ស្គាល់​អត្តសញ្ញាណ​ភេរ​វករ ISIS ម្នាក់​ដែល​បាន​គំរាម​សម្លាប់​លោក វ្លា​ឌី​មៀ ពូ​ទីន​

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុនគេ​ឃើញ​មានការ​បង្ហោះ​យ៉ាង​ព្រោងព្រាត​នូវ​វីដេអូ​របស់​
សមាជិក​ក្រុម​ភេរ​វករ ISIS ម្នាក់​ដែល​កំពុងតែ​បង្ហាញ​ពី​សកម្មភាព​យ៉ាង​ឃោរឃៅ​បំផុត ដោយ​យក​កាំបិទ​មក​កាត់​ក្បាល​ទា​ហ៊ាន​រុស្ស៊ី​ម្នាក់ ហើយ​ក៏បាន​បោះពាក្យ​សម្តី​គំរាម​កាត់​ក្បាល​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន ថែម​ទៀតផង។

ថ្មីៗ​នេះ គេហៈទំព័រ DailyMail បាន​ចុះផ្សាយ​លម្អិត​អំពី​អត្តសញ្ញាណ​ពិត​របស់​ភេរវ​ករ​ដៃ​ឆៅ​រូបនោះ ដោយ​គេ​មានឈ្មោះ​ពិត​ថា សេម​លី​អាន​កា ​(Zemlyanka) មាន​អាយុ ២៨ ឆ្នាំ មាន​ដើមកំណើត​នៅក្នុង​គ្រួសារ​មួយ​ដែលមាន​ជំនឿ​ទៅលើ​សាសនា​គ្រិស្ត​នៅក្នុង​ទីក្រុង ណូ​យ៉ា​ប៊ើ​ក​(Noyabrsk) តំបន់​ស៊ី​បេ​រី​(Siberia) សហភាព​រុស្ស៊ី ។ បើតាម​ការរៀបរាប់រ​បស់​អតីត​គ្រូបង្រៀន​ម្នា​ក់នៅ​វិទ្យាល័យ​មួយកន្លែង​ក្នុង​ទីក្រុង​ណូ​យ៉ា​ប៊ើ​ក បាន​ឲ្យ​ដឹងថា សេម​លី​អាន​កា គឺជា​សិស្ស​មិនល្អ​ម្នាក់​នៅក្នុង​សាលា គេ​បាន​ទៅ​លួច​បង្កើត​សមាគមន៍​សាសនា​អ៊ី​ស្លាម​មួយកន្លែង​នៅក្នុង​តំបន់​មួយ​នៅលើ​ទឹកដី​រុស្ស៊ី ដោយបាន​ដាក់ឈ្មោះ​សមាគមន៍​នោះ​ថា អ៊ី ​ស​ខាន់​(Iskhan) ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ហាមឃាត់​ដោយ​តុលាការ​ក្នុង​តំបន់ ។

បើតាម​សម្តី​របស់​អតីត​មិត្តស្រី​សកម្មជន ISIS ខាងលើ​បាន​ឲ្យ​ដឹងថា សេម​លី​អាន​កា បាន​ចូលទៅ​ហាត់​ក្បាច់គុណ​នៅ​ក្លិប​កីឡាប្រដាល់​មួយកន្លែង​ក្នុងប្រទេស​ថៃ​អស់​រយៈពេល ២ ឆ្នាំ​មុននឹង​ចូលទៅ​រស់នៅក្នុង​ទឹកដី​ប្រទេស​ស៊ី​រី ។

​គួរ​បញ្ជាក់ថា​ក្នុងកំឡុងពេល​នេះ ភេរ​វករ ISIS ដៃ​ឆៅ សេម​លី​អាន​កា បាន​ក្លាយទៅជា​មុខសញ្ញា​ដ៏​សំខាន់​ក្នុងការ​តាម​ចាប់ខ្លួន​របស់​រុស្ស៊ី បន្ទាប់ពី​គេ​បាន​និយាយ​គំរាម​ចង់​កាត់​ក្បាល​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន ក្រោយពី​ចាប់ខ្លួន​ក្រុម​ទា​ហ៊ាន​រុស្ស៊ី​ម្នាក់​នៅលើ​ទឹកដី​ប្រទេស​ស៊ី​រី កាលពី​បុ​ន្មា​ន​ថ្ងៃមុន ។ កុសល​