ភ្នំភ្លើង អាសូ របស់ជប៉ុន ផ្ទុះជះកម្អែលផេះ ពាសពេញផ្ទៃមេឃ

តូក្យូ៖ ភ្នំភ្លើងសកម្ម របស់ជប៉ុនមួយ ឈ្មោះ អាសូ ដែលស្ថិតនៅក្នុងខេត្ត គូម៉ាម៉ូតុ ភាគនិរតី ប្រទេសជប៉ុន នោះ បានផ្ទុះឡើង ក្នុងកម្រិតមធ្យម នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ ២០១៥ នេះ ប៉ុន្តែផ្នែកឧតុនិយមជប៉ុន បានលើកឡើងថា វាទំនងជាមិនអាចបង្ក ការគម្រាមកំហែង ណា មួយដល់សន្តិសុខ ក្នុងតំបន់នោះឡើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ភ្នំភ្លើងអាសូ ធ្លាប់បានផ្ទុះម្តងដែរ កាលពី ថ្ងៃទី២៣ ខែតុលា កន្លងទៅ ប៉ុន្តែលើកនេះ វាបានផ្ទុះ នឹងជះកម្អែលផេះ កម្ពស់ជាង ៧០០ ម៉ែត្រ ទៅលើផ្ទៃមេឃ។ ភ្នំភ្លើងអាសូ ត្រូវ បានចាត់ទុកជាភ្នំភ្លើងសកម្ម និង ធំមួយ របស់ជប៉ុន ដែលមានកម្ពស់រហូតដល់ទៅ ១.៥៩២ ម៉ែត្រឯណោះពីនីវ៉ូ ទឹកសមុទ្រ។

ចំពោះភ្នំភ្លើងដ៏ធំនេះ បានកកើតឡើង បន្ទាប់ពីការផ្ទុះដ៏ធំមួយ នៃភ្នំភ្លើងចាស់កាលពី សម័យ មុន ដែលបណ្តាលឲ្យ ភ្នំភ្លើង នៅកាលណោះរលំចុះមក  និងបង្កើតបានជាជួរភ្នំថ្មីមួយទៀត ស្ថិតនៅភាគនិរតី ប្រទេស ដែលមានទីតាំង នៅក្នុងប្រជុំកោះ គ្យូស៊ូ តែម្តង។ ប្រទេសជប៉ុន គឺជាដែនដីកោះថ្មី ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹងទទួល រងដោយសារ គ្រោះធម្មជាតិធំៗ ដូចជាព្យុះ, រញ្ជួយផែនដី, និង បន្ទុះភ្នំភ្លើង ជាដើម៕

ភ្នំភ្លើង អាសូ របស់ជប៉ុន ផ្ទុះជះកម្អែលផេះ ពាសពេញផ្ទៃមេឃ