បង្គួ​យ​យក្ស ១ ម៉ែត្រ​កន្លះ ធ្វើឱ្យ​ម្ចាស់ផ្ទះ​ប៊ិះ​ស្លាប់​

បុរស​ចំណាស់​ម្នាក់​កើតមាន​សេចក្តី​រន្ធត់​យ៉ាងខ្លាំងស្ទើរគាំង​បេះ​ដូង​ ​បន្ទាប់ពី​បានឃើញ​សត្វ​បង្កួយ​យក្ស​មួយ​ក្បាល​យ៉ាង​ធំ​កំពុងតែ​តោង​ឡើង​ជញ្ជាំង​ផ្នែក​ខាងមុខផ្ទះ​របស់គាត់ ។ ហេតុការណ៍​ដែល​ស្ទើរតែ​លស់​ព្រលឹង​នេះ​បានកើត​ឡើង​នៅលើ​ទឹកដី​ទីក្រុង​អាល់​ប៊ូ​រី (Albury) ក្នុង​រដ្ឋ​ញូ​សោត​វែ​ល (New South Wales) ប្រទេស​អូស្ត្រាលី នៅក្នុង​ចំណុច​ផ្ទះ​លោកតា​វ័យ ៨០ ឆ្នាំ​ម្នាក់​ឈ្មោះ អេ​រិច ហូល​លែ​ន (Eric Holland)​។

លោកតា​បាន​រៀបរាប់​ទៅកាន់​សារព័ត៌មាន ABC កាលពីពេល​ថ្មីៗ​នេះ​ថា មុនដំបូង​គាត់​បានឮ​សំឡេង​គោះ​ខ្លាំងៗ​នៅលើ​ជញ្ជាំង​ផ្នែក​ខាងមុខផ្ទះ​របស់គាត់ បន្ទាប់មកទៀត​គាត់​ក៏បាន​ដើរមក​មើល​ចង់ដឹងថា​តើ​មានរឿង​អ្វី​កើតឡើង ភ្លាមនោះ​លោកតា អេ​រិច ហូ​លែ​ន ស្ទើរតែ​គាំងបេះដូង​នៅនឹងកន្លែង​ដោយសា​តែ​គាត់​បានឃើញ​សត្វ​បង្កួយ​យក្ស​មួយ​ក្បាល​ដ៏​ធំ​សម្បើម​មាន​ប្រវែង​ប្រហែល ១ ម៉ែត្រ​កន្លះ កំពុងតែ​សម្លឹង​មក​មើលមុខ​គាត់​ទាំង​កាយវិការ​មិន​កម្រើក​ចេញពី​ជញ្ជាំង​បន្តិច​ណា​ឡើយ ។

លោកតា​បាន​និយាយ​ឲ្យ​ដឹងថា «​ខ្ញុំ​មក​រស់​នៅលើ​ទឹកដី​នេះ​អស់​រយៈពេល ១៨ ឆ្នាំ​មកហើយ គឺ​មិនដែល​បានឃើញ​មាន​សត្វ​បង្កួយ​ណា​ធំ​ដល់​ថ្នាក់​នេះឡើយ​»៕ កុសល​
​