ពលរដ្ឋ​ភូមិ​ចំការ​តែ​ត្អូញត្អែរ​ថា​ផ្លូវ​លំបាក និង​ខ្វះ​អគ្គិសនី​ប្រើប្រាស់

ខេត្តមណ្ឌលគិរី ៖ ពលរដ្ឋ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ បាន​ត្អូញត្អែរ​ថា ផ្លូវ​ចូល​ទៅ​កាន់​ផ្ទះ​ក្នុងភូមិ របស់​ពួក​គាត់​មានការ​លំបាក​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ​ព្រម​ទាំង​ខ្វះ​អគ្គិសនី​ប្រើ​ប្រាស់​ទៀត​ផង ។ ផ្លូវ​សម្រាប់​ចូល​ភូមិ​មាន​២​ខ្សែ​គឺ មួយ​ខ្សែ​ជា​ផ្លូវ​ចូល​ទៅ​កាន់​ដី​ឡូត៍​ចំការ​តែ និង​មួយ​ខ្សែ​ទៀត​ជា​ផ្លូវ​ទៅ​កាន់​ផ្ទះសំណាក់ នេ​ត​ឆ័​រឡ​ច់ ស្ថិត​ក្នុងភូមិ​ចំការតែ​ដូច​គ្នា ។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពេល​ភ្លៀង​ម្តង​ៗ ផ្លូវ​ទាំង​២​ខ្សែ​នេះ​មាន​សភាព​រអិល ទឹក​ដក់ ជង្ហុក​ធំ​ៗ ពេល​ខ្លះ​ពួក​គាត់​ត្រូវធ្វើ​ដំណើ​វាង​ផ្លូវ​ទើប​អាច​ទៅ​រួច ។ កូន​ៗ​របស់​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​រៀន​មិនកើត​ទេ​ពេល​មាន​ភ្លៀង​ម្តង​ៗ ។

ក្រៅពី​ផ្លូវ​លំបាក​ហើយ ពួក​គាត់​នៅ​ខ្វះ​អគ្គិស​នី​ប្រើប្រាស់​ទៀត​ផង​សម្រាប់​ផ្លូវ​ចូល​ទៅ​កាន់​ដី​ឡូត៍​ចំការ​តែ ។ ពួក​គាត់​បញ្ជាក់​ថា អគ្គិសនី​ត​បណ្តាញ​ទៅ​កាន់តែ​កន្លែង​មាន​មនុស្ស​រស់នៅ​ច្រើន មាន​ផ្លូវ​ស្រួល មានផ្ទះ​អ្នកធំ​នៅ តែ​បែរជា​មើល​រំលង​ពួក​គាត់​ចំនួន​២០​គ្រួសារ​កំពុង​រស់នៅ​ទី​ងងឹត ដុត​ទៀន ដុត​ចង្កៀង បំភ្លឺ​ទៅ​វិញ ដូច្នេះ​ហើយ​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​សម្រួល​ដល់​ពួក​គាត់​ផង ។

ពាក់ព័ន្ធ​ក្នុង​រឿង​ផ្លូវ​លំបាក​នេះ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី លោក ម៉ៅ ធនា​រក្ស បាន​បកស្រាយ​ក្នុង​វេទិកាសាធារណៈ​ថ្នាក់​ខេត្ត​ថា មិនមែន​អាជ្ញាធរ​មើល​មិនឃើញ ឬ​មិន​ជួយ​នោះ​ទេ ផ្លូវ​នៅ​ទីនោះ​លោក​បាន​ដាក់​សំណើ​ទៅ​ក្រសួង​ច្រើន​ដង​ហើយ តែ​លោក​មិន​ទាន់​បាន​ទទួល​គម្រោង​ឲ្យ​ធ្វើ ។ លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ផ្លូវ​នោះ​លោក​បាន​ដាក់​សំណើ​៣​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ឆ្នាំ​២០១៦​នេះ​លោក​ក៏​បាន​ដាក់​សំណើ​ទៅ​រួចរាល់​ហើយ​ដែរ រង់​ចាំតែ​ការ​សម្រេច​ពី​ក្រសួង​តែ​ប៉ុណ្ណោះ ដើម្បី​អភិវឌ្ឍន៍ ។ ចំពោះ​ផ្លូវ​ដែល​មិន​ទាន់​បាន​ទទួល​គម្រោង​អភិវឌ្ឍន៍​នោះ លោក​ក៏​បាន​សូម​អធ្យា​ស្រ័យ​ពី​ប្រជាពលរដ្ឋ​វិញ​ផង​ដែរ ព្រោះ​ការ​អភិវឌ្ឍន៍​ផ្លូវ​មិនមែន​ស្នើ​ភ្លាម​បាន​ទទួល​ភ្លាម​នោះ​ទេ គឺ​ធ្វើ​នៅ​តាម​តំបន់​ជា​អាទិភាព​មុន​សិន ទើប​សម្រួល​នៅ​តំបន់​បន្ទាប់បន្សំ​ជា​ក្រោយ ។

ចំណែក​ផ្នែក​បណ្តាញអគ្គិសនី ត្រូវ​បាន​មន្ត្រី​អគ្គិសនី​ឲ្យ​ដឹង​ថា នឹង​លើក​គម្រោង​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ហើយ ហើយ​ការ​អភិវឌ្ឍន៍​បណ្តាញ​អគ្គិសនី​នេះ មន្ត្រី​អគ្គិសនី​បញ្ជាក់​ថា ត្រូវធ្វើ​ឡើង​តាម​លំដាប់​ពី​ធំ​ទៅ​តូច ពោល​គឺ​រាប់​ពី​តំបន់​ដែល​មាន​មនុស្ស​ច្រើន​ទៅ​តំបន់​មាន​មនុស្ស​តិច ដូច​ច្នេះ​កន្លែង​មាន​មនុស្ស​តិច អគ្គិសនី​នឹង​ទៅ​ដល់​ក្រោយ​គេ ដោយហេតុ​នេះ​សូម​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​ផង ៕