នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ក្រុម​យុវជន​ឆក់​កាបូប​ជនបរទេស​បាន​៤​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ចោរកម្ម (​ឆក់​កាបូប​ជនបរទេស​) កាលពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៥ នៅ​ក្រុម​ទី​៣ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយ​អំពើ​ចោរកម្ម​នេះ​ឈ្មោះ CHEBATA BEVH ភេទ​ស្រី អាយុ៤៦​ឆ្នាំ ជា​អ្នក​ទេសចរណ៍ ជនជាតិ​រុ​ស្សី កាន់​លិខិត​ឆ្លងដែន​លេខ 752274558 រីឯ​សម្ភារ​ដែល​បាត់បង់​រួម​មាន កាបូបស្ពាយ​១, លិខិតឆ្លងដែន​១, ទូរស័ព្ទ​ដៃ​១​គ្រឿង​, លុយ EURO ១៥០០ និង​លុយ​ខ្មែរ ៤០០០០​រៀល ។

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ឈាង ផា​ន់​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជន​ដៃដល់​, ២-​ឈ្មោះ ម៉ៃ ពិសី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ធ្លាប់​ជាប់ពន្ធ​ធានា​គារ​ចំនួន​២​លើក​ពី​បទ​លួច និង​ប្លន់ ជា​អ្នក​ទទួលផល​ចោរកម្ម​, ៣-​ឈ្មោះ យូ វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​ទទួលផល​ចោរកម្ម និង ៤-​ឈ្មោះ ធុ​ល គឹ​ម​សាន្ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​អ្នក​ទទួលផល​ចោរកម្ម ។ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ដៃដល់ បាន​រត់គេច​ខ្លួន​បាត់ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​តាម​ចាប់ ។

ក្រោយ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន កាបូបស្ពាយ​១, លិខិតឆ្លងដែន​១, ទូរស័ព្ទ​ដៃ​១​គ្រឿង​, ម៉ូតូ​៣​គ្រឿង ជា​មធ្យោបាយ​សម្រាប់​ធ្វើ​សកម្មភាព​ និង​ដាវ​សា​ម៉ូ​រ៉ៃ​១ ។

ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​សម្ភារៈ​ដែល​ជា​របស់​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​រួចរាល់​អស់ហើយ ៕