៣ នាក់ ស្លាប់ និង​ជាង ៣០ នាក់​ផ្សេងទៀត កំពុង​សង្គ្រោះ ដោយសារ​ពុល​សាច់សត្វ​ឆ្កែ នៅស្រុកស្នួល ខេត្តក្រចេះ

ខេត្តក្រចេះ: យ៉ាងហោចណាស់ មាន​អ្នកភូមិ​ចំនួន ៣​នាក់ បាន​ស្លាប់ ជា​បន្តបន្ទាប់ រីឯ​ជាង ៣០ នាក់​ផ្សេងទៀត កំពុងតែ​ស្ថិតក្នុង​ការសង្គ្រោះ​។ មូលហេតុ ដោយសារតែ​ការពុល​សាច់សត្វ​ឆ្កែ បន្ទាប់ពី​អ្នកភូមិ​ទាំងនោះ បាន​ទទួលទាន​សាច់សត្វ​ឆ្កែ ដែល​ត្រូវបាន​គេ​បំពុល​ឲ្យ​ស្លាប់ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥​។​

​ហេតុការណ៍ ពុល​សាច់​ឆ្កែ​ស្លាប់ និង​ដេកពេទ្យ​នោះ បានកើត​ឡើង នៅក្នុង​ភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​៦ និង​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥​។​

​អាជ្ញាធរ​ស្រុក​ស្នួល បាន​ឲ្យ​ដឹងថា អ្នកស្លាប់ និង​អ្នករងគ្រោះ​ទាំងនោះ បាន​កើតឡើង​ក្រោយពី​ពួកគាត់ បានទទួល​ទាន​សាច់​ឆ្កែ​មួយ​ក្បាល ដែល​គេ​បំពុល​ឲ្យ​ងាប់​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៦ ខែធ្នូ មាន​សត្វ​ឆ្កែ​មួយ​ក្បាល ត្រូវគេ​បំពុល​ឲ្យ​ងាប់​នៅ​វាល​ស្រែ​ខាងក្រោយ​ភូមិ​។ បន្ទាប់មក មាន​បុរស​អ្នកភូមិ​ម្នាក់ បាន​សុំ​ចែក​ទិញ​ឆ្កែ​នោះ ក្នុង​តម្លៃ ៣៥.០០០ រៀល​។ បុរសរងគ្រោះ​នោះ បាន​យក​សត្វ​ឆ្កែ​មួយ​ក្បាល​នោះ មក​ផ្ទះ ដើម្បី​ធ្វើ​ម្ហូប​ទទួលទាន​។ ក្រោយពី​ទទួលទាន​រួច នៅ​ល្ងាច​ថ្ងៃទី​៦​ធ្នូ បុរស​រូបនោះ ក៏បាន​ស្លាប់​។ ការស្លាប់​របស់​បុរស​រងគ្រោះ​នោះ គេ​មិនដឹងថា បណ្តាលមកពី​ពុល​សាច់​ឆ្កែ​នោះទេ​។​

​ក្រោយពី​បុរស​រូបនោះ ស្លាប់ អ្នកភូមិ​ក្នុងភូមិ​ជាច្រើន​នាក់ បាន​ទៅ​ចូលរួម​កំដរ​បុណ្យ​សព​បុរស​នោះ ហើយ​កាលពី​យប់​ថ្ងៃទី​៦ ខែធ្នូ ស្ត្រី​ជា​អ្នកជិតខាង​ម្នាក់ បាន​យក​សាច់​ឆ្កែ ដែល​នៅសល់​ពី​ជនរងគ្រោះ ទៅធ្វើ​ម្ហូប​ទទួល​អ្នក​មក​កំដរ​បុណ្យ​។ ក្រោយពី​ទទួល​ទាន​សាច់​ឆ្កែ​នោះ​រួច នៅ​ថ្ងៃទី​៧ ខែធ្នូ ក៏មាន​ស្ត្រី ២ នាក់​ទៀត បាន​ស្លាប់​ជា​បន្តបន្ទាប់​។ រីឯ​មនុស្ស​ជាង ៣០ នាក់​ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ស្រុក​ស្នួល​។

ប៉ូលិស បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ ដែល​ស្លាប់​ទាំងបី​នាក់​នោះ រួម​មាន​​៖ ១-​ឈ្មោះ ជា រ៉េត ភេទ​ ប្រុស អាយុ ៧៦ ឆ្នាំ​។ ២-​ឈ្មោះ ប្រឹង សារ៉ន ភេទ​ស្រី អាយុ ៣៥ ឆ្នាំ និង​៣-​ឈ្មោះ ប៊ិន ឡៃ​គេង ភេទ​ស្រី អាយុ ៥៧ ឆ្នាំ​។ 

​ចំណែក​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ត្រូវ​សង្គ្រោះបន្ទាន់​នោះ មានឈ្មោះ លិ​ន ឈាង ភេទ​ប្រុស អាយុ ៦៥ ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ មាន​សភាព​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូន​បន្តទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ ខេត្តក្រចេះ​៕