សម្តេច ហ៊ុន សែន ជួប​ជាមួយ​ប្រតិភូ​មិត្តភាព​ជប៉ុន​-​កម្ពុជា និយាយ​ពី​ការបង្កើត​ជើងហោះហើរ​ត្រង់​ពី​ជប៉ុន មក​កម្ពុជា​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជួប​ប្រតិភូ​មិត្តភាព​ជប៉ុន​កម្ពុជា ដឹកនាំ​ដោយ​លោក ម៉ាស្សា ហិ​រ៉ុ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥​។ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នោះ សម្តេច​តេ​ជោ និង​ប្រតិភូ​មិត្តភាព​ជប៉ុន​កម្ពុជា បាន​ជជែក​ពិភាក្សា​ការងារ ក្នុងនោះ ក៏មាន​ការលើកឡើង​ពី​ការបង្កើត​ជើងហោះហើរ​ត្រង់​ពី​ជប៉ុន មកកាន់​កម្ពុជា ផងដែរ​។​

​ដំណើរ​ទស្សនៈកិច្ច​រប​ស់​ប្រតិភូ​មិត្តភាព​ជប៉ុន កម្ពុជា មកកាន់​កម្ពុជា នៅពេលនេះ គឺ​ដើម្បី​ចូលរួម​ខួប ៥០​ឆ្នាំ នៃ​ក្រុម​ស្ម​គ្រ​ចិត្ត​យុវជន​ជប៉ុន សម្រាប់​ប្រតិបត្តិការ​ក្រៅប្រទេស​។​

​ក្នុង​កិច្ចប្រជុំ​នោះ ប្រធាន​ប្រតិភូ​មិត្តភាព​ជប៉ុន​កម្ពុជា លើកឡើងថា បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​គាំពារ​អ្នកវិនិយោគ កន្លងមក បានរួម​ចំណែក​ជំរុញ និង​ទាក់ទាញ​អ្នកវិនិយោគ និង​អ្នក​ភ្ញៀវទេសចរ​ជប៉ុន បន្ត​ចូលមក​កាន់​កម្ពុជា មាន​ចំនួន​កើនឡើង គួរ​ឲ្យ​កត់សម្គាល់​។ លោក​ប្រធាន​ប្រតិភូ នឹង​ជំរុញ​ឲ្យ​សភា​ជប៉ុន​អនុម័ត​ឲ្យ​មានការ​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា ដើម្បី​ជាការ​គាំទ្រ​ដល់​ការកើនឡើង​នៃ​ចំនួន​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ជប៉ុន​មកកាន់​កម្ពុជា​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា បន្ថែម​ពីលើ​ទិវា​ខួប ៥០​ឆ្នាំ នៃ​ក្រុម​ស្ម័គ្រចិត្ត​យុវជន​ជប៉ុន សម្រាប់​ប្រតិបត្តិការ​ក្រៅប្រទេស​នេះ គួរ​មាន​សកម្មភាព​ផ្សេងៗ​បន្ថែមទៀត លើ​សកម្មភាព ដែលមាន​ស្រាប់ ដូចជា កម្មវិធី​នាវា​យុវជន​អាស៊ាន​ជប៉ុន ជាដើម ដោយ​សកម្មភាព​នេះ បាន​ជំរុញ​សកម្មភាព​រវាង​ប្រជាជន និង​ប្រជាជន ជាពិសេស​រវាង​យុវជន និង​យុវជន​។

​សម្តេច ហ៊ុនសែន ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា ជាក់ស្តែង​ដូចជា​ការតភ្ជាប់​ច្រករបៀង​ខាងត្បូង តាមរយៈ​ស្ពាន​តឹ​បា​ហ្សា នឹង​បន្ត​ក្នុង​គម្រោង​បន្ថែមទៀត នៅ​ខេត្តកោះកុង និង​ប្រទេស​ថៃ ហើយ​អ្វីដែល​សម្តេច កំពុង​រង់ចាំ​បំផុត​នោះ គឺ​ការហោះហើរ​ត្រង់ ពី​ជប៉ុន​មកកាន់​កម្ពុជា​៕​