ការធ្វើ​ម៉ាស្សា​បាតជើង​រាល់​ល្ងាច​មុន​ពេល​ចូល​គេង​ធ្វើឱ្យ​មាន​សុខភាព​ល្អ​

ការធ្វើ​ម៉ាស្សា​បាតជើង​រាល់​ល្ងាច​មុន​ពេល​ចូល​គេង​ធ្វើឱ្យ​មាន​សុខភាព​ល្អ​

​បើ​តាម​វេជ្ជសាស្ត្រ​បុរាណ​របស់​ចិន ចំណុច​នីមួយៗ​របស់​បាតជើង​សុទ្ធតែ​ត​ភ្ជាប់​តាម​សរសៃប្រសាទ​ទៅ​នឹង​គ្រប់​សរីរាង្គ​ទាំងអស់​នៃ​រាងកាយ​។ ដោយហេតុនេះ ការធ្វើ​ម៉ាស្សា​បាតជើង​ធ្វើឱ្យមាន​សុខភាព​ល្អ ជាពិសេស​គឺ​ម៉ាស្សា​នៅ​ពេល​ល្ងាច​មុនពេល​ចូល​គេង​។​

​អត្ថប្រយោជន៍​នៃ​ការ​ម៉ាស្សា​ជាទូទៅ​
ម៉ាស្សា​គឺជា​វិធី​ព្យាបាល​មួយ​ដែល​គេ​បាន​អនុវត្ត​តាំងតែ​ពី​បុរាណសម័យ​មកម្ល៉េះ ហើយ​ដែល​គេ​ទទួលស្គាល់​ថា​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​រលាក​។
​ពួក​អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ University of McMaster នៅ Hamilton បាន​ធ្វើ​ការសិក្សា​លើ​កីឡាករ​១១​នាក់ ដែល​ជិះ​កង់​នៅ​នឹង​មួយកន្លែង​ចំនួន​៧០​នាទី​។ បន្ទាប់មក កីឡាករ​ម្នាក់ៗ​ច្របាច់     ម៉ាស្សា​បាតជើង​រៀងៗ​ខ្លួន​។ គេ​បាន​សង្កេតឃើញថា ការធ្វើ​ម៉ាស្សា​មាន​លទ្ធផល​ល្អ​ដូចជា​ការប្រើ​ឱ  សថ​ព្យាបាល​បំបាត់​ការឈឺចាប់​ដូច្នោះ​ដែរ​។​

តាមពិតទៅ ការ​ច្របាច់​ទៅលើ​ស្បែក​ក្នុង​ពេល​ធ្វើ​ម៉ាស្សា​បាន​ភ្ញោ​ចចុងសរសៃប្រសាទ​ដែល​ស្ថិតនៅ​លើ​ភ្នាស​របស់​កោសិកា ធ្វើឱ្យ​មាន​ការបញ្ចេញ​ប្រូតេអ៊ីន​ដែល​អាច​បន្សាប​ដំណើរការ​រលាក​បាន​។ នាង Isabelle Barat សាស្ត្រាចារ្យ​ខាង​ផ្នែក​ការសិក្សា​ពី​រេផ្លិច​(Reflexology) បាន​និយាយថា ក្រៅតែពី​បំបាត់​ការឈឺចាប់ ការធ្វើ​ម៉ាស្សា​ក៏​អាច​ជួយ​បំបាត់​កាត​តានតឹង​ខាង​ផ្លូវ​ចិត្ត​ផង​ដែរ​។

ជាក់ស្តែង​គឺ​ម៉ាស្សា​ធ្វើឱ្យ​៖
-​    ​រាងកាយ​មាន​កម្លាំង​
-​    ​ស្បែក​ទន់ល្មើយ​
-​    ​ការតានតឹង​ធូរស្រាល​
-​    ​សាច់ដុំ​ទន់ភ្លន់​
-​    ​បាត់​ឈឺពោះ​
-​    ​បាត់​ឈឺក្បាល ជើង និង​ខ្នង​។​

អត្ថប្រយោជន៍​នៃ​ការ​ម៉ាស្សា​បាត​ជើង​
ការ​ម៉ាស្សា​បាតជើង​ល្អ​ខ្លាំងណាស់​ចំពោះ​រាងកាយ​។ ការព្យាបាល​តាម​វេជ្ជសាស្ត្រ​បុរាណ​ចិន​នេះ​អាច​ជួយ​ធ្វើឱ្យ​ការតានតឹង​បាន​ធូរស្រាល ហើយ​និង​បង្ការ​បញ្ហា​ផ្សេងៗ ផងដែរ​។​

តាម​ក្បួន​បុរាណ​មួយ​នេះ ចំណុច​នីមួយៗ​របស់​បាតជើង​ត្រូវបាន​ត​ភ្ជាប់​តាម​សរសៃប្រសាទ​ប្រមាណ​ជា​៧,២០០ ទៅ​នឹង​គ្រប់​សរីរាង្គ​ទាំងអស់​នៃ​រាងកាយ​។ ម៉ាស្សា​បាតជើង​អាច​ធ្វើឱ្យ​បាត់​ការឈឺចាប់​ក្នុង​សន្លាក់ នៅ​ខ្នង នៅ​ក្បាល បាត់​ស្ត្រេ​ស បញ្ហា​ក្នុង​ការរំលាយ​អាហារ​។​ល​។​
​ដោយហេតុនេះ អ្នក​គួរតែ​ធ្វើ​ម៉ាស្សា​បាតជើង​មុនពេល​ចូល​គេង​ឱ្យ​បាន​ពី​១០​ទៅ​១៥​នាទី​សិន​ទៅ នោះ​វា​នឹង​ធ្វើឱ្យ​អ្នក​គេង​លក់​ស្រួល​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។