អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ការងារ និង​សំណេះសំណាល​ជាមួយ​ឆ្មាំ​កម្មករ​និង​ភ្នាក់ងារ​ព្រៃឈើ​នៅ​តំបន់​កោះ​កេរ​

សៀមរាប: ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក​បណ្ឌិត ស៊ុំ ម៉ាប់ រួម​នឹង​មន្ត្រី​ជំនាញ​មួយចំនួនទៀត នា​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ និង​សំណេះសំណាល​ជាមួយ​ឆ្មាំ​កម្មករ និង​ភ្នាក់ងារ​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​កំពុង​ប្រចាំការ​នៅ​តំបន់​អភិរក្ស​កោះ​កេរ​។​

​ក្នុងឱកាស​នេះដែរ លោក​អគ្គនាយក​ក៏បាន​ដោះស្រាយ​នូវ​សំណូមពរ និង​បញ្ហាលំបាក​មួយចំនួន ព្រមទាំង​ផ្តល់​អនុសាសន៍​សំខាន់ៗ​ដល់​ឆ្មាំ កម្មករ និង​ភ្នាក់ងារ​ព្រៃ​ទាំងអស់ ធ្វើយ៉ាងណា ដើម្បី​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយគ្នានេះដែរ លោក​អគ្គនាយក​ក៏បាន​ជូន​ថវិកា​ផ្ទាល់ខ្លួន ដល់​ភ្នាក់ងារ​ព្រៃឈើ​ចំនួន​១៨​រូប នៅ​តំបន់​កោះ​កេរ ដើម្បី​ទិញ​ស្បែកជើង​កវែង សម្រាប់​ដើរល្បាត​ក្នុងព្រៃ ការពារ​ការកាប់បំផ្លាញ​ព្រៃឈើ និង​រុករាន​ដី​ខុសច្បាប់​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​។​

​នេះ​ជា​សកម្មភាព​មួយ​ដែល​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា តែង​ធ្វើជា​ប្រចាំ ដើម្បី​តាមដាន​សកម្មភាព​ការងារ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការលើកទឹកចិត្ត ការដោះស្រាយ​ទាំង​សម្ភារៈ​និង​ស្មារតី​របស់​បុគ្គលិក​ក​ម្មករ ដែល​នៅ​ប្រចាំ​តាម​ការដ្ឋាន និង​តំបន់​ការងារ​ផ្សេងៗ​ទៀត​។​

​ប្រាសាទ​កោះ​កេរ មាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​កោះ​កេរ ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ មាន​ចម្ងាយ ៨០​គីឡូម៉ែត្រ នៅ​ភាគ​ឦសាន​អង្គរ (​បើ​គិត​តាមផ្លូវ​ធ្វើដំណើរ​សព្វថ្ងៃ​ចម្ងាយ​១២០គីឡូម៉ែត្រ​)​។ ក្រុម​ប្រាសាទ​កោះ​កេរ សង់​លើ​ផ្ទៃដី​ខ្ពង់រាប ដោយ​ព្រះបាទ​ជ័យ​វ័រ្មន​ទី​៤ (៩២៨-៩៤២)​។ ប្រាសាទ​ដែល​ធំជាងគេ អ្នកស្រុក​ហៅថា ប្រាសាទធំ មាន​កម្ពស់​ប្រមាណ ៣៥​ម៉ែត្រ ចែកចេញជា ៧ ថ្នាក់ សាង​ចប់​នៅ​គ្រឹស្តសករាជ ៩៣១ ដើម្បី​តម្កល់​លិង្គព្រះឥសូរ​មួយ​ឈ្មោះថា ត្រី​ភូ​វ​នេ​ស្វរៈ​។​

​មុន​ឆ្នាំ​២០០៥ ប្រាសាទ​នេះ​គ្រប់គ្រង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។ នៅ​ឆ្នាំ​២០០៥ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ប្រគល់​ការងារ​គ្រប់គ្រង​អភិរក្ស​តំបន់​កោះ​កេរ ដល់​អាជ្ញាធរ​ជាតិ​អប្សរា​វិញ​៕​