បារាំង៖ជោគជ័យ​ជា​ប្រវត្តិសាស្រ្ត​របស់​គណបក្ស​ Front national នា​ការ​បោះឆ្នោត​តំបន់​ជុំ​ទី១

នៅ​ក្នុង​ប្រទេស​បារាំង លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​តំបន់​សម្រាប់​ជុំទី១ នា​ថ្ងៃ​អាទិត្យ ទី៦ ធ្នូ​បាន​ផ្តល់​ជោគជ័យ​ធំធេង​ដល់​គណបក្ស​ស្តាំនិយមជ្រុល Front national របស់​លោកស្រី​ម៉ារីន ឡឺពែន​ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន ២៨,៤២% ពោល​នៅ​ពី​មុខ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​នីកូឡា សាកូហ្ស៊ី​ដែល​ទទួល​បាន ២៦,៨៥% និង​គណបក្ស​សង្គមនិយម​កំពុង​កាន់អំណាច​សព្វថ្ងៃ​ដែល​ទទួល​បាន​តែ ២៣,៤៧%។ អត្រា​អ្នក​ចូលរួម​បោះឆ្នោត​មាន​ដល់​ទៅ ៤៨% ពោល​ច្រើន​ជាង​ការ​បោះឆ្នោត​តំបន់​ក្នុង​ឆ្នាំ ២០១០ ដែល​មាន​តែ ៤២,៥%។ យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់ចាំ​អុត​មើល​លទ្ធផល​ផ្តាច់ព្រ័ត្រ​នា​ការ​បោះឆ្នោត​ជុំទី២ នៅ​ថ្ងៃ​អាទិត្យ ទី១៣ ធ្នូ​ចុង​សប្តាហ៍​នេះ។