កិច្ចប្រជុំស្តីពីការ ប្រែប្រួលអាកាសធាតុ ឈានដល់សប្ដាហ៍ ចុងក្រោយ តែបញ្ហាជាច្រើន មិនទាន់ដោះស្រាយរួច

ប៉ារីស៖ កិច្ចប្រជុំរបស់អង្គការ សហប្រជាជាតិស្ដីពី បញ្ហាប្រែប្រួលអាកាសធាតុ នៅព្រឹកថ្ងៃចន្ទ នេះ បានឈានដល់ សប្ដាហ៍ចុងក្រោយហើយ ជាមួយនឹងការជួបជុំគ្នា របស់សមាជិករដ្ឋ មន្រ្តីនៅក្នុងទីក្រុងប៉ារីស ដើម្បីធ្វើការ ដោះស្រាយ បញ្ហាជាច្រើន រួមទាំងដំណោះស្រាយ ស្ដីពីបញ្ហានៃការប្រែប្រួល អាកាសធាតុជាសកល ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា នៅក្នុងមូលដ្ឋាននៃ កិច្ចចរចារបស់ សមាជិករដ្ឋមន្រ្តីទាំងអស់ កំពុងយកចិត្តទុកដាក់លើ សេចក្ដីព្រាង ដែលនឹងត្រូវអនុម័ត ដោយមតិ រួមក្នុងកិច្ចប្រជុំការងារកាលពីថ្ងៃសៅរិ៍សប្ដាហ៍មុន ប៉ុន្តែសេចក្តីព្រាងនោះ ពោរពេញទៅដោយចំណុចជាច្រើន ដែល ពិបាកក្នុងការស្រេចចិត្ត ជាកត្តាធ្វើឲ្យការចរចាពីរសប្តាហ៍កន្លងទៅ មានការលំបាកឈានដល់កិច្ចព្រមព្រៀង។

គួរបញ្ជាក់ផងដែរថា សមាជិគណៈរដ្ឋមន្រ្តីទាំងអស់ បានជួបប្រជុំគ្នាក្រៅផ្លូវការ រួចជាស្រេច ហើយ កាលពីរសៀល ថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីដោះស្រាយរាល់បញ្ហាចម្បង ដូចជា បញ្ហាហិរញ្ញវត្ថុ និងជំនួយផ្នែកបច្ចេកវិទ្យាដល់ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំង គោលការ រយៈពេលវែង សម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ ជាមួយ គ្នានេះដែរ រដ្ឋមន្រ្តីក្រសួង ការបរទេសបារាំង ដែលជាអ្នកដឹកនាំក្នុងកិច្ចប្រជុំនេះ បានអំពាវនាវឲ្យសមាជិកទាំងអស់ ចាប់ផ្ដើមអនុវត្តន៍ឲ្យបានឆាប់រហ័ស៕

កិច្ចប្រជុំស្តីពីការ ប្រែប្រួលអាកាសធាតុ ឈានដល់សប្ដាហ៍ ចុងក្រោយ តែបញ្ហាជាច្រើន មិនទាន់ដោះស្រាយរួច