​ថា ខាង​រោងចក្រ​បាន​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក្នុង​រោងចក្រ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៦ ប៉ុន្តែ​នៅ​ពេល​ព្រលឹម​ថ្ងៃ​ច័ន្ទ ទី​៧ ធ្នូ ពួក​គេ​ចូល​ធ្វើ​ការ ស្រាប់​តែ​មាន​ធុំ​ក្លិន​អាក្រក់​ពិបាក​ទទួល​យក ចេញ​មក​ទ្វារ​រោងចក្រ នៅ​ពេល​ដែល​កម្មករ​ចាប់​ផ្ដើម​ចូល​បំពេញ​ការងារ។ ទន្ទឹម​នឹង​គ្នា​នោះ កម្មករ​ជាច្រើន​នាក់ រួម​ទាំង​នាង​ផង បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់៖ «ខ្ញុំ​ដឹង​ខ្លួន​ហើយ ខ្ញុំ​មក​នៅ​ផ្ទះ​វិញ​ហើយ តែ​នៅ​រាង​ហត់​ហើយ​ណែន​ទ្រូង។ គេ​បើក​កង្ហារ​ខ្យល់ ពួក​ខ្ញុំ​ទៅ​ធ្វើ​ការ​ធុំ​ក្លិន​អាក្រក់​អត់​ហ៊ាន​ចូល​ទេ ដូច​ក្លិន​អង់ទ្រីន​ម៉េច​ទេ? ឆួល ស្អុយ​ទ្រាំ​អត់​បាន​ហ្មង»

ប្រភព​កម្មករ​ឲ្យ​ដឹង​ថា កម្មករ​រងគ្រោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​គ្លីនិក​ក្បែរ​រោងចក្រ។ ថៅកែ​រោងចក្រ បាន​អនុញ្ញាត​ឲ្យ​អ្នក​សន្លប់​ឈប់​សម្រាក​រយៈពេល ៣​ថ្ងៃ។ រីឯ​កម្មករ​ណា​មិន​សន្លប់ នៅ​អង្គារ ទី​៨ ធ្នូ ពួក​គេ​នឹង​ត្រូវ​ចូល​ធ្វើ​ការ​វិញ​ធម្មតា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។